វិស្សមកាលជាវេលាមួយដែលយើងសម្រាកពីការងារ ដើម្បីសម្រាកលំហែ ធ្វើដំណើរកម្សាន្ត និងជួបជុំគ្រួសារ។ យ៉ាងណាមិញ ឱកាសនេះ ក៏ជាពេលមួយដែលយើងត្រូវមានការប្រុងប្រយ័ត្នចំពោះសកម្មភាពមួយចំនួន ដែលអាចបង្កជាបញ្ហាចំពោះសុខភាព និងការរស់នៅផងដែរ។
យោងតាម Look inside KP បានបង្ហាញពីសកម្មភាព ៤ ដែលយើងគួរជៀសវាងក្នុងថ្ងៃវិស្សមកាល៖
១. គ្រប់គ្រងការញ៉ាំ ៖ ថ្ងៃវិស្សមកាលជារដូវកាលដែលអាហារ គ្រឿងឧបភោគបរិភោគមានភាពសម្បូរហូហៀរ។ ភាពសម្បូរបែបនៃអាហារនឹងទាក់ទាញចិត្តយើងឱ្យចង់ញ៉ាំច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ សូមកុំភ្លេចសម្របខ្លួនទៅនឹងស្ថានភាពនេះ ដោយគ្រប់គ្រងការញ៉ាំឱ្យបានល្អ។ ទន្ទឹមនឹងនេះ មានអ្នកខ្លះទៀត រវល់ដើរលេង ឬសប្បាយនឹងការជួបជុំរហូតភ្លេចញ៉ាំដែលបណ្ដាលឱ្យឈឺក្រពះក៏មាន។
យ៉ាងណាមិញ ទោះអាហារច្រើន ឬរវល់យ៉ាងក៏មិនគួរញ៉ាំដោយមិនប្រុងប្រយ័ត្នឡើយ។ អ្នកគួរផ្ដោតទៅលើការញ៉ាំអាហារដែលផ្ដល់ប្រយោជន៍ចំពោះសុខភាព និងសម្បូរសារធាតុចិញ្ចឹមដូចជា បន្លែ ផ្លែឈើ និងរបបអាហារមិនបង្កហានិភ័យចំពោះសុខភាព។ ប៉ុន្តែក្នុងករណីដែលអ្នកញ៉ាំតិច អ្នកគួរជ្រើសរើសអាហារដែលសម្បូរក្លុយកូស និងភេសជ្ជៈមានកាឡូរីខ្ពស់។

២. ផឹកភេសជ្ជៈ និងស្រាច្រើន ៖ ក្នុងឱកាសជួបជុំ យើងជៀសមិនផុតពីការទទួលទានភេសជ្ជៈ និងស្រានោះទេ ប៉ុន្តែជាមួយគ្នានេះយើងគួរទទួលទានក្នុងបរិមាណមួយដែលអាចគ្រប់គ្រងបាន។ ប្រសិនបើអ្នកពិបាកក្នុងការបដិសេធនៅពេលមានការស្នើសុំ អ្នកអាចទទួលទានក្នុងកម្រិតតិចតួច និងជំនួសមកវិញនូវសកម្មភាពសប្បាយៗផ្សេងៗជាដើម។
៣. ជម្លោះជាមួយគ្រួសារ ៖ ការជួបជុំក្នុងថ្ងៃវិស្សមកាល ជាវេលាដែលយើងគួរសាទរ ចែករំលែកភាពរីករាយ និងសុខដុមរមនាក្នុងគ្រួសារ។ ហេតុនេះ គួរយល់ដឹងអំពីរបៀបប្រាស្រ័យទាក់ទងដែលមិនងាយបង្កើតឱ្យមានភាពមិនយល់ពីគ្នា ដែលអាចបង្កជាជម្លោះផ្សេងៗ ដែលអាចធ្វើឱ្យបរិយាកាសជួបជុំប្រែជាអួរអាប់។ គន្លឹះមួយចំនួនដែលជួយឱ្យទំនាក់ទំនងក្នុងគ្រួសារកាន់តែមានភាពចុះសម្រុងមានដូចជា៖
- ការស្ដាប់៖ ទោះជាអ្នកយល់ស្រប ឬមិនយល់ស្របពីគំនិតអ្នកដទៃក៏ដោយ ចូលស្ដាប់គេឱ្យយល់ និងបង្ហាញពីការយកចិត្តទុកដាក់។
- ចែករំលែក៖ ការជួបជុំជាឱកាសមួយដែលអ្នកអាចចែករំលែក ពីរឿងរ៉ាវផ្សេងៗដែលអ្នកបានជួបប្រទះនៅអំឡុងពេលបែកគ្នា។ ដូច្នេះ ពួកគេអាចចំណាយពេលស្ដាប់អ្នកបាន។
- មានពេលសម្រាប់ខ្លួនឯង៖ ប្រសិនបើការជួបជុំនោះធ្វើឱ្យអ្នកមានអារម្មណ៍ថាបាត់បង់ថាមពល ឬមិនសប្បាយចិត្ត។ ចូរដកឃ្លាមួយអន្លើត និងបង្កើតពេលវេលាសម្រាប់ខ្លួនឯង។
- បង្កើតសកម្មភាពសប្បាយៗ៖ ក្នុងឱកាសជួបជុំ អ្នកអាចបង្កើតសម្មភាព ឬហ្គេមផ្សេងៗ ដើម្បីកម្សាន្ត និងបង្កើនភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ។

៤. ចំណោយលុយខ្ជះខ្ជាយ ៖ ក្នុងឱកាសវិស្សមកាល មនុស្សជាច្រើនតែចំណាយលុយដោយមិនមានការប្រុងប្រយ័ត្ន។ បន្ទាប់មក ក្រោយពីវិស្សមកាលចប់ក៏ជួបបញ្ហាហិរញ្ញវត្ថុ។ ហេតុនេះ ចូលចំណាយដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគិតអំពីអ្វីដែលខ្លួនឯងត្រូវទិញជាចាំបាច់ក្នុងឱកាសនេះ ដូចជាអំណោយសម្រាប់មនុស្សជាទីស្រឡាញ់ ឬអាណាព្យាបាល និងសម្ភារសម្រាប់ការកម្សាន្ត និងជួបជុំជាដើម៕































