ដើម្បីលើកកម្ពស់វិស័យអំណាន និងផ្តល់ភាពងាយស្រួល រហ័សក្នុងការទិញលក់សៀវភៅនៅកម្ពុជា សមាគមអ្នកបោះពុម្ពផ្សាយ បានកំពុងអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃមួយដែលមានឈ្មោះថា CBPA-Bookmarket។ កម្មវិធីទូរស័ព្ទថ្មីនេះ ត្រូវគេរំពឹងថា នឹងផ្ដល់ភាពងាយស្រួលដល់អ្នកនិពន្ធក្នុងការដាក់បង្ហាញសៀវភៅ ក៏ដូចជាអ្នកអានងាយស្រួលក្នុងការស្វែងរកសៀវភៅដ៏សម្បូរបែបនៅទីនោះ។
លោក សុខ ឫទ្ធី ប្រធានសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា មានប្រសាសន៍ថា កម្មវិធី CBPA-Bookmarket ត្រូវបានបង្កើតឡើង ដោយមានគោលបំណងឱ្យអ្នកលក់ ក៏ដូចជាអ្នកនិពន្ធអាចបញ្ចូលព័ត៌មានសៀវភៅ រូបភាពគម្រប និងចំណងជើងទៅក្នុងប្រព័ន្ធតែមួយ ដើម្បីឱ្យអ្នកអានងាយស្រួលស្វែងរក និងទិញតាមតម្រូវការ។
បើតាមប្រធានសមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជារូបនេះថា បច្ចុប្បន្នកម្មវិធី CBPA-Bookmarket កំពុងដាក់ឱ្យប្រើប្រាស់សាកល្បងសម្រាប់សមាជិកសមាគម ដែលរួមមានទាំងអ្នកលក់ អ្នកបោះពុម្ពផ្សាយ និងអ្នកនិពន្ធ។ លោក សុខ ឫទ្ធី បន្តថា នៅក្នុងកម្មវិធីនេះ អ្នកលក់អាចចុះឈ្មោះជាម្ចាស់ក្រុមហ៊ុន ឬម្ចាស់តូបលក់សៀវភៅ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ខណៈដែលអ្នកទិញអាចស្វែងរកប្រភេទសៀវភៅជាច្រើនដូចជា សៀវភៅប្រលោមលោក ឬសៀវភៅអប់រំជាដើម។
ដោយឡែកសម្រាប់ការទូទាត់តម្លៃ និងវិធីដឹកជញ្ជូនវិញ បើតាមលោក សុខ ឬទ្ធី គឺអាស្រ័យលើការចរចារ និងការរៀបចំផ្ទាល់រវាងអ្នកលក់ និងអ្នកទិញ។ លោកថា សមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា គ្រាន់តែជាអ្នករៀបចំប្រព័ន្ធឌីជីថលនេះ ដើម្បីសម្រួលដល់សាធារណៈជនប៉ុណ្ណោះ ដោយមិនចូលរួមគ្រប់គ្រងការទិញលក់ផ្ទាល់នោះទេ។
ប្រសិនបើកម្មវិធី CBPA-Bookmarket នេះ ដំណើរការសាកល្បងទទួលបានលទ្ធផលល្អ សមាគមអ្នកបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា គ្រោងនឹងផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។
យ៉ាងណាក៏ដោយ លោក សុខ ឫទ្ធី សង្ឃឹមថា កម្មវិធី CBPA-Bookmarket នឹងទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកលក់ និងអ្នកទិញ ដែលវានឹងបង្ហាញឱ្យឃើញពីភាពសម្បូរបែបនៃទីផ្សារសៀវភៅនៅកម្ពុជា និងជួយសម្រួលដល់អ្នកទិញឱ្យចំណេញពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរទៅរកទិញដល់ទីកន្លែងផ្ទាល់ដូចមុនឡើយ៕































