សព្វថ្ងៃប្រទេសជប៉ុនប្រៀបដូចជាលំនៅដ្ឋានដ៏ប្រណិតមួយផ្តល់លទ្ធភាពខ្ពស់ឱ្យក្រុមហ៊ុនផលិតមនុស្សយន្តជាច្រើនស្នាក់នៅ និងជាប្រទេសឈានមុខគេលើផ្នែកឧស្សាហកម្មមនុស្សយន្តនៅក្នុងពិភពលោក ។ គិតត្រឹមចុងឆ្នាំ២០២២ មនុស្សនិមិ្មត ឬមនុស្សយន្ត (Robots) មានប្រមាណជាង ៤៥ភាគរយនៃឧស្សាហកម្មផលិតមនុស្សយន្តរបស់ពិភពលោកបានរចនា និងផលិតឡើងដោយក្រុមហ៊ុននានាមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ។ ចំណែកទំហំទឹកប្រាក់វិនិយោគលើវិស័យនេះ មានរហូតដល់ ៧,៣៥ពាន់លានដុល្លារអាមេរិក ដោយកាលពីឆ្នាំ២០២២ ទំហំទឹកប្រាក់មានការកើនឡើង ១,៦ភាគរយធៀបទៅនឹងឆ្នាំមុន ។ កត្តានេះបានធ្វើឱ្យដំណើរការផលិតកម្មរបស់ជប៉ុនមានការកើនឡើង ៥,៦ភាគរយផងដែរ ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ (ITA) នៃសភាពាណិជ្ជកម្មអាមេរិក ។
កត្តាចម្បងដែលនាំឱ្យប្រទេសក្នុងតំបន់អាស៊ីមួយនេះអំណោយផលខ្ពស់ដល់វិស័យផលិតមនុស្សយន្ត ក៏ដោយសារតែជប៉ុនមានកម្លាំងពលកម្មជំនាញ និងអ្នកជំនាញជាច្រើនបានសិក្សា និងស្រាវជ្រាវលើជំនាញបច្ចេកវិទ្យា និងជំនាញបច្ចេកទេស ខណៈជនជាតិជប៉ុនមានចរឹកលក្ខណៈតាំងចិត្តខ្ពស់ក្នុងការងារ ហើយក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុកចង់ពង្រឹកខ្លួនដោយប្រើប្រាស់បច្ចេកវិទ្យា ។ តួលេខនៅឆ្នាំ២០២១ បានបង្ហាញថា នៅប្រទេសជប៉ុនគេបានដាក់ឱ្យមនុស្សយន្ត ៦៣១ ធ្វើការងារនៅក្នុងផលិតកម្មផ្សេងៗ ដែលអាចជំនួសការងាររបស់មនុស្សបានរហូតដល់ ១ម៉ឺននាក់ ។ ចំនួននេះបើប្រៀបធៀបនៅសហរដ្ឋអាមេរិកវិញ អាមេរិកប្រើប្រាស់មនុស្សយន្តចំនួន ២៧៤ ជំនួសឱ្យកម្លាំងពលកម្មរបស់មនុស្ស ១ម៉ឺននាក់ដូចគ្នា ។ មានន័យថា ជប៉ុនបានអភិវឌ្ឍន៍ចំនួនមនុស្សយន្តរីកចម្រើនខ្លាំងជាងសហរដ្ឋអាមេរិក ។

ទន្ទឹមគ្នានេះដែរ គេក៏សង្កេតឃើញមានវត្តមានមនុស្សយន្តនៅប្រទេសជប៉ុនកំពុងបំពេញការងារជាច្រើន ដូចជា ការងារវេចខ្ចប់ ការងារដឹកជញ្ជូន ការងារបដិសណ្ឋារកិច្ច សុខាភិបាល ជំនួសកម្លាំងពលកម្មមនុស្សក្នុងវិស័យសំណង់ ព្រមទាំងការងារសិល្បៈផ្សេងៗជាដើម ។ ដោយសារជប៉ុនជួបបញ្ហាកង្វះកម្លាំងពលកម្មមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងមនុស្សយន្តភ្ជាប់គ្នាទៅនឹងឧស្សាហកម្ម ៤.០ ជាដំណោះស្រាយមួយដែលគេមើលឃើញពីការរីកចម្រើនវិស័យផលិតកម្មនៅក្នុងប្រទេសនេះ ។
ការសិក្សារបស់អង្គការអន្តរជាតិមួយស្តីពីគោលនយោបាយលើកកម្ពស់សុខុមាលភាពការងារ និងការរស់នៅរបស់មនុស្ស អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ឬហៅកាត់ OECD បានបង្ហាញថា ជប៉ុនជាប្រទេសមានប្រជាជនវ័យចំណាស់ច្រើនជាងគេក្នុងពិភពលោក ហើយចំនួនមនុស្សចាស់កាន់តែថយចុះជាលំដាប់ ដោយរយៈពេល ១០ឆ្នាំចុងក្រោយនេះចំនួនមនុស្សចាស់នៅជប៉ុនថយចុះចំនួន ២,៧នាក់ ខណៈអត្រាកំណើតថ្មីក៏មានចំនួនទាប ។ កង្វះកម្លាំងមនុស្សនេះហើយជាមូលហេតុចម្បងដែលនាំឱ្យរដ្ឋាភិបាលជប៉ុនជំរុញចិត្តបោះទុនវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យា និងមនុស្សយន្ត ។
ឆ្នាំ២០២៣ ប្រទេសជប៉ុនមានប្រជាជនសរុបប្រមាណជាង ១២៣ លាននាក់ ។ អនាគតនៅឆ្នាំ២០៦៥ គេបានព្យាករណ៍ថា កម្លាំងពលកម្មដោយមនុស្សនៅក្នុងប្រទេសជប៉ុននឹងធ្លាក់ចុះ ៤០ភាគរយ ហើយបច្ចេកវិទ្យានឹងចូលខ្លួនទៅជំនួសការងាររបស់មនុស្ស ។ ការចូលខ្លួនរបស់បច្ចេកវិទ្យាមនុស្សយន្ត និងទំនើបកម្មបច្ចេកវិទ្យាផ្សេងៗ ជួយឱ្យដំណើរការផលិតកម្មមានផលចំណេញខ្ពស់ជាមុន ដោយសារការប្រើប្រាស់ថាមពលតិច កាត់បន្ថយកំហុសក្នុងការផលិត ហើយផលិតបានលឿនរហ័ស ។

គួរបញ្ជាក់ថា វិស័យផលិតកម្មប្រើប្រាស់បច្ចេកវិទ្យារបស់ជប៉ុនបានចូលរួមចំណែក ២០ភាគរយក្នុងសេដ្ឋកិច្ចជាតិ ។ ការស្ទង់មតិមួយបានរកឃើញថា ៦៥ភាគរយនៃក្រុមហ៊ុនឧស្សាហកម្មនៅក្នុងប្រទេសជប៉ុនចាប់អារម្មណ៍លើការប្រើប្រាស់បច្ចេកវិទ្យា និងអភិវឌ្ឍន៍បច្ចេកវិទ្យាដែលមានស្រាប់ឱ្យកាន់តែប្រសើរ ។ ទន្ទឹមគ្នានេះ គេបានប៉ាន់ប្រមាណជារួមថា ក្រុមហ៊ុននៅជប៉ុននឹងចំណាយថវិកាបន្ថែម ៤,១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលជាផ្នែកដ៏សំខាន់ចូលរួមលើកកម្ពស់ការងារផលិតកម្មនៅត្រឹមឆ្នាំ២០៣០ ដោយចំនួនទឹកប្រាក់នេះកើនឡើងចំនួន ១ពាន់លានដុល្លារលើទំហំទឹកប្រាក់បច្ចុប្បន្ន ។ នៅរវាងឆ្នាំ២០២៣ – ២០២៤ រដ្ឋាភិបាលជប៉ុនបានអនុម័តកញ្ចប់ថវិការ ៣៩,៣ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ភាពធន់នៃសង្វាក់ផលិតកម្មផ្គត់ផ្គង់របស់ជប៉ុន ហើយក្រុមហ៊ុនមួយចំនួនអាចស្នើសុំកម្ចីកញ្ចប់ថវិការសម្រាប់ពង្រឹកច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ថែម ៕































