លោក សេង សុខឃាង ៖ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍សិក្សាក្រៅប្រទេសជាឱកាសបង្កើនសមត្ថភាពយុវជន

ភ្នំពេញ – ស្វ័យសិក្សាដោយខ្លួនឯងជាមធ្យោបាយមួយអាចជួយឱ្យយុវជនមានសមត្ថភាព និងចំណេះដឹងកាន់តែទូលំ​ទូលាយបន្ថែមលើកាតព្វកិច្ចសិក្សានៅក្នុងថ្នាក់រៀន ។ លោក សេង សុខឃាង ជាអតីតនិស្សិតបញ្ចប់ការថ្នាក់បរិញ្ញាបត្រជំនាញពាណិជ្ជកម្មអន្តរជាតិ និងមានបទពិសោធន៍ផ្លាស់ប្តូរការសិក្សានៅក្រៅ​ប្រទេសបានឱ្យដឹងថា កម្មវិធីផ្លាស់ប្តូរបទពិសោធន៍សិក្សាទៅក្រៅប្រទេស ឬ Exchange Program ជាឱកាសបង្កើតភាពសមត្ថភាពយុវជនឱ្យកាន់តែប្រសើរឡើង ។

លោក សេង សុខឃាង សិក្សាជំនាញពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យកម្ពុជា ទទួលបានលំដាប់ពិន្ទុ GPA ៣.៧៩ /៤.០០ កាលពីចុងឆ្នាំ២០១៩ បាន​និយាយថា សិក្សានៅសាកលវិទ្យាល័យមិនខុសពីការសិក្សានៅថ្នាក់វិទ្យាល័យច្រើនទេ ។  លោកថា និស្សិតខ្លួនឯងត្រូវចេះរៀបចំកាលវិភាគសិក្សា ចេះ​លើកទឹកចិត្ត​ខ្លួនឯង តាំងចិត្តសិក្សា និងចេះស្វែងរកឱកាសសម្រាប់​ខ្លួនឯងដើម្បីទទួលបានការអប់រំបន្ថែមនៅខាងក្រៅ ។ ការសិក្សាមានដូចជាវគ្គសិក្សាជំនាញខ្លី អាហារូបករណ៍សិក្សានៅក្រៅប្រទេស ឬកម្មវិធីផ្លាស់ប្ដូរការសិក្សា ។

កាលពីឆ្នាំ២០១៩ លោក សេង សុខឃាង ធ្លាប់បានទៅសិក្សាវគ្គខ្លីនៅប្រទេសថៃឡដ៍ តាមរយៈកម្មវិធីផ្លាស់ប្ដូរការសិក្សា EU SHARE Scholarship រយៈពេល ៤ខែកន្លះ ។ លោកថា កម្មវិធីផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេសបានជួយឱ្យលោកស្គាល់និស្សិតបរទេស អាចដឹងពីបរិយាកាសសិក្សា និងស្គាល់ពីលំហូរនៃការអប់រំ (System Education) របស់សាកលវិទ្យាល័យក្រៅស្រុក ព្រមទាំងចែករំលែកបទពិសោធន៍សិក្សាដល់គ្នាទៅវិញទៅមក ។

យុវជនវ័យ ២៣ឆ្នាំរូបនេះ បានបន្តថា កម្មវិធីផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេសបានធ្វើឱ្យលោកអភិវឌ្ឍខ្លួនឯងបានកាន់តែច្រើន ជាពិសេសរបៀបរស់នៅជាក្រុម​ ការហូបចុក វប្បធម៌ របៀបធ្វើការងារក្រុម និងបង្កើនភាពក្លាហានឱ្យកាន់តែប្រសើរជាងមុន ។

លោក សេង សុខឃាង បានចែករំលែកបន្ថែមថា សិស្ស និស្សិត និងអ្នកសិក្សាទាំងអស់គួរស្វែងរកឱកាសឱ្យខ្លួនឯងបានចូលរួមធ្វើការងារសង្គម សកម្មភាពសប្បុរសធម៌ដែលទាក់ទងទៅនឹងការអប់រំ និងចូលរួមវេទិកាជជែកដេញដោលផ្សេងៗឱ្យបានច្រើនតាមលទ្ធភាពធ្វើទៅបាន​​​ ៕