ភ្នំពេញ – ក្នុងសេចក្តីណែនាំចុះថ្ងៃទី១១ ខែមេសា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។
បើយោងតាមសេចក្តីណែនាំនោះ ការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅតាមវិទ្យាល័យ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។ ចំពោះបេក្ខជនដែលដាក់ពាក្យប្រឡង ត្រូវបំពេញសំណុំលិខិតមួយចំនួនដូចជា ពាក្យសុំចុះឈ្មោះប្រឡងរបស់បេក្ខជនចំនួន១ច្បាប់ (បំពេញដោយដៃបេក្ខជនផ្ទាល់), វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិចំនួន ១សន្លឹក (ច្បាប់ថតចម្លង), សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ចំនួន១សន្លឹក (ច្បាប់ថតចម្លង), បង្កាន់ដៃបង់សិទ្ធិប្រឡង ចំនួន១សន្លឹក និងសៀវភៅសិក្ខាគារិក (ចំពោះសិស្សសាលាឯកជន)។

ក្នុងនោះដែរ សម្រាប់បេក្ខភាពប្រឡង ក៏ចាំបាច់ត្រូវមានលក្ខខណ្ឌដូចជា ៖ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ, បានរៀនគ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សាទុតិយភូមិ, បានរៀនចប់កម្មវិធីសិក្សាថ្នាក់ទី១២, បានគោរពត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សា, ត្រូវបានវាយតម្លៃផ្នែកសីលធម៌ប្រចាំឆ្នាំ ចាប់ពីមធ្យមឡើងទៅ និងមានមធ្យមភាគពិន្ទុប្រចាំឆ្នាំចាប់ពី ២៥.០០ឡើងទៅ។
ដោយឡែកបេក្ខភាពដែលអាចនឹងត្រូវលុបឈ្មោះចេញវិញ ឬមិនអនុញ្ញាតឱ្យចុះឈ្មោះប្រឡង គឺផ្អែកទៅលើករណីមួយចំនួនដូចជា ៖ សិស្សមានមធ្យមភាគពិន្ទុប្រចាំឆ្នាំក្រោម ២៥.០០ , សិស្សគ្មានមធ្យមភាគពិន្ទុប្រឡងឆមាស, ឈប់ឥតច្បាប់ក្នុងពេលប្រឡងឆមាសមុខវិជ្ជាណាមួយ, ឈប់មានច្បាប់ក្នុងពេលប្រឡងឆមាសចាប់ពី ៣មុខវិជ្ជាឡើងទៅ, សិស្សអវត្តមានឥតច្បាប់លើសពី៣០ដងឡើងទៅ, អវត្តមានឥតច្បាប់ និងមានច្បាប់លើសពី ៤០ដងឡើងទៅ, អវត្តមានមានច្បាប់លើសពី ៥៥ដងឡើងទៅ ដោយអវត្តមានសិស្សថ្នាក់ទី១២ គិតត្រឹម ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

យ៉ាងណាក៏ដោយ ដើម្បីឱ្យបញ្ជៀសបាននូវបាតុភាព និងភាពអសកម្មក្នុងការលុបបេក្ខភាព នៅតាមគ្រឹះស្ថានមធ្យមសិក្សា ក្រសួងអប់រំបានកំណត់ឱ្យ នាយក នាយិកាគ្រឹះស្ថានមធ្យមសិក្សា ត្រូវបើកការប្រជុំក្រុមប្រឹក្សាវិន័យសិក្សា ដោយមានកំណត់ហេតុប្រជុំ និងបញ្ជីវត្តមានច្បាស់លាស់, រួសរាន់បិទផ្សាយបញ្ជិដកបេក្ខភាពប្រឡង ដែលបានសម្រេចក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវិន័យសិក្សា នៅលើបញ្ជរព័ត៌មាននៅមុខទីចាត់ការសាលាប្រកបដោយស្មារតីទទួលខុសត្រូវ មុននឹងបញ្ជូនមកក្រសួងតាមកាលកំណត់, កោះប្រជុំក្រុមប្រឹក្សាវិន័យសិក្សាជាថ្មី ដើម្បីពិនិត្យ និងសម្រេច ក្នុងករណីមានការប្តឹងតវ៉ា ដែលមានហេតុផលច្បាស់លាស់លើការលុបបេក្ខភាពប្រឡងនេះ៕































