នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ គឺជាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «ភាពធន់នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ»។ សម្រាប់ទិវាឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ក្រុមគ្រួសារទាំងអស់ ចូលរួមពង្រឹងភាពធន់របស់ខ្លួន ដោយត្រូវរៀបចំ “ផែនការសុវត្ថិភាព និងការត្រៀមបម្រុងក្នុងគ្រួសារ” រួមមាន ការរៀបចំកញ្ចប់សម្ភារៈសង្គ្រោះបន្ទាន់ប្រចាំផ្ទះ (ទឹកស្អាត ស្បៀងស្ងួត ថ្នាំសង្កូវ វិទ្យុ និងឯកសារសំខាន់ៗ) ការត្រួតពិនិត្យពង្រឹងលំនៅឋានឱ្យមានសុវត្ថិភាពពីខ្យល់កន្ត្រាក់ និងរន្ទះ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាពកុមារ មនុស្សចាស់ ជនមានពិការភាព និងស្រ្តីមានផ្ទៃពោះ ក្នុងគ្រាមានអាសន្ន។
សម្តេចធិបតីលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន ពិភពលោកបាននឹងកំពុងប្រឈមនឹងហានិភ័យគ្រោះមហន្តរាយដ៏ស្មុគស្មាញ និងមានការប្រែប្រួលយ៉ាងឆាប់រហ័សដែលបង្កឡើងដោយបញ្ហាជាច្រើនរួមមាន កត្តាបរិស្ថាន សង្គម និងសេដ្ឋកិច្ច។ល។ ការប្រែប្រួលអាកាសធាតុ នគរូបនីយកម្ម និងស្ថានភាពបរិស្ថានធ្លាក់ចុះ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការកើនឡើងនៃមុខសញ្ញាគ្រោះថ្នាក់ឧតុនិយមកាន់តែញឹកញាប់ និងខ្លាំងឡើង កំពុងគំរាមកំហែងអាយុជីវិត ប៉ះពាល់ជីវភាពរស់នៅ និងរំខានដល់សេដ្ឋកិច្ចសហគមន៍ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតផង។
ដោយឡែកព្រះរាជាណាចក្រកម្ពុជា ក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុ ដូចជាការកើនឡើងកម្តៅក្នុងរដូវវស្សា ជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អ ខ្យល់កន្រ្តាក់ រន្ទៈបាញ់ បាក់ច្រាំងទន្លេ ជំងឺឆ្លងរាតត្បាត អគ្គិភ័យ មុខសញ្ញាគ្រោះថ្នាក់ផ្សេងៗទៀត បានបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។ ប៉ុន្តែទោះស្ថិតក្នុងកាលៈទេសៈណាក្តី រាជរដ្ឋាភិបាលតែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការ ធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ កាកបាទក្រហមកម្ពុជា ផ្នែកសាធារណៈ ផ្នែកឯកជន សង្គមស៊ីវិល ធ្វើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជួយសង្រ្គោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាជនរងគ្រោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ រួមទាំងឆ្លើយតបដោយបំពេញកិច្ចការមនុស្សធម៌ចំពោះប្រជាជនរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលកន្លងមក ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនានា។

តាមប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន និងចីរភាព។ ក្នុងន័យនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានតួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការវិនិយោគភាពវៃឆ្លាត គឺការវិភាជទុន និងធនធានដោយផ្ទាល់ ដើម្បីធ្វើសមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍។
យ៉ាងណាក៏ដោយ សម្តេចធិបតីលើកទឹកចិត្តដល់ស្ថាប័ន និងប្រជាជនទាំងអស់ រួមគ្នាលើកកម្ពស់តួនាទីរបស់វិស័យឯកជន ក្នុងការកាត់បន្ថយហានិភ័យទាក់ទងនឹងលំនៅឋាន និងផ្តល់អំណាចដល់គ្រួសារ ជាពិសេសគ្រួសារដែលប្រឈមមុខនឹងភាពងាយរងគ្រោះខ្ពស់ ការគិតគូរអំពីហានិភ័យដើម្បីការពារខ្លួន និងពង្រឹងភាពធន់របស់សហគមន៍។ ហើយដើម្បីឱ្យការប្តេជ្ញានេះក្លាយជាការពិត សម្តេចអំពាវនាវឱ្យលើកកម្ពស់វប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធក្នុងការកាត់បន្ថយហានិភ័យ និងការយល់ដឹងអំពីគ្រោះមហន្តរាយ, លើកកម្ពស់ការអប់រំផ្សព្វផ្សាយ ការយល់ដឹងជាសាធារណៈអំពីហានិភ័យគ្រោះមហន្តរាយ និងការប្រកាសឱ្យដឹងមុនពីមុខសញ្ញាគ្រោះថ្នាក់ដល់សាធារណជន និងភាគីពាក់ព័ន្ធដោយត្រៀមខ្លួនជាស្រេចទៅនឹងគ្រោះមហន្តរាយ, ចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងបង្កើនការវិនិយោគសាធារណៈលើភាពធន់ នៃលំនៅឋានសម្រាប់គ្រប់ក្រុមគ្រួសារដែលងាយរងគ្រោះបំផុត រួមទាំងការរៀបចំបណ្តាញសុវត្ថិភាពសង្គម និងការផ្តល់ជម្រកសុវត្ថិភាពសមរម្យ និងធានាថា អាចទទួលព័ត៌មានអំពីហានិភ័យបានទាន់ពេលវេលា និងគ្រប់សហគមន៍៕











































































