ការប្រឡងមិនត្រឹមតែជាការវាស់ស្ទង់ចំណេះដឹង និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងផ្លូវចិត្ត និងសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ផងដែរ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួលបានលទ្ធផលល្អ ដោយសារតែការភ័យញាប់ញ័រ និងសម្ពាធផ្លូវចិត្តក្នុងម៉ោងប្រឡង។
ដើម្បីជួយឱ្យសិស្សនិស្សិតអាចរក្សាភាពស្ងប់ស្ងាត់ និងទាញយកសមត្ថភាពពិតមកប្រើប្រាស់បានពេញលេញ យើងសូមបង្ហាញគន្លឹះសំខាន់ៗចំនួន ៦ ដែលដកស្រង់ចេញពីសៀវភៅ «គោលការណ៍ចិត្តសាស្ត្រនៃការគ្រប់គ្រងភាពតានតឹង និងការត្រៀមប្រឡង» ៖
១. ការត្រៀមខ្លួនជាថ្នាំស័ក្តិសិទ្ធិ (Preparation is Key)
ភាពភ័យខ្លាចភាគច្រើនកើតចេញពីការខ្វះទំនុកចិត្តលើខ្លួនឯង។ ការរំលឹកមេរៀនជាប្រចាំ និងការចៀសវាងការសម្រុកមើលសៀវភៅច្រើន និងរៀននៅយប់ចុងក្រោយមុនថ្ងៃប្រឡង គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការកសាងទំនុកចិត្ត និងជួយឱ្យខួរក្បាលចងចាំបានល្អ។
២. អនុវត្តការដកដង្ហើមវែងៗ (Deep Breathing)

នៅពេលអង្គុយក្នុងបន្ទប់ប្រឡង ប្រសិនបើមានអារម្មណ៍ថា បេះដូងចាប់ផ្តើមលោតញាប់ សូមបិទភ្នែកសន្សឹមៗ រួចដកដង្ហើមចូលជ្រៅៗ និងបញ្ចេញមកវិញយឺតៗពី ៣ ទៅ ៥ ដង។ បច្ចេកទេសចិត្តសាស្ត្រសាមញ្ញនេះ នឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាលដើម្បីកាត់បន្ថយភាពតានតឹងភ្លាមៗ។
៣. ផ្លាស់ប្តូរការសន្ទនាផ្លូវចិត្ត (Positive Self-Talk)
ត្រូវប្រុងប្រយ័ត្នចំពោះគំនិតអវិជ្ជមានដែលបង្កើតសម្ពាធឱ្យខ្លួនឯង ដូចជាការសួរថា ”ចុះបើខ្ញុំធ្លាក់?” ឬ ”ចុះបើចេញចំលំហាត់ដែលខ្ញុំមិនចេះ?”។ ផ្ទុយទៅវិញ ត្រូវផ្លាស់ប្តូរមកនិយាយលើកទឹកចិត្តខ្លួនឯងថា ”ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ហើយខ្ញុំនឹងធ្វើវាឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន”។
៤. ទៅដល់មណ្ឌលប្រឡងមុនម៉ោង (Arrive Early)
ការប្រញាប់ប្រញាល់តាមដងផ្លូវនៅព្រឹកថ្ងៃប្រឡង អាចបញ្ឆេះអារម្មណ៍ភ័យស្លន់ស្លោឱ្យកាន់តែខ្លាំង។ បេក្ខជនគួរទៅដល់មណ្ឌលប្រឡងយ៉ាងហោចណាស់ ៣០ នាទីមុនពេលកំណត់ ដើម្បីឱ្យផ្លូវចិត្តមានពេលស៊ាំនឹងបរិយាកាស និងបានបន្ធូរអារម្មណ៍មុនចូលបន្ទប់ប្រឡង។
៥. ផ្តោតលើក្រដាសប្រឡងរបស់ខ្លួនឯង (Focus on Yourself)

កុំខ្វល់ខ្វាយ ឬភ័យនៅពេលឃើញបេក្ខជនតុជិតខាងសរសេរបានច្រើនទំព័រ ឬប្រញាប់ប្រគល់សន្លឹកកិច្ចការមុនម៉ោង។ ត្រូវរក្សាភាពនឹងនរ និងសន្សឹមៗដោះស្រាយវិញ្ញាសារបស់ខ្លួនឯងរហូតដល់នាទីចុងក្រោយ ដោយមិនចាំបាច់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឡើយ។
៦. ធ្វើសំណួរងាយៗមុន (Start Easy)
នៅពេលទទួលសន្លឹកវិញ្ញាសាភ្លាម មិនត្រូវចំណាយពេលយូរគិតលើលំហាត់ស្មុគស្មាញនោះទេ។ ត្រូវចាប់ផ្តើមធ្វើសំណួរណាដែលចេះច្បាស់មុនគេ ដើម្បីកសាងអារម្មណ៍ជោគជ័យ ប្រមូលពិន្ទុទុកជាមុន និងជួយឱ្យខួរក្បាលដំណើរការបានរលូនក្នុងការដោះស្រាយសំណួរពិបាកៗជាបន្តបន្ទាប់។
តាមរយៈការអនុវត្តតាមគោលការណ៍ចិត្តសាស្ត្រទាំងនេះ បេក្ខជននឹងអាចផ្លាស់ប្តូរការព្រួយបារម្ភឱ្យទៅជាថាមពលវិជ្ជមាន និងអាចគ្រប់គ្រងស្ថានភាពក្នុងម៉ោងប្រឡងបានយ៉ាងមានប្រសិទ្ធភាព៕













































































