ភ្នំពេញ – នៅចុងសប្តាហ៍នេះ ពោលគឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើម ។ ខណៈវេលានេះ អត្តពលិកទាំងអស់បាន និងកំពុងផ្តោតទាំងកាយទាំងចិត្ត ស្មារតី ក្នុងការហ្វឹកហាត់តាមវិញ្ញាសារនីមួយៗ ក៏ដូចជាត្រៀមខ្លួនគ្រប់ជ្រុងជ្រោយក្នុងការសម្រេចឱ្យបាននូវជោគជ័យជាសមិទ្ធផលថ្មីបន្ថែមជូនជាតិមាតុភូមិ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា អាស៊ានប៉ារ៉ាហ្គេម ក្រៅពីរឿងឈ្នះចាញ់ ក៏ជាឱកាសដែលធ្វើឱ្យអត្តពលិកដែលមានពិការភាព មានអារម្មណ៍ថា ពួកគាត់ធម្មតា ដូចគេដូចឯង។ ឯកឧត្តមបន្តថា អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តពីពួកយើង។

“ពួកគាត់ចង់ឱ្យយើងចូលរួម និងស្វែងយល់ពីពួកគាត់ ហើយអាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសសម្រាប់ពួកគាត់ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់”
ឯកឧត្តម ហ៊ុន ម៉ានី
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើការអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តចូលរួមផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនី ជាអត្តពលិករបស់យើង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំនៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍កីឡាមួយនេះ មានប្រភេទកីឡាចំនួន១៤ រួមមាន អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡា E-Sport៕































