ភ្នំពេញ- លោកគ្រូអ្នកគ្រូមិនត្រឹមតែបង្ហាត់បង្រៀនកូនសិស្សឱ្យក្លាយជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ ឬបុគ្គលិកក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបង្រៀនកូនសិស្សឱ្យចេះរកចំណូល ដោយបណ្តុះគំនិតកូនសិស្សឱ្យមានចរិត កាយវិកា និងចិត្តសហគ្រិនភាពក្នុងខ្លួន ហើយនេះគឺជារឿងសំខាន់។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញចុះពិនិត្យសាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ដើម្បីឱ្យមានសហគ្រិនភាព ឯកឧត្តមនឹងជួយលើវិស័យសិក្សាមួយចំនួនដល់សិស្សានុសិស្សនៅខេត្តព្រះសីហនុ រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស គណិតវិទ្យា ឬកម្មវិធីសាលាជំនាន់ថ្មី ដែលសិក្សាលើសិល្បៈ ប្រវត្តិសាស្ត្រ សង្គមជាដើម ។ ឯកឧត្តមបន្តថា ខេត្តព្រះសីហនុជាខេត្តសំខាន់ ជាខេត្តទេសចរណ៍ ជាតំបន់សេដ្ឋកិច្ចពិសេសមានកំពង់ផែ និងអាកាសយានដ្ឋាន ដែលអាចចាត់ទុកថា ជាខេត្តរកចំណូលធំមួយសម្រាប់ប្រទេសកម្ពុជា ។
ឯកឧត្តម សាយ សំអាល់
“អ្នកខេត្តព្រះសីហនុត្រូវតែពូកែទាំងចំណេះ ជំនាញ ហើយអាចប្រើប្រាស់ភាសាយ៉ាង តិច២ភាសា ក្រៅពីភាសាខ្មែរជាភាសាកំណើត ក្នុងនោះភាសាអង់គ្លេសជាភាសាចំណេះដឹង និងភាសាចិនជាភាសាពាណិជ្ជកម្ម ដែលទាំងអស់នេះ គឺផ្តើមចេញពីការអប់រំ”
នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញនូវចក្ខុវិស័យសេដ្ឋកិច្ច-សង្គមកិច្ច ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍប្រព័ន្ធអប់រំប្រកបដោយគុណភាព សមធម៌និងបរិយាបន្ន ដោយផ្តោតសំខាន់លើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការយកចិត្តទុកដាក់លើការអប់រំកាយ សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

គួរជម្រាបជូនថា ការចុះពិនិត្យ និងជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឈិន ចាន់ពណ៌ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងលោកគ្រូអ្នកគ្រូជាច្រើនរូបផងដែរ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។