កម្ពុជាបានចូលរួមពិភាក្សាលើ «កិច្ចព្រមព្រៀងប៉េកាំង» (Beijing Agreement) ដែលជាក្របខណ្ឌស្តង់ដារសម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្រិតពិភពលោក ក្នុងគោលដៅលើកកម្ពស់គុណភាពបណ្តុះបណ្តាល ពង្រឹងការទទួលស្គាល់ជំនាញ និងធានាថា ជំនាញរបស់កម្លាំងពលកម្មឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារ។
ការពិភាក្សានេះធ្វើឡើងក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី នៃសន្និសីទពិភពលោកស្តីពីការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិនថ្មីៗនេះ។ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ត្រូវបានដឹកនាំដោយ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ។
ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍តាមប្រព័ន្ធអនឡាញថា «កិច្ចព្រមព្រៀងប៉េកាំង» និងកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា គឺជាសមិទ្ធផលសំខាន់ៗដែលជួយពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍស្តង់ដាររួមក្នុងវិស័យ TVET ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃឧស្សាហកម្ម និងទីផ្សារការងារ។
ឯកឧត្តមបានចាត់ទុកការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថា ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងការបង្កើតឱកាសសម្រាប់យុវជន។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គម្រោងនានា ដូចជា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន និងសិក្ខាសាលាលូបាន (Luban Workshop) បានរួមចំណែកដល់ការផ្ទេរចំណេះដឹង បទពិសោធន៍ និងការអនុវត្តស្តង់ដារបណ្តុះបណ្តាលទំនើប ដើម្បីអភិវឌ្ឍជំនាញយុវជនឱ្យស្របតាមតម្រូវការទីផ្សារការងារ។
លោក វ៉ាង គួងយ៉ាន (Wang Guangyan) អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន បានមានប្រសាសន៍ថា «សូមឱ្យយើងចាត់ទុកសន្និសីទនេះជាឱកាសមួយ និងចាត់ទុក “កិច្ចព្រមព្រៀងប៉េកាំង” (Beijing Agreement) ជាត្រីវិស័យសម្រាប់ការអនុវត្ត។
លោកថា គួរលើកទឹកចិត្តឱ្យបណ្តាប្រទេសនានារៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងការតភ្ជាប់ និងធ្វើឱ្យស្តង់ដារវិជ្ជាជីវៈ ស្តង់ដារកម្មវិធីសិក្សា ព្រមទាំងប្រព័ន្ធគុណវុឌ្ឍិ និងវិញ្ញាបនបត្រកាន់តែមានភាពស៊ីសង្វាក់គ្នា ដើម្បីប្រែក្លាយចក្ខុវិស័យរួមឱ្យក្លាយជាការពិត។
ក្រៅពីការចូលរួមពិភាក្សាលើ «កិច្ចព្រមព្រៀងប៉េកាំង» គណៈប្រតិភូកម្ពុជាក៏បានចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។

អនុស្សរណៈនេះមានគោលបំណងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗ ព្រមទាំងគាំទ្រការអភិវឌ្ឍជំនាញ និងធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
ការចូលរួមក្នុងសន្និសីទនេះ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្ហាញពីការបន្តយកចិត្តទុកដាក់របស់កម្ពុជាលើការលើកកម្ពស់គុណភាព TVET ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងការពង្រីកឱកាសការងារសម្រាប់យុវជន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕













































































