ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាពិធីបុណ្យជាតិដ៏ធំមួយដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ទន្ទឹមគ្នានេះ ប្រជាជនខ្មែរធ្លាប់តែនិយមស្លៀកសម្លៀកបំពាក់ប្រពៃណី អាវប៉ាក់ ហូលផាមួង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក៏មានការវិវត្តទៅតាមភាពរីកច្រើនយ៉ាងលឿនរបស់ពិភពលោក ដែលនាំឱ្យប្រទេសកម្ពុជាទទួលយកឥទ្ធពលពីបណ្ដាប្រទេសជិតខាងក្នុងការស្លៀកពាក់។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរគួរបង្ហាញឱ្យយុវជនស្គាល់អត្តសញ្ញាណជាតិខ្មែរតាមរយៈសម្លៀកបំពាក់ ការតាំងពិព័រណ៍អាស្នាដៃផលិតផលខ្មែរផ្សេង ការចូលរួមសម្តែងសិល្បៈ ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដោយប្រើប្រាស់សម្ភារៈ ដូចជា មួកស្លឹកត្នោត ឬក៏អាវយឺតដែលបានបោះពុម្ពរូបភាពរចនាបទបែបខ្មែរ ហើយជាផលិតផលខ្មែរ។ ឧទាហរណ៍ ប្រុសៗស្លៀកខោចែវ (ខោថ្នេរប្រាំ) អាវខ្មែរ ហើយក៏បើកទូលាយឱ្យជាតិសាសន៍ចម្រុះចូលរួមក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ កុំឱ្យតែការស្លៀកពាក់នោះផ្ដល់ផលប៉ះពាល់ដល់សេចក្ដីថ្នូររបស់មនុស្សជាតិ។
អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បញ្ជាក់បន្ថែមថា លោកពិតជាលើកទឹកចិត្តយុវជនស្លៀកសម្លៀកបំពាក់ខ្មែរក្នុងពិធីបុណ្យចូលឆ្នាំ ប៉ុន្តែក៏មិនតម្រូវថាទាល់តែស្លៀកក្បិនទើបហៅថាជាសម្លៀកបំពាក់ខ្មែរនោះទេ ព្រោះស្របពេលអាកាសធាតុក្ដៅអាចនាំឱ្យស្អុះស្អាប់ជាដើម។
ខ្ញុំតែងតែគាំទ្រឱ្យប្រើប្រាស់ផលិតផលក្នុងស្រុក កុំថាឡើយតែសម្លៀកបំពាក់ មិនថារដូវចូលឆ្នាំ ឬរដូវបុណ្យជាតិផ្សេងៗគួរលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកយើង ហើយក៏ត្រូវគិតអំពីការផលិតដែរតើគ្រប់គ្រាន់ឬទេ? ដូច្នេះ ត្រូវចូលរួមតាំងអស់គ្នា បណ្ដុះកោសិកាទាំងអស់គ្នា ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ក៏បានសម្តែងការយល់ស្របដែរថា ប្រទេសកម្ពុជាគួរមានសម្លៀកបំបំពាក់ជាអត្តសញ្ញាណខ្មែរសម្រាប់ស្លៀកពាក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែសួរថា តើធ្វើបានឬអត់គឺជារឿងសំខាន់ ព្រោះបើយើងចង់ស្លៀកសម្លៀកបំពាក់ខ្មែរ ប៉ុន្តែអត់មាន ឬមួយមានដែរប៉ុន្តែតម្លៃថ្លៃពេកក៏ប្រជាជនគ្មានលុយទិញដែរ។ លោកបណ្ឌិត បន្តថា សម្លៀកបំពាក់ជារចនាបទខ្មែរ គឺមាន ប៉ុន្តែសួរថា យើងចង់យកមកប្រើក្នុងសម័យកាលមួយណា សម័យអង្គ ក្រោយអង្គរ សម័យលង្វែក? តើមានហាងកាត់ដេរប៉ុន្មានត្រៀមផលិតសម្លៀកបំពាក់ទាំងនេះ ឬក៏មានតែអាវយឺត ហើយបោះពុម្ពអក្សរសង្កា្រន្តខ្មែរ ឬប្រពៃណីខ្មែរ?

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ក្រៅពីហូលផាមួង ដែលជារបស់ខ្មែរ យើងមានក្រមា ដែលអាចកាត់ដេរធ្វើជាសម្លៀកបំពាក់បានក៏ពិតមែនប៉ុន្តែមិនទាន់បំពេញតម្រូវការឱ្យប្រជាជនខ្មែរទាំងអស់បាននៅឡើយទេ។ លោកបណ្ឌិត បន្តថា ហូលផាមួង អាចស្លៀកសម្រាប់ពិធីប្រពៃណី ហើយអាកាសធាតុក្ដៅបែបនេះ បើប្រជាជន យុវជន ស្លៀកហូលផាមួងក៏ពិបាកដែរ គឺត្រូវស្វែងរកខោអាវណាស្ដើងល្មមមិនក្រាស់ពេក ហើយងាយបោកគក់។
លោកបណ្ឌិត ឈត ប៊ុនថង បន្តថា លោកយល់ស្របដែលប្រជាជនខ្មែរគួរគាំទ្រសម្លៀកបំពាក់ខ្មែរ ផលិតដោយកូនខ្មែរ សម្រាប់ប្រើជាអត្តសញ្ញាណកក្នុងឱកាសិធីបុណ្យចូលឆ្នាំ ប៉ុន្តែអ្នកអនុវត្ត គឺប្រជាជនដែលប្រើប្រាស់សម្លៀកបំពាក់របស់ខ្មែរ ហើយអ្នកផលិតត្រូវចូលរួម។ លោកបណ្ឌិតបន្តថា គ្មានអ្វីធ្វើមិនបាននោះទេប្រសិនបើយើងចាប់ផ្ដើម៕





























