រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៥ មីនា បានសម្រេចផ្តល់ជំនួយឥតសំណងប្រមាណ ៤៩ម៉ឺនដុល្លារ សម្រាប់គម្រោង “កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅជនបទក្នុងប្រទេសកម្ពុជា”។
អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅជប៉ុន ក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ដែលអនុវត្តគម្រោងនេះ ឱ្យដឹងថា គម្រោងនេះនឹងផ្តោតសំខាន់ទៅលើ ការពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការអនុវត្តជាចម្បងនូវកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តមេរៀនបន្ថែមដោយផ្អែក លើការវាយតម្លៃការសិក្សា។
ជាមួយគ្នា គម្រោងក៏គាំទ្រដល់ការកែលម្អបរិយាកាសសិក្សា តាមរយៈ ការជួសជុល និងរៀបចំសម្ភារៈបរិក្ខារថ្មីៗ ការផ្តល់ឧបករណ៍សិក្សា និងធនធានបង្រៀនផ្នែកឌីជីថលផងដែរ។ តាមរយៈគម្រោងនេះ គេរំពឹងថា នឹងបង្កើតឱកាសកាន់តែប្រសើរសម្រាប់កុមារគ្រប់រូបក្នុងការរៀនសូត្រ រីកចម្រើន និងឆ្ពោះទៅរកសក្តានុពលពេញលេញរបស់ពួកគេ។

ជាមួយគ្នាស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ក៏បានសម្តែងក្តីសង្ឃឹមដែរថា ជំនួយឥតសំណងនេះ នឹងជួយលើកកម្ពស់សុវត្ថិភាព និងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង ក៏ដូចជាលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕





























