ភ្នំពេញ – បច្ចុប្បន្នទូរស័ព្ទដៃឆ្លាតវៃត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយ ហើយការកើនឡើងចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃឆ្លាតវៃនេះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទជាច្រើននៅលើពិភពលោកបង្កើតកម្មវិធីទូរស័ព្ទជាច្រើន ដើម្បីបម្រើសេចក្តីត្រូវការនិងជួយសម្រួលដល់ការរស់នៅរបស់មនុស្ស។
លោក ឡី កំថូង អ្នកជំនាញសរសេរកម្មវិធីទូរស័ព្ទនិងកុំព្យូទ័រ និងជានាយកប្រតិបត្តិរបស់ PAPA Deliver ដែលជាកម្មវិធីទូរស័ព្ទមួយបង្កើតឡើងដើម្បីជួយសម្រួលដល់ការណាត់ជួបរវាងអ្នកដឹកទំនិញ និងអ្នកត្រូវការដឹកទំនិញនៅក្នុងប្រទេសកម្ពុជា។ មិនមែនត្រឹមតែ App មួយនេះទេ លោករួមជាមួយនឹងក្រុមការងារបានបង្កើត App និងកម្មវិធីកុំព្យូទ័រជាច្រើនទៀតសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនានានៅក្នុងប្រទេសកម្ពុជា។

តើដើម្បីបង្កើតកម្មវិធីទូរស័ព្ទនេះបានត្រូវមានជំនាញអ្វីខ្លះ? លោក ឡី កំថូង បានបញ្ជាក់ថា ដើម្បីបង្កើតកម្មវិធីទូរស័ព្ទដៃមួយបាន ត្រូវការជំនាញតូចៗមួយចំនួនពីអ្នកជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ដូចជា ការសរសេរកម្មវិធី Web Application សរសេរ API និងសរសេរកម្មវិធីទូរស័ព្ទដៃ។ នៅពេលផ្គុំជំនាញតូចៗទាំងបីនេះបញ្ចូលគ្នា អាចឱ្យអ្នកជំនាញបង្កើតកម្មវិធីទូរស័ព្ទដៃដ៏ល្អមួយបានហើយ។
អ្នកជំនាញរូបនេះ បានឱ្យដឹងទៀតថា ដើម្បីរៀនជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ អ្នកសិក្សាត្រូវតែមានមូលដ្ឋានគ្រឹះមុខវិជ្ជាវិទ្យាសាស្រ្ត ដូចជា គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាជាដើម ។ ក្នុងនោះអ្នកសិក្សាក៏ត្រូវតែមានគំនិតច្នៃប្រតិដ្ឋ អត់ធ្មត់ ព្យាយាម និងស្រាវជ្រាវបានច្រើន។

តាមលោក ឡី កំថូង មុខជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែមានតម្រូវការខ្លាំង ព្រោះថាស្ទើរគ្រប់វិស័យមិនថាភោជនីយដ្ឋាន សណ្ឋាគារ ផ្សារទំនើប ធនាគារ ឬរោងចក្រនោះទេ ត្រូវពឹងផ្អែកលើបច្ចេកវិទ្យាទាំងស្រុង។ អនាគតបច្ចេកវិទ្យាជាធាតុផ្សំមួយសម្រាប់ការរស់នៅរបស់មនុស្សផងដែរ។
សូមជម្រាបថា ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រជាជំនាញមួយសិក្សាអំពីបច្ចេកវិទ្យាកុំព្យូទ័រ ដែលទាក់ទងទាំង Hardware និងទាំង Software របស់កុំព្យូទ័រ ។ ការសិក្សាជំនាញនេះ គឺមានគោលដៅបង្កើតកម្មវិធីកុំព្យូទ័រ បង្កើតគេហទំព័រ បង្កើតប្រព័ន្ធគ្រប់គ្រង ក៏ដូចជាបង្កើតកម្មវិធីទូរស័ព្ទដៃដែលជួយសម្រួលទៅលើការងារគ្រប់វិស័យ ដូចជាធនាគារ ទេសចរណ៍ និងវិស័យភោជនីយដ្ឋានជាដើម។ នេះបើតាមការលើកឡើងរបស់លោក ឡី កំថូង ។

បើយោងតាមគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនេះ ថ្លៃសិក្សាមានចន្លោះពី ៤០០ ទៅ១០០០ដុល្លារនៅក្នុងមួយឆ្នាំ។

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។