អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យសាលារៀន ជាពិសេសសាលាឯកជនដែលមានសេវារថយន្តដឹកសិស្ស ពង្រឹងវិធានការការពារសុវត្ថិភាពកុមារ តាមរយៈការជ្រើសរើសអ្នកបើកបរដោយមានលក្ខខណ្ឌច្បាស់លាស់ បំពាក់កាមេរ៉ាសុវត្ថិភាពក្នុង និងខាងក្រៅរថយន្ត ព្រមទាំងមានអ្នកបើកបរ និងជំនួយការ ដើម្បីកាត់បន្ថយហានិភ័យ នៃការបៀតបៀន និងបទល្មើសលើសិស្ស។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានករណីអ្នកបើករថយន្តសាលាឯកជនម្នាក់ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទរំលោភ និងបៀតបៀនកេរខ្មាសលើកុមារីជាសិស្សសាលា។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់ AMS ថា សាលារៀនគួរពិនិត្យលក្ខណៈសម្បត្តិអ្នកបើកបរ មុនពេលសម្រេចជ្រើសរើស ដោយអាចតម្រូវឱ្យមានលិខិតបញ្ជាក់កិរិយាពីឃុំ ឬសង្កាត់ និងលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យប្រវត្តិពាក់ព័ន្ធនឹងបទល្មើស។
លោកបន្តថា រថយន្តដឹកសិស្សគួរមានបុគ្គលិកចាប់ពី២នាក់ឡើងទៅ ដើម្បីជួយមើលថែសិស្ស និងត្រួតពិនិត្យគ្នាទៅវិញទៅមក ជាពិសេសក្នុងអំឡុងពេលដឹកសិស្សពីផ្ទះទៅសាលា និងពីសាលាទៅផ្ទះ។
ជាមួយគ្នានេះ លោក ទូច សុឃៈ បានលើកឡើងថា រថយន្តដឹកសិស្សគួរបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុង និងខាងក្រៅរថយន្ត ដើម្បីអាចតាមដានសកម្មភាពនៅក្នុងរថយន្ត និងជុំវិញរថយន្តបានទូលំទូលាយ។
លោកយល់ថា កាមេរ៉ាអាចជួយបង្ការអំពើខុសឆ្គង ព្រោះអ្នកបើកបរដឹងថា សកម្មភាពរបស់ខ្លួនអាចត្រូវបានតាមដាន។
លោកក៏បានស្នើឱ្យរថយន្តដឹកសិស្សភ្ជាប់ប្រព័ន្ធ GPS ដើម្បីឱ្យសាលាអាចតាមដានទីតាំង និងផ្លូវធ្វើដំណើររបស់រថយន្ត ហើយអាចចាត់វិធានការបាន ប្រសិនបើរថយន្តធ្វើដំណើរខុសពីផ្លូវដែលបានកំណត់ ឬចូលទៅកាន់ទីតាំងដែលគួរឱ្យសង្ស័យ។
បន្ថែមពីនេះ សាលារៀនគួរមានបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌សម្រាប់អ្នកបើកបរឱ្យបានច្បាស់លាស់ ព្រមទាំងរៀបចំកិច្ចប្រជុំជាមួយអ្នកបើកបរជាប្រចាំ ដើម្បីរំលឹកអំពីកាតព្វកិច្ច វិន័យ និងការទទួលខុសត្រូវចំពោះសិស្ស។
លោក ទូច សុឃៈ ក៏បានស្នើឱ្យសាលាជួបសិស្សដែលប្រើប្រាស់រថយន្តសាលាជាប្រចាំ ដើម្បីទទួលព័ត៌មានត្រឡប់មកវិញ ប្រសិនបើមានអាកប្បកិរិយាមិនប្រក្រតីពីអ្នកបើកបរ។ សាលាក៏អាចបង្កើតប្រព័ន្ធទូរសព្ទ ឬកម្មវិធីសម្រាប់ឱ្យសិស្សរាយការណ៍ និងផ្តល់ព័ត៌មានបានទាន់ពេលវេលា។
ដោយឡែក លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ LICADHO ដែលធ្វើការពាក់ព័ន្ធនឹងការពារសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់ AMS ថា ករណីនេះជាបទពិសោធន៍ និងជាមេរៀនមួយ ដែលក្រសួងពាក់ព័ន្ធគួរមានវិធានការច្បាស់លាស់ជាមួយសាលាឯកជន ពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងសេវារថយន្តដឹកសិស្ស ដើម្បីធានាសុវត្ថិភាពរបស់កុមារ។

លោក អំ សំអាត បានបញ្ជាក់ថា សាលាឯកជនគួរមានគោលនយោបាយ និងលក្ខខណ្ឌច្បាស់លាស់ក្នុងការជ្រើសរើសអ្នកបើកបរ ដោយត្រូវពិនិត្យឱ្យបានម៉ត់ចត់ថា អ្នកបើកបរមានអាកប្បកិរិយាល្អ និងអាចទុកចិត្តបាន ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងលើសិស្ស។
លោកក៏យល់ថា រថយន្តដឹកសិស្សមួយគ្រឿងគួរមានអ្នកបើកបរ និងជំនួយការ ដើម្បីជួយនាំសិស្សឡើងចុះរថយន្ត និងមើលថែសុវត្ថិភាពសិស្សនៅពេលធ្វើដំណើរ ព្រមទាំងគាំទ្រឱ្យមានការបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តផងដែរ។
លោក អំ សំអាត ក៏បានអំពាវនាវឱ្យចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកបើកបរដែលប្រព្រឹត្តអំពើបៀតបៀនធ្ងន់ធ្ងរលើកុមារ និងអនុវត្តការផ្តន្ទាទោសតាមច្បាប់ ដើម្បីជាគំរូ និងទប់ស្កាត់កុំឱ្យមានការយកតម្រាប់តាមអំពើខុសច្បាប់បែបនេះ។
សូមជម្រាបថា ជនសង្ស័យឈ្មោះ ស៊ឹម សុគា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើករថយន្ត និងមានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសាលាដំបូងខេត្តកណ្តាលចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។
តាមព័ត៌មានពីសមត្ថកិច្ច កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពការពារកុមារ (CPU) បានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន បន្ទាប់ពីទទួលព័ត៌មានថា បុគ្គលនេះត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងការរំលោភលើកុមារីចំនួន៣នាក់ និងបៀតបៀនកេរខ្មាសលើកុមារីជាសិស្សសាលាផ្សេងទៀត។

សមត្ថកិច្ចបានឱ្យដឹងថា ការស៊ើបអង្កេតបានរកឃើញករណីផលិត និងកាន់កាប់រូបភាព ឬសម្ភារៈអាសអាភាសកុមារ និងបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនឹងជនរងគ្រោះ ដែលកើតឡើងអំឡុងខែកក្កដា ឆ្នាំ២០២៥ និងខែសីហា ឆ្នាំ២០២៦ នៅសាលាអន្តរជាតិមួយ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសាលាដំបូងខេត្តកណ្តាលចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ៕












































































