ភ្នំពេញ ៖ សុខភាពផ្លូវចិត្តជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនោះគឺសម្រាប់សិស្សានុសិស្ស ។ នៅវ័យជំទង់ស្ថិតក្នុងការសិក្សា សិស្សានុសិស្សមានបញ្ហាចាក់ស្រេសជាច្រើន ហើយបញ្ហាទាំងនេះបានធ្វើឱ្យសិស្សមួយចំនួនមានជំងឺផ្លូវចិត្ត បាក់ទឹកចិត្ត ហើយខ្លះមានទាំងករណីសម្លាប់ខ្លួនទៀតផង។ ដោយសារមូលហេតុនេះ ទើបអ្នកជំនាញផ្លូវចង់ឃើញមានអ្នកជំនាញផ្លូវចិត្តនៅតាមគ្រឹះស្ថានសិក្សា ដើម្បីប្រឹក្សាយោបល់ និងជាផ្នែកមួយជំរុញឱ្យសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ និងការសិក្សារបស់សិស្សនុសិស្សទទួលបានលទ្ធផលល្អ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកជំនាញឯកទេសវិកលវិទ្យា កំពុងបំរើការក្នុងផ្នែកពិគ្រោះជម្ងឺផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានមានប្រសាសន៍ថា គួរមានអ្នកប្រឹក្សាយោបល់ផ្លូវចិត្តមួយនៅតាមសាលារៀន ជាក់ស្ដែងក្មេងប្រើប្រាស់គ្រឿងស្រវឹង ដូច្នោះត្រូវមានអ្នកជំនាញខាងផ្លូវចិត្តដើម្បីបណ្ដុះ និងពន្យល់ពួកគាត់អំពីបញ្ហារឿងនេះ។ លោកថា ការអប់រំដោយផ្ទាល់តាមរយៈការសិក្សាពីលោកគ្រូអ្នកគ្រូ និងកម្មវិធីសិក្សានៅក្នុងសាលារៀនបានបង្រៀនជាទូទៅនៃផលប៉ះពាល់ ប៉ុន្តែបើសិនជាក្មេងនោះគាត់ប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនដោយសារតែវិប្បត្តិផ្លូវចិត្ត ត្រូវមានអ្នកជំនាញខាងផ្លូវចិត្តដើម្បីណែនាំ អប់រំ និងប្រឹក្សាយោបល់ទៅដល់សិស្សពីដំបូង ដើម្បីឱ្យពួកគាត់បានស្វែងយល់អំពីសុខភាពផ្លូវចិត្តជារួម និងយល់ដឹងអំពីសុខភាពផ្លូវចិត្តរបស់ខ្លួនឯងផងដែរ។
“យើងគួរតែមានអ្នកប្រឹក្សារយោបល់ផ្លូវចិត្តនៅតាមសាលារៀន ដើម្បីឱ្យសុខុមាលរបស់សិស្សល្អជារួមនឹងបានជួយទៅដល់ការសិក្សារបស់ពួកគាត់! នោះជាពេលដែលសិស្សានុសិស្សទទួលពុទ្ធិ ចំណេះដឹងល្អ ពីព្រោះកាលណាមុខងារខួរក្បាលគាត់ល្អ មិនមានជំងឺផ្លូវចិត្ត និងនាំមកនូវការសិក្សាល្អទៀតផង”
វេជ្ជបណ្ឌិត យឹម សុបុត្រា
លោកវេជ្ជបណ្ឌិត ស៊ី រ៉ាតូ ឯកទេសវិកលវិទ្យាបំរើការនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានលើកឡើងថា វាជារឿងល្អបើក្រសួងអប់រំមានលទ្ធភាព ដាក់អ្នកជំនាញផ្លូវចិត្តប្រឹក្សាយោបល់នៅតាមសាលា ប៉ុន្តែដំបូងត្រូវពន្យល់ឱ្យសិស្សានុសិស្សទាំងអស់យល់ថា អ្វីគឺជាការប្រឹក្សាយោបល់ផ្លូវចិត្ត។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា សុខភាពផ្លូវចិត្តវាពិតជាសំខាន់សម្រាប់សិស្ស ដោយបច្ចុប្បន្នអ្នកមានបញ្ហាផ្លូវចិត្តកើតឡើងជាលំដាប់។ សុខភាពផ្លូវចិត្តវាកើតឡើងសម្រាប់មនុស្សគ្រប់រូបដូចទៅនឹងជំងឺទូទៅ ប៉ុន្តែបើសិនជាបានបង្រៀនឱ្យមានការយល់ដឹងអំពីបញ្ហានេះតាំងពីកុមារភាពមក ធ្វើឱ្យសិស្សានុសិស្សមានការប្រុងប្រុយ័ត្ន ហើយបើពួកគេមានអាការៈមិនប្រក្រតីផ្នែកផ្លូវចិត្តធ្វើឱ្យពួកគេក្លាហានស្វែងរកជំនួញបន្ទាន់។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំបានគិតគូរអំពីបញ្ហាផ្លូវចិត្តជាខ្លាំង ដោយបានបញ្ជូលទៅតាមសៀវភៅសិក្សាក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តនៅសាលារៀនទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ។ សៀវភៅសិក្សាគោលអប់រំសុខភាព ដែលមាន៦ សមាសភាគ ក្នុងនោះ សុខភាពផ្លូវចិត្ត គឺជាសមាសភាគទី២ ដែលមានពីថ្នាក់ទី១ ដល់ទី១២ ហើយបច្ចុប្បន្នបានបញ្ចប់ការរៀបចំកម្រិតថ្នាក់ទី ១, ២, ៤, ៥, ៧, ៨, ១០ និង ថ្នាក់ទី១១ ។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បញ្ជាក់ថា ក្រសួងអប់រំបានយកចិត្តទុកដាក់កម្រិតខ្ពស់លើករណីសុខភាពផ្លូវចិត្តរបស់អ្នកសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចនេះហើយបានជាក្រសួងអប់រំបានបញ្ចូលសមាសភាគសុខភាពផ្លូវចិត្តទៅក្នុងកម្មវិធីសិក្សាជាតិ ក៏ដូចជាអភិវឌ្ឍគោលការណ៍ប្រតិបត្តិ “ស្តីពីការសង្រ្គោះផ្លូវចិត្តបឋមនៅតាមគ្រឹះស្ថានសិក្សា” ដែលស្របនឹងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា និងផែនការយុទ្ធសាស្រ្ត២០២០-២០៣០៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។