ក្រុមហ៊ុននានា នៅបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប កំពុងវិនិយោគលើសុខុមាលភាពច្រើនជាងពេលណាៗទាំងអស់ ប៉ុន្តែស្ថានភាពផ្លូវចិត្តរបស់បុគ្គលិក ហាក់ដូចជា កាន់តែអាក្រក់ទៅៗទៅវិញ, នេះបើយោងតាម Euro News ។
ស្ថានភាពការងារសម័យទំនើប កំពុងធ្វើឱ្យធ្វើសុខភាពផ្លូវចិត្តបុគ្គលិក នៅទូទាំងទ្វីបអឺរ៉ុបចុះខ្សោយ ខណៈអ្នកជំនាញក៏មិនទាន់ដឹងពីមូលហេតុនេះច្បាស់នៅឡើយ។

ជិតពាក់កណ្ដាលនៃបុគ្គលិកនៅក្នុងប្រទេសចំនួន ៣០ និយាយថា ពួកគេមានបន្ទុកការងារច្រើនហួសប្រមាណ ខណៈ ៣៤ភាគរយ មានអារម្មណ៍ថា ការងាររបស់ពួកគេមិនទទួលបានការទទួលស្គាល់ ចំពោះសមិទ្ធផលដែលគេសម្រេចបាន និង១៦ភាគរយ និយាយថា ពួកគេប្រឈមមុខនឹងអំពើហិង្សា ឬការយាយី ដោយពាក្យសម្ដីនៅកន្លែងធ្វើការ, នេះបើតាមការស្ទង់មតិមួយ ដែលបានចេញផ្សាយកាលពីដើមឆ្នាំ ២០២៥ ដោយទីភ្នាក់ងារសុវត្ថិភាព និងសុខភាពអឺរ៉ុបនៅកន្លែងធ្វើការ។
ទោះបីជាមានកំណើននៃការយកចិត្តទុកដាក់របស់ក្រុមហ៊ុន មកលើសុខភាពបុគ្គលិកក៏ដោយ ក៏សម្ពាធទាំងនោះមិនបង្ហាញសញ្ញាធូរស្រាល។ កាលពីដើមឆ្នាំនេះ អ្នកស្រាវជ្រាវនៅប្រទេសអូស្ត្រាលីបានកំណត់អត្តសញ្ញាណនៃភាពផ្ទុយគ្នា ដែលកំពុងកើតមាន ៖ ប្រទេស និងក្រុមហ៊ុនជាច្រើន កំពុងវិនិយោគច្រើនជាងពេលណាៗទាំងអស់លើសុខភាពផ្លូវចិត្តនិយោជិក ប៉ុន្តែសុខភាពផ្លូវចិត្តពួកគេហាក់ដូចជាកាន់តែអាក្រក់ទៅៗ។
លោកស្រី Sonia Nawrocka មកពីវិទ្យាស្ថានសហភាពពាណិជ្ជកម្មអឺរ៉ុប (ETUI) បានលើកឡើងថា បន្ទាប់ពីជំងឺរាតត្បាត យើងបានជួបប្រទះនឹងការកើនឡើង នូវចំនួនមនុស្សកំពុងជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត បណ្ដាលមកពីការងារ ជាពិសេសគឺ បញ្ហាអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត (Burn Out)។
ក្រុមហ៊ុននានានៅអឺរ៉ុបបានចំណាយប្រាក់ប្រហែល ១៩,៦ ពាន់លានដុល្លារ (១៦,៩ ពាន់លានអឺរ៉ូប) ក្នុងឆ្នាំ ២០២៣ លើគំនិតផ្ដួចផ្ដើមសុខុមាលភាពនៅកន្លែងធ្វើការ ដោយចាប់ពីគំនិតផ្ដួចផ្ដើម នៃការយកចិត្តទុកដាក់ និងការគ្រប់គ្រងភាពតានតឹង រហូតដល់ការបង្វឹកសុខភាពផ្លូវចិត្តជាលក្ខណៈបុគ្គល។ បច្ចុប្បន្ន បុគ្គលិកជនជាតិអឺរ៉ុបប្រហែល ២៩ភាគរយ អាចទទួលបានសេវានេះ។

យ៉ាងណាក៏ដោយ ការស្រាវជ្រាវបង្ហាញថា កម្មវិធីទាំងនេះច្រើនតែបរាជ័យក្នុងការដោះស្រាយបញ្ហារចនាសម្ព័ន្ធ ដែលគេស្គាល់ថា ជាហានិភ័យផ្លូវចិត្ត ដូចជា ភាពតានតឹងក្នុងការងារ ម៉ោងធ្វើការយូរ ភាពអសន្តិសុខក្នុងការងារ កង្វះការទទួលស្គាល់ និងការប៊ូលី ប៉ុន្តែមិនបានលើកឡើងអំពីការផ្លាស់ប្ដូរសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដ៏ធំ ដែលកំពុងផ្លាស់ប្ដូរនោះទេ៕































