ពាក្យ «ត្រុដិ» មានដើមកំណើតមកពីភាសាសំស្រ្កឹតប្រែថា ផ្ដាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ពេលដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្រ្កន្ត» ។ «របាំត្រុដិ» អ្នកស្រុកនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងឱកាសប្រារព្ធកិច្ចបណ្ដេញចង្រៃ គ្រោះកាច (ឧបទ្រព) ចេញពីគេហដ្ឋាន ក្រុមហ៊ុន ឬពេលដែលមានសត្វព្រៃរត់ចូលភូមិស្រុកជាដើម ជួនកាលគេលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងដែរ។
ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានប្រសាសន៍ថា អត្ថន័យសំខាន់របស់ «របាំត្រុដិ» គឺដើម្បីផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី បណ្ដេញចង្រៃ គ្រោះកាច (ឧបទ្រព) ឆ្នាំចាស់ឱ្យចេញអស់ ហើយនាំចូលសិរីសួស្ដីឆ្នាំថ្មីមកវិញ។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា សត្វប្រើសរត់ចូលស្រុក គឺទាក់ទងនឹងទំនៀមទម្លាប់ខ្មែរ ព្រោះកាលណាមានសត្វព្រៃរត់ចូលស្រុកនឹងបង្កឱ្យមានឧបទ្រុបចង្រៃ ទើបក្នុងរបាំត្រុដិមានសត្វប្រើស, ព្រានព្រៃ, យក្ស, ព្រាយស្រីក្រចកវែង, សត្វក្ងោក, សត្វទន្សោង, មនុស្ស និងតួអង្គផ្សេងទៀត ចូលរួមព័ទ្ធសត្វប្រើស ហើយសម្លាប់សត្វប្រើស ដើម្បីបណ្ដេញឧបទ្រុបចង្រៃចេញ។ ឯកឧត្តម បន្តថា ស្នែងប្រើសជានិមិ្មត្តរូបនៃភាពក្ដៅហួតហែង ហើយការរាំរបាំត្រុដិក៏ស្ថិតក្នុងន័យសុំទឹកភ្លៀងផងដែរ។
ឯកឧត្តម ហេង សុផាឌី បញ្ជាក់បន្ថែមថា នៅទីកន្លែងណាក៏អាចលេងរបាំត្រុដិបានដែរ ដូចជា វត្តអារាម តាមគេហដ្ឋានធំៗ ក្រុមហ៊ុនធំ អ្នកមានលទ្ធភាព អាចអញ្ជើញក្រុមអ្នករាំរបាំត្រុដិទៅសម្ដែង ដើម្បីបណ្ដេញឧបទ្រុបចង្រៃ និងសុំឱ្យមានសិរីសួស្ដីមកវិញ។ ឯកឧត្តមបន្តថា ការអញ្ជើញក្រុមរាំរបាំត្រុដិមកសម្ដែងនៅតាមគេហដ្ឋាន ក្រុមហ៊ុន ក៏ចូលរួមចំណែកលើកស្ទួយរបាំត្រុដិខ្មែរ ក៏ដូចជាលើកតម្កើងទំនៀមទម្លាប់ខ្មែរ។
តាមការបញ្ជាក់របស់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បើទោះជាមានការអភិវឌ្ឍរបាំត្រុដិទៅមុខទៀត ក៏ត្រូវអភិវឌ្ឍដោយរក្សាឱ្យបាននូវទម្រង់ដើម កុំអភិវឌ្ឍឱ្យប្រាសចាសអំពីទំនៀមទម្លាប់ ក្បួនខ្នាតរបាំត្រុដិដើម។ ឧទាហរណ៍ យើងអាចអភិវឌ្ឍសម្លៀកបំពាក់ឱ្យថ្មី អ្នកសម្ដែងត្រូវឆ្លងកាត់ការហាត់រៀនឱ្យបានច្បាស់លាស់ ដើម្បីមានភាពទាក់ទាញ។ កាលណាការសម្ដែងមានភាពទាក់ទាញ នោះនឹងមានអ្នកគាំទ្រច្រើនទាំងមនុស្សចាស់ និងយុវជន។
ជាមួយគ្នានេះ ឯកឧត្តម ហេង សុផាឌី ក៏បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ចូលរួមអភិរក្ស «របាំត្រុដិ» ឱ្យបានគង់វង្សទៅថ្ងៃក្រោយ ក៏ដូចជាលើកទឹកចិត្តដល់អ្នកសម្ដែងតាមរយៈការបរិច្ចាកដល់ក្រុមសម្ដែងជាដើម ព្រោះថា ប្រសិនបើយើងមិននាំគ្នាគាំទ្រទេ យើងនឹងអាចបាត់បង់៕
































