សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions» សម្រាប់កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងថ្នាក់បណ្ឌិត ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅបណ្ដាសាកលវិទ្យាល័យទទួលស្គាល់ផ្លូវការក្នុងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧។ កម្មវិធីនេះធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
អាហារូបករណ៍នេះមានគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាឱ្យក្លាយជាអ្នកជំនាញកម្រិតអឺរ៉ុប ចូលរួមបម្រើការងារក្នុងការអភិវឌ្ឍវិស័យទឹកស្អាត និងគាំទ្រដល់ការវិនិយោគសាធារណៈ និងឯកជននៅកម្ពុជា ដូចជារោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជាដើម។ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នេះ គម្រោងគ្រោងនឹងជ្រើសរើសបេក្ខជនប្រមាណ ២៥ រូប។ លើសពីនេះ អាហារូបករណ៍ក៏បានផ្ដល់កូតាចំនួន ៥ កន្លែងសម្រាប់មន្ត្រីមកពី MISTI និង ៥ កន្លែងសម្រាប់មន្ត្រី PPWSA ផងដែរ។
អត្ថប្រយោជន៍ និងការឧបត្ថម្ភ
អាហារូបករណ៍នេះជាប្រភេទអាហារូបករណ៍ពេញថ្លៃ (Full Scholarship) ដែលរ៉ាប់រងការចំណាយសំខាន់ៗរួមមាន៖
-ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្នាក់បរិញ្ញាបត្រ/វិស្វករ៖ ៨៥០ អឺរ៉ូ/ខែ (រយៈពេលសិក្សា ៣ ទៅ ៤ ឆ្នាំ), ថ្នាក់អនុបណ្ឌិត៖ ១,០០០ អឺរ៉ូ/ខែ (រយៈពេលរហូតដល់ ២ ឆ្នាំ), ថ្នាក់បណ្ឌិត៖ ១,៥០០ អឺរ៉ូ/ខែ (រយៈពេល ៣ ឆ្នាំ)
-ថ្លៃសិក្សា (Tuition fees)៖ រហូតដល់ ៤,០០០ អឺរ៉ូ (បរិញ្ញាបត្រ និងអនុបណ្ឌិត) និងរហូតដល់ ៥០០ អឺរ៉ូ (ថ្នាក់បណ្ឌិត)
-សំបុត្រយន្តហោះទៅមក៖ រហូតដល់ ២,០០០ អឺរ៉ូ
-ថ្លៃទិដ្ឋាការ (Visa fee)៖ រហូតដល់ ៦០០ អឺរ៉ូ
-ធានារ៉ាប់រងសុខភាព៖ ៤០ អឺរ៉ូ
-ប្រាក់ឧបត្ថម្ភតាំងទីលំនៅ និងការសិក្សា (Settlement & Learning support)៖ ៥០០ អឺរ៉ូ
មុខជំនាញសិក្សាដែលត្រូវជ្រើសរើស
មុខជំនាញសិក្សាត្រូវស្ថិតក្នុងវិស័យ STEM និងផ្តោតលើបញ្ហាទឹក បរិស្ថាន និងការប្រែប្រួលអាកាសធាតុ រួមមាន៖
-វិស្វកម្ម និងវិស័យស្នូលនៃទឹក និងបរិស្ថាន-អនាម័យ, WASH និងហេដ្ឋារចនាសម្ព័ន្ធ
-ការរៀបចំផែនការ អភិបាលកិច្ច និងគោលនយោបាយទឹក (រួមទាំងមីក្រូជីវសាស្ត្រ និងគីមីវិទ្យា)
-ការផ្គត់ផ្គង់ទឹក ប្រតិបត្តិការ និងសេវាទឹកស្អាត
-ការគ្រប់គ្រងគុណភាពទឹក និងសុខភាព
-សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងវិស័យទឹក
-និរន្តរភាព បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី
-ចំណុចប្រទាក់ក្រឡារវាងកសិកម្ម និងឧស្សាហកម្ម
-បច្ចេកវិទ្យាទឹក នវានុវត្តន៍ និងទិន្នន័យ (Data)
-ជំនាញវិជ្ជាជីវៈអន្តរវិស័យពាក់ព័ន្ធនឹងទឹក

លក្ខខណ្ឌជ្រើសរើសទូទៅ
-ត្រូវតែជាជនជាតិខ្មែរ។
-អាយុ ៖ បរិញ្ញាបត្រ ត្រូវមានអាយុក្រោម ២៥ ឆ្នាំ និងមានសញ្ញាបត្របាក់ឌុបនិទ្ទេស C ឡើងទៅ, អនុបណ្ឌិត អាយុច្រើនបំផុត ៣៥ ឆ្នាំ (គិតត្រឹមថ្ងៃបិទទទួលពាក្យ) និងមានសញ្ញាបត្របរិញ្ញាបត្រ (អាទិភាព STEM) និទ្ទេស B ឡើងទៅ, បណ្ឌិត មានអាយុក្រោម ៤០ ឆ្នាំ និងមានសញ្ញាបត្របរិញ្ញាបត្រ និងអនុបណ្ឌិត (អាទិភាព STEM) និទ្ទេស B ឡើងទៅ
-ត្រូវទទួលបានលិខិតទទួលឱ្យចូលរៀន (Conditional offer ឬ Firm offer) ពីសាកលវិទ្យាល័យដែលទទួលស្គាល់ក្នុងប្រទេសសមាជិក EU ទាំង ២៧។
-មានសមត្ថភាពភាសាអង់គ្លេស ឬភាសាផ្លូវការរបស់សហភាពអឺរ៉ុប ស្របតាមការកំណត់របស់សាកលវិទ្យាល័យ។
-មានការប្តេជ្ញាចិត្តខ្ពស់ និងស្ម័គ្រចិត្តត្រឡប់មកបម្រើការងារក្នុងវិស័យទឹកនៅកម្ពុជាវិញក្រោយបញ្ចប់ការសិក្សា។
-មិនស្ថិតក្រោមទណ្ឌកម្មហិរញ្ញវត្ថុរបស់ EU ឬប្រទេសបារាំងឡើយ។
(ចំណាំ៖ កម្មវិធីលើកទឹកចិត្តជាពិសេសដល់បេក្ខនារី បេក្ខជនមកពីតំបន់ជនបទ និងបេក្ខជនដែលមានតម្រូវការហិរញ្ញវត្ថុ ដើម្បីធានាបាននូវសមភាព និងបរិយាបន្ន)

កាលបរិច្ឆេទសំខាន់ៗ និងរបៀបដាក់ពាក្យ
កាលបរិច្ឆេទបើកទទួលពាក្យ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ វេលាម៉ោង ២៣:៥៩ យប់ (ម៉ោងនៅភ្នំពេញ)
ការពិនិត្យពាក្យស្នើសុំ៖ ថ្ងៃទី០៣ ដល់ ១៤ ខែឧសភា ឆ្នាំ២០២៧
ការសម្ភាសបេក្ខជនជាប់សម្រាំង៖ ថ្ងៃទី១៧ ដល់ ២១ ខែឧសភា ឆ្នាំ២០២៧
ការប្រកាសលទ្ធផលជ័យលាភី៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០۲៧
បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវដាក់ពាក្យតាមប្រព័ន្ធអនឡាញឱ្យបានទាន់ពេលវេលាតាមរយៈគេហទំព័រផ្លូវការ https://eu-scholarship.itc.edu.kh ៕













































































