ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ កាលពីពេលថ្មីៗនេះថា ក្រសួងអប់រំបានសង្ខេបសកម្មភាពអាទិភាពនៃកំណែទម្រង់លើវិស័យអប់រំដែលមានដូចជា ការប្រឡងមធ្យមសិក្សាទុតិយភូមិ, ការដាក់ចេញរបៀបវារៈកំណែទម្រង់កម្រិតក្រសួងជាពិសេសសរសេរស្តមទាំងប្រាំ ដូចជា ការអនុវត្តគោលនយោបាយគ្រូបង្រៀន, ការពិនិត្យឡើងវិញនូវកម្មវិធីសិក្សាក៏ដូចជាសៀវភៅគោលសិក្សា និងការរៀបចំឱ្យមានការវាយតម្លៃទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងកំណែទម្រង់កម្រិតឧត្តមសិក្សាជាដើម។
ឯកឧត្តមរំលឹកថា ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំនូវសាលាគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព គឺ ជ្រើសរើសសាលាចំនួន១០០នៅក្នុង២៥ខេត្តក្រុង។ ដោយមានសាលារៀនចំនួនបួនយ៉ាងតិចក្នុងមួយខេត្តៗ ដើម្បីឱ្យក្លាយជាការធ្វើកំណែទម្រង់ ។ យ៉ាងណាមិញ ក្នុងបរិបទនៃសាលាធនធាន ក្រសួងក៏មានសាលាធនធានដោយគិតមកដល់បច្ចុប្បន្ននេះសាលាមានអត្រាកើនឡើងពី៥០ទៅ៦០សាលា។ ដោយឡែកបច្ចុប្បន្ននេះកំពុងបន្តប្រមូលផ្តុំនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងការកំណែរទម្រង់សាលារៀនហើយទទួលបាននូវឧត្តមនានុវត្តន៍ ទន្ទឹមគ្នានោះក៏មានសាលាផ្សេងទៀតនៅក្រៅគម្រោង រួមទាំងសាលារៀនជំនាន់ថ្មីចំនួន១១ផងដែរ។
សាលារៀនគំរូ គឺជាការបន្ស៉ីគ្នារវាងគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ជាមួយនឹងឧត្តមនានុវត្តន៍ ដែលទទួលបាននៅក្នុងក្របខ័ណ្ឌនៃការអនុវត្ត ឬអាចហៅបានថា ជាសាលាជំនាន់ថ្មីផង និងសាលាគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាសាលាធនធានផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ការដាក់អនុវត្តន៍សាលាគំរូនេះ គឺជាផ្នែកមួយនៃកំណែទម្រង់វិស័យអប់រំ ហើយពង្រឹង និងយកលទ្ធផលសិក្សារបស់សិស្សជាគោល។ ពាក់ព័ន្ធនឹងសាលារៀនគំរូ គឺមានមត្តេយ្យសិក្សា បឋមសិក្សា ព្រមទាំងមធ្យមសិក្សាផងដែរ ដោយគិតរួមទាំងអនុវិទ្យាល័យនិងវិទ្យាល័យ។

ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ការច្របាច់បញ្ចូលគ្នានូវបទពិសោធន៍ដែលយើងទទួលបាន ជាពិសេស ពាក់ព័ន្ធជាមួយមត្តេយ្យសិក្សានេះ គឺ ការបណ្តុះបណ្តាលគ្រូល្អ គ្រូដែលចេះផលិតសម្ភារៈស្ទាត់ជំនាញ និងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលគ្រូដែលកត្តានេះចាត់ទុកថាជាអទិភាព។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំសង្កត់ធ្ងន់ថា ការធ្វើកំណែទម្រង់មុខងារសាធារណៈ គឺដើម្បីធានាបានថា សាលាមិនមានបញ្ហាទាក់ទងនឹងចំនួនលើសខ្វះគ្រូនោះទេ ការផ្ទេរមុខងារជាផ្នែកមួយសំខាន់ដែរ ក៏ប៉ុន្តែមន្ទីរក៏គួរតែយកចិត្តទុកដាក់ទៅលើព័ត៌មានអំពីបញ្ហាខ្វះ ឬលើសគ្រូ ហើយក្រសួងនឹងដាក់ចេញជាវិធានការដើម្បីដោះស្រាយបញ្ហានេះ។

ការធ្វើកំណែទម្រង់គ្រូបង្រៀន គឺជាកត្តាមួយសំខាន់ហើយខ្វះមិនបាន ដែលជាហេតុក្រសួងបង្កើនគុណវុឌ្ឍិគ្រូដើម្បីឱ្យគុណភាពអប់រំខ្លាំង។ ដូច្នេះហើយបានជាគ្រូដែលបង្រៀនចាប់ពីបឋមដល់អនុវិទ្យាល័យត្រូវមានបរិញ្ញាបត្រ។ ហើយគ្រូបង្រៀននៅវិទ្យាល័យត្រូវមានបរិញ្ញាបត្រជាន់ខ្ពស់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
យ៉ាងណាក៏ដោយ បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីធ្វើឱ្យការកំណែទម្រង់កាន់តែមានប្រសិទ្ធភាព ការពង្រឹងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន ចាំបាច់ត្រូវមានចំណេះដឹង និងផ្នែកចិត្តសាស្រ្តនិងគរុកោសល្យឱ្យបានរឹងមាំ មានជំនាញបច្ចេកទេស តាមទាន់ពីការវិវឌ្ឍន៍របស់សិស្ស និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ហើយត្រូវធានាថាវិជ្ជាជីវៈគ្រូបង្រៀនគឺជាប្រទីបបំភ្លឺផ្លូវសម្រាប់បណ្តុះបណ្តាលគ្រូ៕































