រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា យុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ដោយតម្រូវឱ្យមានការរៀនសូត្រពេញមួយជីវិត និងសមត្ថភាពច្នៃប្រឌិត ដើម្បីអាចប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
ការលើកឡើងនេះបានធ្វើឡើងនៅក្នុងឱកាសប្រារព្ធ «ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា» ខួបលើកទី២៧ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ «បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា»។
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ពាក្យ «បរិបទខុសគ្នា» សំដៅលើភាពចម្រុះនៃជីវភាព ការអប់រំ វប្បធម៌ ទីតាំងភូមិសាស្រ្ត និងបទពិសោធន៍របស់យុវជនម្នាក់ៗ។ ទោះជាយ៉ាងណា «ក្តីប្រាថ្នារួមគ្នា» របស់យុវជនគ្រប់រូបគឺចង់ឃើញសង្គមមានសន្តិភាព ការអប់រំមានគុណភាព សេដ្ឋកិច្ចបង្កើតឱកាស បរិស្ថានចីរភាព និងការអភិវឌ្ឍដែលមិនទុកនរណាម្នាក់ចោលឡើយ។

ឯកឧត្តមបានបន្តថា ពិភពលោកបច្ចុប្បន្នទាមទារឱ្យការអប់រំមិនត្រឹមតែផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការកសាងសមត្ថភាព គិតវិភាគ ដោះស្រាយបញ្ហា ធ្វើការជាក្រុម ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ និងការរៀនសូត្រពេញមួយជីវិត ដើម្បីបង្កើតធនធានមនុស្សផ្អែកលើចំណេះដឹង។
ដើម្បីប្រែក្លាយក្តីប្រាថ្នារួមទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង ឯកឧត្តម រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍គន្លឹះចំនួន ៥ រួមមាន ៖
១. យុវជន គឺជាពលរដ្ឋដែលមានគុណធម៌ និងមានការទទួលខុសត្រូវ៖ យើងចង់ឃើញយុវជន ដែលមានភាពស្មោះត្រង់ និងចេះគោរពច្បាប់ មានវិន័យ គោរពភាពខុសគ្នា មានស្មារតីបម្រើសង្គម និងយល់ពីសិទ្ធិ និងទំនួលខុសត្រូវហើយដើរទន្ទឹមគ្នា។ សង្គមរឹងមាំ តែងចាប់ផ្ដើមពីពលរដ្ឋដែលមានតម្លៃរឹងមាំ។
២. យុវជន ជាអ្នករៀនសូត្រពេញមួយជីវិត៖ នៅក្នុងសតវត្សទី២១នេះ ចំណេះដឹងមិនមែនជាអ្វីដែលយើងរៀនបានតែម្ដងប៉ុន្តែប្រើបានមួយជីវិតនោះទេ ពិភពលោកកំពុងផ្លាស់ប្ដូរ បច្ចេកវិទ្យាកំពុងផ្លាស់ប្ដូរ ការងារកំពុងផ្លាស់ប្ដូរ ដូច្នេះ ការរៀនពេញមួយជីវិតមិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាសមត្ថភាពចាំបាច់សម្រាប់ការរស់នៅ និងការប្រកួតប្រជែង។ យុវជនដែលមានសមត្ថភាព គឺជាយុវជនដែលចេះរៀនសូត្រពេញមួយជីវិត ចេះសម្របខ្លួន និងចេះអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។
៣. យុវជនជាអ្នកបង្កើតតម្លៃថ្មី និងនវានុវត្តន៍៖ យើងចង់ឃើញយុវជនមិនគ្រាន់តែជាអ្នកស្វែងរកការងារប៉ុណ្ណោះទេក្រោយបញ្ចប់ការសិក្សា ប៉ុន្តែជាយុវជនដែលអាចបង្កើតគំនិតថ្មី បង្កើតនូវដំណោះស្រាយថ្មី បង្កើតនូវអាជីវកម្មថ្មី បង្កើតនូវផលិតផលថ្មី បង្កើតនូវឱកាសថ្មី និងបង្កើតតម្លៃថ្មីសម្រាប់សង្គមជាតិរបស់យើង។ ការច្នៃប្រឌិត មិនមែនកើតតែនៅក្នុងមន្ទីរពិសោធន៍ និងក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗប៉ុណ្ណោះទេ វាអាចផ្ដើមចេញពីថ្នាក់រៀន ពីសហគមន៍ និងពីគំនិតតូចៗរបស់យុវជនម្នាក់ៗ។ នវានុវត្តន៍មិនមែនជាជម្រើសទៀតទេ សម្រាប់សតវត្សទី២១នេះ ប៉ុន្តែជាកត្តាសម្រេចភាពប្រកួតប្រជែងរបស់ប្រទេសជាតិនីមួយៗ។ ដូច្នេះ ការអប់រំត្រូវលើកទឹកចិត្តយុវជន ឱ្យគិត ឱ្យច្នៃប្រឌិត ឱ្យសាកល្បង និងហ៊ានបង្កើតថ្មី។
៤. យុវជនជាអ្នកដឹកនាំ និងការផ្លាស់ប្ដូរ៖ ភាពជាអ្នកដឹកនាំមិនត្រូវវាស់វែងតាមតួនាទីនោះទេ ប៉ុន្តែវាស់វែងតាមសមត្ថភាពក្នុងការបង្កើតឥទ្ធិពលវិជ្ជមានលើអ្នកដទៃ។ យើងចង់ឃើញយុវជន ដែលហ៊ានទទួលខុសត្រូវ ដឹកនាំគម្រោងសង្គម ចេះការពារបរិស្ថាន ចេះចែករំលែកចំណេះដឹង និងដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ខ្លួន។ ការផ្លាស់ប្ដូរដ៏ធំបំផុត គឺតែងចាប់ផ្ដើមពីមនុស្សដែលហ៊ានចាប់ផ្ដើមសកម្មភាពតូចៗរបស់ខ្លួន។
៥. យុវជនជាដៃគូក្នុងការអភិវឌ្ឍជាតិ៖ យុវជនមិនគួរត្រឹមតែជាអ្នកទទួលផលពីគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាដៃគូក្នុងការរៀបចំគោលនយោបាយ ការរចនាគម្រោង ការអនុវត្ត និងការវាយតម្លៃ។ នៅពេលដែលយុវជនមានឱកាសបញ្ចេញមតិ មានវេទិកាបង្ហាញសមត្ថភាព និងទំនួលខុសត្រូវ នោះនឹងទទួលបានទំនុកចិត្តពីសង្គម ពួកគេនឹងក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា” គឺជាការគូសបញ្ជាក់ឡើងវិញ ជាពិសេស គឺការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការពង្រឹងការចូលរួមរបស់យុវជន លើកកម្ពស់យុវជនក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។ ក្នុងនោះ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ជាតឹកតាងមួយដ៏សំខាន់ដែលប្អូនៗបានបញ្ចេញសមត្ថភាព ហើយផ្ដល់ដំណោះស្រាយលើបញ្ហាប្រឈមក្នុងសង្គម ដើម្បីធ្វើឱ្យប្អូនៗមានឱកាសមើលឃើញបញ្ហា ហើយចូលរួមចំណែកដោះស្រាយបញ្ហាក្នុងនាមជាបុគ្គលផ្ទាល់។

ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ សង្កត់ធ្ងន់ថា តាមរយៈកម្មវិធីដែលក្រសួងអប់រំបានរៀបចំនេះ សង្ឃឹមថា យុវជននឹងបានជ្រួតជ្រាបថា មានការទទួលបានសិទ្ធិ តាមរយៈការជំរុញ ពង្រឹងសមត្ថភាព ផ្ដល់ឱកាសឱ្យប្អូនៗចូលរួមបញ្ចេញសមត្ថភាពនៅលើវេទិកានានា តាមរយៈការបញ្ចេញមតិ ទេពកោសល្យ សុទ្ធសឹងតែជាការផ្ដល់សិទ្ធិទៅដល់យុវជនក្នុងការចូលរួម។
គួរជម្រាបជូនថា ព្រឹត្តិការណ៍អបអរសាទរ “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា” នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មានកិច្ចពិភាក្សាយុវជនចំនួន ២ប្រធានបទ ដូចជា ប្រធានបទទី១ ៖ «ថាមពលបៃតង៖ ការជំរុញអនាគតប្រកបដោយចីរភាពរបស់កម្ពុជា» និងប្រធានបទទី២ ៖ «អ្នកបង្កើតមាតិកា ៖ ការជំរុញការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គម»៕













































































