ការស្ទង់មតិបានរកឃើញថា ក្មេងជំទង់សិង្ហបុរី ចំណាយពេលជាមួយអេក្រង់ច្រើនលើសលប់ ដោយភាគច្រើន ពួកគេចំណាយពេលជិត ៣ម៉ោង ក្នុងគោលបំណងសិក្សា និង ២ម៉ោង សម្រាប់ការកម្សាន្ត។
ទិន្នន័យដែលសិក្សាដោយសារព័ត៌មាន CNA និងវិទ្យាស្ថានសិក្សាគោលនយោបាយ បានបង្ហាញថា ក្មេងជំទង់អាយុចន្លោះពី ១៣ ទៅ១៩ឆ្នាំ កំពុងចំណាយពេលជាមធ្យម ៨ម៉ោងកន្លះ ក្នុងមួយថ្ងៃ នៅជាមួយអេក្រង់។
តាមរយៈការស្ទង់មតិ ដែលបានសួរក្មេងជំទង់ និងអាណាព្យាបាល បានរកឃើញថា ក្មេងជំទង់សិង្ហបុរី ចំណាយពេលច្រើនបំផុត នៅជាមួយទូរស័ព្ទ គឺចំនួន ៣ម៉ោងកន្លះក្នុងមួយថ្ងៃ ខណៈកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ជិត ៣ម៉ោង។

អារម្មណ៍តានតឹង ជាមូលហេតុចម្បង ដែលនាំឱ្យក្មេងជំទង់សិង្ហបុរី ចំណាយពេលជាមួយអេក្រង់ ដោយ ៥៨,៨ភាគរយនៃពួកគេ បានប្រើឧបករណ៍អេឡិចត្រូនិក ដើម្បីទប់ទល់នឹងភាពតានតឹង ឬអារម្មណ៍អវិជ្ជមាន។ ខណៈក្មេងជិតពាក់កណ្ដាលទៀតនិយាយថា ពួកគេមានទម្លាប់ពន្យារពេល ដោយសារការប្រើប្រាស់អេក្រង់។
ទន្ទឹមនឹងលទ្ធផល និងទិន្នន័យសិក្សាដែលបានរកឃើញ សិង្ហបុរីកំពុងចាត់វិធានការ ដើម្បីធានាថា ក្មេងជំទង់ត្រូវបានការពារពីការញៀនអេក្រង់។
យុទ្ធសាស្ត្រជាតិថ្មីមួយ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាសុខភាពរបស់កុមារ បានដាក់ដំណើរការកាលពីសប្ដាហ៍មុន ដោយបានគូសបញ្ជាក់ពីគោលការណ៍ ណែនាំស្ដីពីការប្រើប្រាស់អេក្រង់ក្នុងសាលារៀន និងមត្តេយ្យសិក្សា។ ក្នុងគោលការណ៍នេះក៏បានហាមឃាត់ផងដែរ ទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទអំឡុងពេលញ៉ាំបាយ និងមុនចូលគេង។
ជុំវិញការចំណាយពេលច្រើនជាមួយអេក្រង់នេះ អ្នកចិត្តសាស្ត្របានព្រមានថា ក្មេងជំទង់ដែលទទួលបានព័ត៌មានច្រើនលើសលប់ អាចប្រឈមនឹងផលវិបាកជាច្រើន នាពេលបច្ចុប្បន្ន និងអនាគត។ ផលប៉ះពាល់នេះ មិនត្រឹមតែមានឥទ្ធិពលលើសុខុមាលភាពពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេផងដែរ។

ខណៈការស្រាវជ្រាវបង្ហាញថា ការចំណាយពេលយូរជាមួយអេក្រង់ ជាពិសេសបណ្ដាញសង្គម ជាមូលហេតុនាំឱ្យកុមារមានទំនោរកើនឡើងអារម្មណ៍ឯកា និងផ្ដាច់ខ្លួនពីសង្គម។
ដើម្បីកាត់បន្ថយការចំណាយពេលនៅជាមួយទូរស័ព្ទរបស់កុមារ និងក្មេងជំទង់ អ្នកជំនាញផ្លូវចិត្តសិង្ហបុរី បណ្ឌិត Natalie Games បានណែនាំថា អាណាព្យាបាល ត្រូវបង្ហាញភាពជាគំរូដល់កូន តាមរយៈការកាត់បន្ថយពេលនៅជាមួយអេក្រង់ជាមុនសិន។ លើសពីនេះ ទម្លាប់ប្រើប្រាស់អេក្រង់បានល្អ គឺទាមទារឱ្យមានភាគីពាក់ព័ន្ធច្រើនចូលរួមសហការ ក្នុងនោះរួមមាន គ្រួសារ សាលារៀន និងស្ថាប័នសុខាភិបាល៕































