ក្នុងឱកាសចូលរួម ទិវាមច្ឆជាតិ លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមក្នុងវារីវប្បកម្ម ទាំងការចិញ្ចឹមត្រី អណ្តើក កង្កែប ។ល។ ដើម្បីធានានូវសន្តិសុខស្បៀង ក៏ដូចជាដោះស្រាយនូវបញ្ហាកង្ខះប្រូតេអ៊ីន។
សម្តេចធិបតីមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការផ្គង់ផ្គង់ត្រីជាលក្ខណៈធម្មជាតិ គឺមិនអាចធានាបានដូចកាលពី៣០ ឬ៤០ឆ្នាំមុននោះទេ ដោយសារតែការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ការគោករាក់នៃទន្លេបឹងបួរមួយចំនួន, ដូច្នេះ គឺទាមទារឱ្យមានការបំពេញបន្ថែមតាមរយៈការជំរុញឱ្យមានការចិញ្ចឹមត្រីបន្ថែម។

តាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ទិវាមច្ឆជាតិ ១ កក្កដា ប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ខណៈជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។
សម្តេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងដែរថា ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ ទៀតផង។

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ត្រីស្ថិតក្នុងចំណោមអាហារដែលផ្តល់នូវសុខភាពល្អបំផុត ដោយសារត្រីជាប្រភេទអាហារដែលមានប្រូតេអ៊ីនខ្ពស់ ជាមួយនឹងកំហាប់ខ្ពស់នៃវីតាមីន A វីតាមីន B12 វីតាមីន C និង វីតាមីន D កាល់ស្យូម ជាតិដែក ស័ង្កសី អាស៊ីតខ្លាញ់ សេលេញ៉ូម និងប្រូតេអ៊ីន។ បើតាមរបាយការណ៍របស់ជលផលកម្ពុជា ប្រជាជនកម្ពុជាជាទូទៅម្នាក់ៗហូបត្រីជាមធ្យមក្នុងបរិមាណ ៣៧,៥ គីឡូក្រាមក្នុងរយៈពេលមួយឆ្នាំ៕































