មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ គឺពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តិធ្វើរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ដោយផ្តល់ឱកាសការងារជាង៣ម៉ឺនកន្លែងពីក្រុមហ៊ុនរោងចក្រ និងសហគ្រាសធំៗចំនួន១៥០ នៅអគារពិព័រណ៌កោះពេជ្រ។
យោងតាមមន្រ្តីទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំនេះ គឺមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។ មន្រ្តីដដែលបន្ថែមថា ក្នុងព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ ក្រៅពីផ្តល់ឱកាសការងារដល់សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើចំនួនជាង៣ម៉ឺនកន្លែងហើយ ក៏មានរួមបញ្ចូលសិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹងផលិតភាពការងារ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់ នៃការបង្កើនផលិតភាពការងារ និងសហគ្រិនភាព បញ្ហាប្រឈម នៃផលិតភាព និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍមួយចំនួនប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងប្រក្រតីថ្មី។

ពិព័រណ៍ការងារថ្នាក់ជាតិ ត្រូវបានរៀបចំធ្វើជាលើកដំបូងនៅក្នុងឆ្នាំ២០១១ គិតមកដល់ពេលនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិនេះចំនួន១៣លើករួចមកហើយ ក្នុងគោលបំណង រក្សាតុល្យភាពក្នុងទីផ្សារការងារ តាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើកំពុងមានតម្រូវការការងារ, និយោជក និងអ្នកស្វែងរកការងារអាចជ្រើសរើសបុគ្គលិក និងដាក់ពាក្យសុំការងារផ្ទាល់ ឬសម្ភាសន៍ការងារនៅនឹងកន្លែងដោយស្រួល, បង្កើតឱ្យមានវេទិកាការងារដ៏ធំជួបជុំគ្នានៅមួយកន្លែងដោយងាយស្រួល រវាងអ្នកស្វែងរកការងារ និងនិយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ, បន្តជំរុញលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារតាមរយៈសិក្ខាសាលាផលិតភាព, បន្តជំរុញលើកកម្ពស់ការយល់ដឹងស្តីពីសហគ្រិនភាព។
តាមរបាយការណ៍របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ សម្រាប់រយៈពេល៦ឆ្នាំចុងក្រោយនេះ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិបានកៀរគរអ្នកចូលរួមទស្សនាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងផ្តល់ឱកាសការងារដល់សិស្សនិស្សិត និងពលរដ្ឋរាប់ម៉ឺននាក់ ក្នុងនោះកាលឆ្នាំ២០១៨ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសការងារជាង២ម៉ឺននាក់ ហើយទទួលបាន CV ចំនួនជាង៤ម៉ឺន, ឆ្នាំ២០១៩ ផ្តល់ឱកាសការងារជាង ១ម៉ឺនកន្លែង និងទទួលបាន CV ចំនួនជិត៥ម៉ឺន, ឆ្នាំ២០២០ ផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង នឹងទទួលបាន CV ចំនួនជាង១ពាន់, ឆ្នាំ២០២១ ផ្តល់ឱកាសការងារជាង២ម៉ឺនកន្លែង នឹងទទួលបាន CV ចំនួនជាង១ពាន់, ឆ្នាំ២០២២ ផ្តល់ឱកាសការងារ២ម៉ឺនកន្លែង នឹងទទួលបាន CV ជាង២ម៉ឺន៤ពាន់ ហើយចុងក្រោយនេះ នៅឆ្នាំ២០២៣ ផ្តល់ឱកាសការងារជាង ២ម៉ឺន១ពាន់កន្លែង ហើយទទួលបាន CV ចំនួនជាង ២ម៉ឺន២ពាន់ CV។




យ៉ាងណាក៏ដោយសម្រាប់ឆ្នាំ២០២៤នេះ ជាមួយនឹងការផ្តល់ឱកាសការងារជាង៣ម៉ឺនកន្លែង ពីក្រុមហ៊ុនសហគ្រាសប្រមាណ ១៥០ ទីភ្នាក់ងារជាតិមុខបរ និងការងារ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ៤ម៉ឺននាក់ ដូច្នេះសម្រាប់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ សូមកុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ដើម្បីទទួលបានឱកាសការងារដែលខ្លួនប៉ងប្រាថ្នា៕































