បរទេស ៖ អង្គការពលកម្មអន្តរជាតិ (ILO) បានលើកឡើងពីការព្រួយបារម្ភអំពីចំនួនយុវជនវ័យក្មេងអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំជាសកល អាចនឹងប្រឈមនឹងបញ្ហាគ្មានការងារ មិនទទួលបានការអប់រំ ឬបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បើទោះបីជាអត្រាអត់ការងារធ្វើក្នុងចំណោមយុវជនធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ ILO ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
របាយការណ៍ដែលមានចំណងជើងថា «និន្នាការការងារសកលសម្រាប់យុវជនឆ្នាំ ២០២៤ – Global Employment Trends for Youth 2024» បាននិយាយថា ទស្សនវិស័យទីផ្សារការងារសកលសម្រាប់យុវជនមានភាពប្រសើរឡើង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដោយអត្រាអត់ការងារធ្វើរបស់យុវជននៅឆ្នាំ២០២៣ បានធ្លាក់ចុះមកត្រឹម ១៣ភាគរយ តំណាងឱ្យ ៦៤,៩លាននាក់។

តួលេខនេះបង្ហាញពីកម្រិតទាបបំផុតក្នុងរយៈពេល ១៥ឆ្នាំ ដែលធ្លាក់ចុះពីអត្រាមុនការផ្ទុះវីរុសរាតត្បាត ១៣,៨ភាគរយ ក្នុងឆ្នាំ២០១៩។ របាយការណ៍នេះ ក៏បានព្យាករណ៍ដែរ ពីការធ្លាក់ចុះបន្ថែមទៀត ដល់ ១២,៨ភាគរយ នៅឆ្នាំ២០២៤ និងអត្រាដូចគ្នានៅឆ្នាំបន្ទាប់។
ទោះជាយ៉ាងណាក៏ដោយរបាយការណ៍បញ្ជាក់ថា ការស្ដារការងារឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានលក្ខណៈជាសកលទេ ដោយសារចំនួនយុវជនច្រើនគួរឱ្យកត់សម្គាល់ គ្មានការងារធ្វើ និងមិនទទួលបានការអប់រំ ឬបណ្ដុះបណ្ដាលជំនាញ។
យោងតាមរបាយការណ៍នេះ យុវជនដែលទទួលបានការងារសមរម្យ នៅមានកំណត់នៅឡើយ ជាពិសេស យុវជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ នៅឆ្នាំ២០២៣, ២០.៤ភាគរយ នៃចំនួនប្រជាជន ដែលជាយុវជនទូទាំងពិភពលោក ឬ ១ក្នុងចំណោម ៥នាក់ បានធ្លាក់ទៅក្នុងការមិនទទួលបានការអប់រំ ឬគ្មានការងារធ្វើនោះទេ។ អ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលគឺ ២/៣ យុវជនទាំងនោះ គឺជាស្ត្រី។

អត្រាយុវជនមិនទទួលបានការអប់រំ និងគ្មានការងារធ្វើបន្តស្ថិតនៅអត្រាមួយខ្ពស់ និងកំណើនការងារសមរម្យនៅតែមិនទាន់គ្រប់គ្រាន់ កំពុងបង្កឱ្យមានការថប់បារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមយុវជន នាពេលបច្ចុប្បន្ន ប៉ុន្តែក្រុមយុវជនបច្ចុប្បន្នក៏ជាក្រុមដែលទទួលបានការអប់រំច្រើនបំផុតមិនធ្លាប់មានផងដែរ។
នាយកអង្គការ ILO បានលើកឡើងថា «គ្មាននរណាម្នាក់ ក្នុងចំណោមពួកយើងអាចឆ្ពោះទៅរកអនាគតដែលមានស្ថិរភាពនោះទេ នៅពេលដែលយុវជនរាប់លាននាក់ជុំវិញពិភពលោកមិនមានការងារសមរម្យ ហើយជាលទ្ធផល ពួកគេចាប់ផ្ដើមមានអារម្មណ៍ថា មិនមានសុវត្ថិភាព និងមិនអាចកសាងជីវិតឱ្យកាន់តែប្រសើរសម្រាប់ខ្លួនឯង និងក្រុមគ្រួសារពួកគេ។» លោក Gilbert F. Houngbo. Enditem ៕































