ភាពខុសគ្នានៃវប្បធម៌ របៀរស់នៅ បរិយាកាសធំធាត់ របៀបនៃការចិញ្ចឹមបីបាច់ពីសំណាក់អាណាព្យាបាល ឬឱកាសទទួលបានការអប់រំ និងការបញ្ជ្រាបផ្នត់គំនិតតាមរយៈមជ្ឈដ្ឋានសង្គម បានរុញច្រានឱ្យកម្រិតនៃទំនុកចិត្តរបស់បុគ្គលម្នាក់ៗមានភាពខុសគ្នាទៅតាមនោះដែរ។ ទំនុកចិត្តចំពោះខ្លួនឯង ជាជំនាញមួយដែលត្រូវការប្រើប្រាស់ជាប្រចាំ ជាពិសេសក្នុងអាជីពការងារ ឬការប្រាស្រ័យទាក់ទងគ្នា។ តាមរយៈគេហទំព័រ INC. បានប្រាប់ពីទម្លាប់៤ចំណុចក្នុងការពង្រឹងទំនុកចិត្ត ដោយអនុវត្តន៍ចេញពីខ្លួនឯងត្រឹមតែប្រាំនាទីក្នុងមួយថ្ងៃ។
១. មោទនភាពជាមួយខ្លួនឯង និងភាពជោគជ័យតូចៗ ៖ អ្នកចិត្តវិទ្យាបានលើកឡើងជាច្រើនពាក់ព័ន្ធនឹងគុណតម្លៃនៃការរក្សាគោលដៅតូចៗ និងដឹងគុណរាល់សមិទ្ធផលដែលកើតមាន មិនថា សមិទ្ធផលទាំងនោះស្ថិតក្នុងទំហំប៉ុន្មាននោះទេ។ ការធ្វើបែបនេះបានរួមចំណែកឱ្យមានទំនុកចិត្តចំពោះខ្លួនឯង ព្រោះមានទម្លាប់ពេញចិត្តចំពោះអ្វីដែលមាននៅក្នុងដៃ រួមទាំងជំរុញឱ្យមានជំហរមើលឃើញពីភាពទៅរួច និងគិតរកដំណោះស្រាយជំនួសឱ្យភាពជាប់គាំងពេលជួបបញ្ហាម្តងៗ ទន្ទឹមគ្នានោះ គួរមានទម្លាប់និយាយពាក្យល្អៗជាមួយខ្លួនឯង ហើយកាត់បន្ថយការរិះគន់ដើម្បីបញ្ចៀសខ្លួនពីការគិតបែបអវិជ្ជមាន។

២. សមាធិត្រឹមតែប្រាំនាទីក៏បាន ៖ ការអនុវត្តសកម្មភាពសមាធិបានរាល់ថ្ងៃ ជះឥទ្ធិពលវិជ្ជមានទៅកាន់កំណើននៃទំនុកចិត្តចំពោះខ្លួនឯងផ្ទាល់ ដោយហេតុថា សមាធិជាវិធីមួយដែលជួយទាញសតិអារម្មណ៍ឱ្យស្ថិតក្នុងបច្ចុប្បន្នភាព និងជាអាវុធមុតស្រួចក្នុងការកម្ចាត់ចោលផ្នត់គំនិតអវិជ្ជមាន និងការបន្ទោសបង្អាប់ចំពោះខ្លួនឯង។ បើនិយាយអំពីរបៀបក្នុងការធ្វើសមាធិវិញ មិនចាំបាច់ត្រាប់តាមច្បាប់ក្បួនដោយអង្គុយបិទភ្នែកនៅស្ងៀមរហូតនោះទេ គឺអាចប្រើប្រាស់វិធីផ្សេងៗដែលគិតថាងាយស្រួលសម្រាប់ខ្លួនឯងដូចជាការអានសៀវភៅ និងការសម្លឹងទៅធម្មជាតិជាដើម ។

៣. ឆ្លៀតពេលធ្វើលំហាត់ប្រាណ ៖ កម្រិតនៃការបង្កើនភាពជឿជាក់លើខ្លួនឯងតាមរយៈការហាត់ប្រាណ គឺអាស្រ័យលើភាពទៀងទាត់និងការប្តេជ្ញាចិត្ត ឬក៏វិធីសាស្រ្តរៀងៗខ្លួន ដូច្នេះ គេមិនអាចវាស់វែងជារួមបានទេ! ពេលខ្លះអាចទទួលបាននូវលទ្ធផលលើសពីការរំពឹងទុកក៏មានដែរ ព្រោះការហាត់ប្រាណបានផ្តល់លទ្ធផលភ្លាមៗដូចជាអារម្មណ៍ស្រស់ស្រាយ ព្រោះអរម៉ូនសុភមង្គលមួយផ្នែកដែលបញ្ចេញពីរាងកាយ និងបង្កើនឡើងតាមរយៈសកម្មភាពរាងកាយ ហើយថែមទាំងជំរុញចិត្តឱ្យបន្តអនុវត្តន៍ទម្លាប់ល្អៗបានទៀងទាត់ដោយការធ្វើលំហាត់ប្រាណ។ សកម្មភាពដែលរួមចំណែកឱ្យរាងកាយសកម្មមានដូចជា ធ្វើយូហ្គា ពត់ដៃពត់ជើង ដើរ រត់ និងសកម្មភាពដទៃទៀត អនុវត្តន៍យ៉ាងហោចណាស់ឱ្យបាន១០ ទៅ១៥នាទីក្នុងមួយថ្ងៃ។

៤. សេពគប់ក្រុមមនុស្សផ្តល់ទស្សនៈវិជ្ជមាន ៖ ដោយសារតែមនុស្សដែលនៅក្បែរមានឥទ្ធិពលទៅកាន់ការគិត និងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ទើបតម្រូវឱ្យបុគ្គលម្នាក់ៗត្រូវតែមានភាពហ្មត់ចត់ ក្នុងការជ្រើសប្រភេទមនុស្សដើម្បីសេពគប់។ រង្វង់មនុស្សដែលត្រូវទំនាក់ទំនងជាប្រចាំ គួរតែជាប្រភេទមនុស្សដែលមានផ្នត់គំនិតផ្តោតលើភាពចម្រើន ការអភិវឌ្ឍសមត្ថភាពជាប្រចាំ និងការបំផុសទឹកចិត្តគ្នាទៅវិញទៅមក។ មួយវិញទៀត មនុស្សនៅក្បែរខ្លួនគួរតែមានចំណុចណាមួយ ដែលអាចយកជាគំរូតាមបាន ដូចជា គំរូភាពនៃការរៀបចំពេលវេលា រៀបចំហិរញ្ញវត្ថុ និងរៀបចំជីវិតរស់នៅជាដើម៕




























