របាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញកាលពីសប្ដាហ៍មុនថា បញ្ញាសិប្បនិម្មិត (AI) អាចពង្រីកគម្លាតរវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ដោយអំពាវនាវឱ្យមានវិធានការ គោលនយោបាយ ដើម្បីកំណត់ផលប៉ះពាល់។
របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានព្រមានអំពី ភាពខុសគ្នាយ៉ាងខ្លាំង ដែលអាចកើតមានរវាងប្រទេសនានា ទាក់ទងនឹងសេដ្ឋកិច្ច ជំនាញរបស់ប្រជាជន និងប្រព័ន្ធគ្រប់គ្រង។

លោក Philip Schellekens ប្រធានសេដ្ឋវិទូនៃការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ UNDP បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «យើងគិតថា បញ្ញាសិប្បនិម្មិត (AI) កំពុងប្រកាសពីយុគសម័យថ្មីមួយ នៃវិសមភាព ដែលកើនឡើងរវាងប្រទេសនានា បន្ទាប់ពីការបញ្ចូលគ្នាអស់រយៈពេលជាច្រើនឆ្នាំ ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។»
របាយការណ៍របស់ UNDP ដែលមានចំណងជើងថា «ភាពខុសគ្នាដ៏ធំបន្ទាប់ ៖ ហេតុអ្វីបានជា AI អាចពង្រីកវិសមភាពរវាងប្រទេសនានា» បានលើកឡើងថា ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍបានជួយបិទគម្លាតរវាងរដ្ឋនានាក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយនាំឱ្យមានការប្រសើរឡើងនូវប្រាក់ចំណូល សុខភាព និងការអប់រំ។ ប៉ុន្តែក្នុងរយៈពេលនៃការវិវត្តន៍នៃបច្ចេកវិទ្យា AI អាចនាំឱ្យមានបញ្ហាប្រឈម ដែលនឹងនាំឱ្យមានហានិភ័យ គម្លាតចំណូល សុខភាព និងការអប់រំ។

លោក Schellekens បង្ហាញការយល់ឃើញថា នៅទីបំផុត សូម្បីតែប្រទេសអ្នកមាន ក៏ប្រឈមនឹងវិបត្តិដែរ ប្រសិនបើរដ្ឋក្រីក្រ ទទួលយកការប្រើប្រាស់ AI មិនទាន់សភាពការណ៍។ លោកមានប្រសាសន៍ថា ប្រសិនបើវិសមភាពនៅតែបន្តកើនឡើង ឥទ្ធិពលនៃផលប៉ះពាល់នោះ អាចជាប់ទាក់ទងនឹងរបៀបវារៈសន្ដិសុខ ទាក់ទងនឹងទម្រង់នៃការធ្វើចំណាកស្រុក គ្មានឯកសារស្របច្បាប់ ដែលនេះក៏ជាបញ្ហាមួយ ដែលគួរឱ្យបារម្ភខ្លាំងផងដែរ៕































