ក្នុងជំនួបពិភាក្សាជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ស្តីពី ក្របខ័ណ្ឌសមត្ថភាពបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ នៅទីស្តីការក្រសួង កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីអភិវឌ្ឍវិស័យអប់រំ និងបញ្ញាសិប្បនិម្មិត(AI) ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាពឌីជីថល ដូចជាការបង្កើតខ្លឹមសារមេរៀនឱ្យមានភាពទាក់ទាញ និងគុណភាពក្នុងរយៈពេលខ្លីជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្ថែមថា ចក្ខុវិស័យរបស់ក្រសួងអប់រំ ក្នុងការប្រើប្រាស់ AI ដើម្បីលើកកម្ពស់វិស័យអប់រំ មានដូចជា ការបណ្តុះបណ្តាលគ្រូ ដោយប្រើប្រាស់ AI ជួយគាំទ្រដល់ កញ្ចប់គណិតដំបូង អំណានដំបូង, បង្រៀនសិស្សឱ្យចេះគិត និងចេះស្រមើលស្រមៃ, ពង្រឹងអក្ខរកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា, បង្កើតមាតិកា និងខ្លឹមសារមេរៀន ក៏ដូចជាពង្រឹងការអនុវត្តមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រ (STEM) ឱ្យកាន់មានភាពទូលំទូលាយជាដើម។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា ការចាប់យកប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) លើការរៀន និងបង្រៀនពិតជាមានសារៈសំខាន់ ជាពិសេសនៅក្នុងកម្មវិធីសិក្សា និងមុខជំនាញនានា។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា AI នឹងធ្វើឱ្យពិភពលោកមានការប្រែប្រួល ជាពិសេសលើវិស័យអប់រំផ្ទាល់ ដូចនេះវិស័យអប់រំ ត្រូវតែត្រៀមខ្លួនរួចរាល់ចំពោះការផ្លាស់ប្តូរដ៏ធំនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យជួយគាំទ្រ និងចាប់ផ្តើមពង្រឹងពីចំណុចមួយចំនួនក្នុងវិស័យអប់រំ ដូចជាការបង្កើត និងត្រៀមរៀបចំបណ្ណាល័យឌីជីថល, ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់តេស្ត (PISA) បន្ថែម ជាពិសេសសិក្សាពីតំបន់ ក៏ដូចជាកំណត់ក្របខ័ណ្ឌឱ្យបានច្បាស់លាស់ ដែលចាប់ផ្តើមពីការប្រើប្រាស់ (AI) ដើម្បីជួយគាំទ្រលើការបណ្តុះបណ្តាលគ្រូបង្រៀននៅប្រទេសកម្ពុជា។
ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ មានប្រសាសន៍ថា អង្គការយូណេស្កូនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យអប់រំ។ ជាមួយគ្នាឯកឧត្តម ក៏បានលើកឡើងពីសក្តានុពលរបស់អង្គការយូណេស្កូ ដើម្បីជួយគាំទ្រវិស័យអប់រំលើចក្ខុវិស័យនេះ ក្នុងគោលដៅឱ្យគ្រូបង្រៀន និងសិស្សានុសិស្សសតវត្សទី២១ មានជំនាញ និងសមត្ថភាពឌីជីថលពេញលេញ ជាពិសេសអាចប្រើប្រាស់បច្ចេកវិទ្យា និង AI ឱ្យស្របតាមសីលធម៌នៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យអប់រំ សម្រាប់យុគសម័យឌីជីថលនេះ៕
































