ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ បានប្រកាសជាផ្លូវការ ពីការចុះអនុវត្តការវាយតម្លៃ និងផ្តល់ «ពានរង្វាន់ជ័យលាភីសាលារៀនគំរូ» និងបណ្ណសរសើរដល់សាលារៀនដែលខិតខំអនុវត្តស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងអង្គសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា នាឆ្នាំ២០២៧ខាងមុខ។
បើតាមក្រសួងអប់រំ ការចុះវាយតម្លៃនឹងត្រូវធ្វើឡើង ដោយផ្អែកលើស្តង់ដាទាំង៥ នៃស្តង់ដាសាលារៀនគំរូជាមូលដ្ឋាន រួមមាន (១) លទ្ធផលសិក្សារបស់សិស្ស, (២) ការបង្រៀន និងការរៀន, (៣) ការចូលរួមរបស់សហគមន៍, (៤) ដំណើរប្រតិបត្តិ និងរដ្ឋបាលសាលារៀន និង (៥) គណនេយ្យភាពរបស់សាលារៀន។
សម្រាប់យន្តការ និងនីតិវិធី នៃការវាយតម្លៃវិញ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅដំណាក់កាលទី១ គ្រឹះស្ថានសិក្សានីមួយៗ ត្រូវផ្តល់ស្វ័យវាយតម្លៃសាលារៀនរបស់ខ្លួន និងឯកសារភស្តុតាងតាមស្តង់ដានីមួយៗច្បាស់លាស់ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ និងបញ្ជូនទៅការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យបានមុនដំណាច់ខែតុលា ឆ្នាំ២០២៦។
ដំណាក់កាលទី២ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នឹងបង្កើតគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ព្រមទាំងជ្រើសរើសឈ្មោះសាលារៀន ក្នុងក្រុង ស្រុក ខណ្ឌរបស់ខ្លួន រួចបញ្ជូនទៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយដំណាក់កាលទី៣ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវបង្កើតគណៈកម្មការបច្ចេកទេសពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ដើម្បីជ្រើសរើសបេក្ខភាពសាលារៀនគំរូតំណាងរាជធានីខេត្តនីមួយៗ រួចបញ្ជូនទៅក្រសួងអប់រំ នៅសប្តាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៦។
នៅដំណាក់កាលទី៤ ក្រុមការងារបច្ចេកទេស ក្រសួងអប់រំ នឹងធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ វាយតម្លៃលើបេក្ខភាពសាលារៀនគំរូ ដោយផ្អែកលើស្វ័យវាយតម្លៃសាលារៀន និងរបាយការណ៍វាយតម្លៃពាក់ព័ន្ធ តាមលំដាប់ថ្នាក់ ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ក្នុងករណីចាំបាច់ ក្រុមការងារចម្រុះរបស់ក្រសួងនឹងចុះពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃបន្ថែមនៅតាមសាលារៀនមួយចំនួន។
ចុងបញ្ចប់ គឺកិច្ចប្រជុំគណៈកម្មការវាយតម្លៃថ្នាក់ក្រសួង សម្រេចបញ្ជីឈ្មោះសាលារៀន ទទួលស្គាល់ជ័យលាភីសាលារៀនគំរូ និងផ្តល់បណ្ណសរសើរ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សូមជំរាបជូនថា នៅក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យអប់រំត្រូវបានកំណត់ជាអាទិភាពខ្ពស់បំផុត ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រឹងអភិបាលកិច្ចសាលារៀនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវ វិធានការគន្លឹះចំនួន ៤ ក្នុងវិស័យអប់រំ រួមមាន ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងគុណធម៌ សីលធម៌ ចរិយាធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពសិក្សា តាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យអនាម័យចំណីអាហារ, ការជំរុញ និងលើកកម្ពស់ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
ដើម្បីប្រែក្លាយវិធានការទាំង ៤ នេះឱ្យទៅជាការអនុវត្តជាក់ស្តែង ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើតឡើងនូវ «ស្តង់ដាសាលារៀនគំរូ» (Model School Standards) សម្រាប់កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ គោលបំណងចម្បងនៃប្រព័ន្ធវាយតម្លៃនេះ មិនមែនដើម្បីបង្កើតការប្រកួតប្រជែងបែបដាក់បន្ទុកនោះទេ ប៉ុន្តែគឺដើម្បីបង្កើតជា ផែនទីបង្ហាញផ្លូវ (Roadmap) ជួយឱ្យគ្រប់សាលារៀនសាធារណៈស្វែងយល់ពីចំណុចខ្វះខាត និងអភិវឌ្ឍខ្លួនឱ្យក្លាយជាថ្នាលបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន៕













































































