ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តចូលរួមលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីចូលរួមចំណែកក្នុងការកសាងមូលធនមនុស្សឱ្យកាន់តែខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាការពិត គ្រឹះស្ថានអប់រំគឺជាថ្នាលបណ្តុះធនធានបញ្ញាញាណ, បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះលក្ខណៈសម្បត្តិសមស្របដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរទ្រូង និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគនៃការកសាងកំណើន សេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹង។ ជាពិសេសបណ្តុះបណ្តាលនិស្សិតឱ្យឆ្លើយតបតម្រូវការទីផ្សារការងារសម្រាប់ស្ថាប័នរដ្ឋ និង ឯកជន ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និង ទស្សនវិស័យអភិវឌ្ឍកម្ពុជាទៅស្របតាមចក្ខុវិស័យកម្ពុជា២០៥០។
ក្នុងន័យនេះ រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់, ឱ្យតម្លៃខ្ពស់ និងផ្ដល់អាទិភាពដល់វិស័យ អប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់, មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និង ការអប់រំអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌, អរិយធម៌, កិត្តិយស, កិត្យានុភាព និងមោទនភាពជាតិ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យអប់រំ រាជរដ្ឋាភិបាល បានបន្តអនុវត្តយុទ្ធសាស្រ្តកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ដោយកំណត់យកបញ្ចកោណទី១ ការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្រ្តអាទិភាព។ ជាពិសេស ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ប្រកបដោយសីលធម៌ និង សមធម៌ នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងរដ្ឋ និង ឯកជន ដោយផ្ដោតលើចំណេះដឹង, បទពិសោធ ជំនាញបច្ចេកទេស ជំនាញវិជ្ជាជីវៈ សមត្ថភាពសហគ្រិនភាព, ការច្នៃប្រតិដ្ឋ, គុណធម៌ សីលធម៌,មនសិការស្នេហាជាតិ និង ស្មារតីទទួលខុសត្រូវ ដើម្បីតម្រង់ទិសឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានធ្វើការកត់សម្គាល់ដែរថា ក្នុងបរិការណ៍កើនឡើងនៃបរិវត្តកម្មឌីជីថល, កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្ស ប្រកបដោយជំនាញខ្ពស់, គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ដើម្បីធានាបាននូវសក្ដានុពលភាពប្រកួតប្រជែងជាអន្តរជាតិ, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ដូច្នេះសម្តេចលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡានិង វិស័យឯកជន ត្រូវបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ចនិង សង្គម, ការប្រែប្រួលអាកាសធាតុ, ការប្រកួតប្រជែងនៃទីផ្សារការងារ និងសកលភាវូបនីយកម្ម។

សូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ពោលគរយៈពេល២៥ឆ្នាំទៅមុខទៀត កម្ពុជានឹងក្លាយទៅជាសង្គមជាតិមួយដ៏រស់រវើក, ជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់រឹងមាំ, ប្រជាជនកម្ពុជា មានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត, ប្រជាជនកម្ពុជា រស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយសមធម៌ ស្មើសិទ្ធិ ស្មើឱកាស, កម្ពុជា នឹងក្លាយជាប្រទេសមាន បរិស្ថានរូបវន្ត ធម្មជាតិប្រកបដោយសុខដុមភាព ភាពទន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ៕































