ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមន្ទីរអប់រំក្រុងប៊ូសានសាធារណរដ្ឋកូរ៉េ នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការងារបង្រៀន និងរៀនក្នុងបរិបទឌីជីថលចាប់ពីថ្ងៃទី១៩-២៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ ជ្រើសរើសគ្រូបង្រៀនកម្ពុជាចំនួន១៨រូប ដែលបង្រៀននៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងមានបំណងលើកកម្ពស់សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀនលើឯកទេសរបស់ខ្លួន។

សម្រាប់លក្ខខណ្ឌ នៃការជ្រើសរើស ជាគ្រូបង្រៀនគ្រប់ឯកទេស ដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ, មានកម្រិតចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បានទាំងនិយាយ សរសេរ និងស្តាប់។ លើសពីនេះ មានចំណូលចិត្តប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ធ្លាប់ធ្វើការងារពាក់ព័ន្ធនឹងកុំព្យូទ័រ ឬសម្ភារៈបច្ចេកវិទ្យាឌីជីថលមានសម្ភារៈបច្ចេកវិទ្យាព័ត៌មានបម្រើដល់ការបង្រៀន និងរៀនតាមបែបឌីជីថល ។ ម៉្យាងវិញទៀត មានសុខភាពល្អទាំងកាយសម្បទា និងសតិបញ្ញាមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិចត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ។
សិក្ខាកាមទាំងអស់ដែលបានជ្រើសរើសត្រូវចូលរួមប្រជុំមុនពេលចេញដំណើរ និងចូលរួមការប្រជុំណែនាំចាំបាច់នានាទៅតាមការសម្របសម្រួលរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។ ទន្ទឹមគ្នានេះ សិក្ខាកាមក៏ត្រូវចែករំលែកបន្តនូវចំណេះដឹងដែលខ្លួនបានរៀនទៅមិត្តរួមការងារ និងយកទៅបង្រៀនសិស្សដោយរៀបចំរបាយការណ៍ប្រចាំត្រីមាសស្តីពីវឌ្ឍនភាពនៃការចែករំលែកបន្តទៅលើចំណេះដឹង ជំនាញនិងបទពិសោធន៍ នៃវគ្គបណ្តុះបណ្តាលនេះ។

បេក្ខជនដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលខាងលើ សូមដាក់ពាក្យស្នើសុំតាមតំណភ្ជាប់ https://bit.ly/BusanTR2022 ដោយផុតកំណត់ត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទីរសៀល។ សម្រាប់ព័ត៌មានផ្សេងៗសូមទាក់ទងមកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន តាមលេខទូរស័ព្ទ ឬតេឡេក្រាម ០១៧ ៨៥៧ ៥៩៨/ ០៩៦ ៩៨១ ១១៨៦ ឬតាមរយៈអ៊ីម៉ែល busan@moeys.gov.kh ។
គួរបញ្ជាក់ថា រាល់ការចំណាយទាំងអស់រួមមាន ការធ្វើដំណើរទៅនិងមក ការស្នាក់នៅ និងហូបចុក គឺជាបន្ទុករបស់ភាគីកូរ៉េ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។