ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសក្រើនរំលឹកដល់សាធារណជនទូទាំងប្រទេស ឱ្យបន្តការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធានការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍។ ការណែនាំនេះធ្វើឡើងក្នុងគោលបំណងចៀសវាងបញ្ហាសុខភាពដែលអាចកើតមានជាយថាហេតុ រួមមាន ការពុលចំណីអាហារ ពុលស្រា គ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរ និងការឆ្លងរីករាលដាល នៃជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺគ្រុនផ្តាសាយបក្សី និងជំងឺកូវីដ-១៩។
ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយពេញលេញ ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ៣ ចំណុចដូចខាងក្រោម៖
១. បង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា
អនាម័យផ្ទាល់ខ្លួន និងចម្អិនអាហារ៖ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ មុនចាប់កាន់ចំណីអាហារ និងក្រោយពេលប៉ះពាល់សត្វ ឬសម្អាតកាកសំណល់។ ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ (ជាពិសេសសាច់ សត្វស្លាប និងគ្រឿងសមុទ្រ) ចៀសវាងទទួលទានពងមាន់ ឬពងទាជ័រព្នៅ។
ការជ្រើសរើស និងទុកដាក់៖ អាហារដែលទិញស្រាប់តាមផ្សារ ឬតាមដងផ្លូវ ត្រូវពិនិត្យមើលអនាម័យ និងសុវត្ថិភាព។ ទុកដាក់ម្ហូបឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។ មិនត្រូវទុកម្ហូបអាហារក្នុងសីតុណ្ហភាពធម្មតាលើសពី ២ម៉ោងឡើយ (អាហារត្រជាក់ត្រូវរក្សាក្នុងកម្រិតក្រោម ៥°C និងអាហារក្តៅត្រូវលើសពី ៦០°C) ហើយមិនគួរទុកអាហារសេសសល់យូរដែលនាំឱ្យផ្អូមបង្កជារាគរូស ឬក្អួតចង្អោរឡើយ។
សុវត្ថិភាពទឹក និងគ្រឿងស្រវឹង៖ ប្រើប្រាស់ទឹកស្អាត វត្ថុធាតុដើមល្អ គ្មានសារធាតុគីមីបន្ថែម និងកុំបរិភោគចំណីអាហារហួសកាលកំណត់។ ដាច់ខាតកុំប្រើប្រាស់មេតាណុលផលិតស្រា, បញ្ឈប់ជាដាច់ខាតនូវការលក់ដូរស្រា ស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ដាច់ខាតមិនត្រូវលក់ ទិញ ឬពិសាស្រា ស ឬស្រាថ្នាំ មានសារធាតុមេតាណុល ដែលអាចបង្កគ្រោះថ្នាក់ខ្លាំងរហូតដល់បាត់បង់ជីវិត។
២. រក្សាសុវត្ថិភាពពេលធ្វើដំណើរ
ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព ចៀសវាងមធ្យោបាយធ្វើដំណើរដែលមានផ្ទុកមនុស្សច្រើនហួសហេតុ។
ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ ដោយសារតែការបើកបរលើសល្បឿនកំណត់ ឬមិនគោរពច្បាប់។ កុំពិសាគ្រឿងស្រវឹងមុន ឬនៅពេលបើកបរ និងដាច់ខាតមិនត្រូវសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅបាត់បង់អាយុជីវិត។

៣. បង្ការការចម្លងជំងឺផ្លូវដង្ហើម ផ្តាសាយ គ្រុនផ្តាសាយបក្សី និងកូវីដ-១៩
វិធានការការពារការចម្លង៖ ខ្ទប់មាត់ និងច្រមុះដោយកន្សែង ក្រដាស ឬកែងដៃពេលក្អក ឬកណ្តាស់។ ពាក់ម៉ាសនៅទីប្រជុំជន ឬកន្លែងបិទជិត។ កុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់។ ពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម។
អនាម័យបរិស្ថានរស់នៅ៖ សម្អាតផ្ទះសម្បែងឱ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ រៀបចំសម្ភារឱ្យមានសណ្តាប់ធ្នាប់ និងលុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះដើម្បីកាត់បន្ថយជម្រកមូស។
ករណីសង្ស័យមានជំងឺ៖ ប្រសិនបើមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗលើសពី ៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យលើសពី ៧២ ម៉ោង) ដោយមិនត្រូវព្យាយាមព្យាបាលដោយខ្លួនឯង ឬពន្យារពេលព្យាបាលនៅកន្លែងដែលគ្មានជំនាញនោះឡើយ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សាធារណជនអាចទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (ដោយឥតគិតថ្លៃ) ឬតាមដានបច្ចុប្បន្នភាពតាមគេហទំព័រផ្លូវការ www.cdcmoh.gov.kh៕













































































