នៅថ្ងៃដំបូងនៃការចាប់ផ្តើមឆ្នាំថ្មី មនុស្សម្នាបានប្រារព្ធពិធី និងកម្មវិធីជាច្រើនដើម្បីអបអរផង និងការជួបជុំផង តែយ៉ាងណាពួកគេក៏មិនភ្លេចនូវសកម្មភាពនៃការប្តេជ្ញាចិត្ត និងការចាប់ផ្តើមឆ្នាំថ្មី។ ចំពោះអ្នកដែលត្រូវការផ្លាស់ប្រែរបត់ជីវិត ដូចជាការអភិវឌ្ឍខ្លួន និងការចាប់ផ្តើមទម្លាប់ល្អ រឹងរឹតតែត្រូវការស្រាវជ្រាវ និងរិះរកគំនិតថ្មីៗ ឬពេលខ្លះមិនមែនគំនិតថ្មីទេ តែជាសកម្មភាពមានប្រសិទ្ធភាពកន្លងមក ការគិតគូរទាំងអស់នេះ គឺដើម្បីឱ្យប្រាកដចិត្តថា ការចាប់ផ្តើមពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
ខែមករា គឺជាខែដំបូងគេ ដែលត្រូវអនុវត្តន៍គម្រោងនៃការប្តេជ្ញាចិត្ត ដើម្បីអភិវឌ្ឍខ្លួន និងការកែប្រែទម្លាប់ចាស់ៗ ដែលមិនល្អដោយប្រុងប្រយ័ត្នបំផុត ហើយក៏ជាពេលវេលាមួយ ដែលត្រូវចាប់ផ្តើមដោយស្វាហាប់ក្នុងការបំបែកកាលវិភាគឱ្យមានភាពសាមញ្ញ និងងាយស្រួលធ្វើ គឺដើម្បីទទួលបាននូវសុខភាពល្អ និងភាពរីកចម្រើន ក៏ដូចជាការជៀសវាងកុំឱ្យមាន ការស្តាយក្រោយ បន្តកើតមាននៅពេលចុងឆ្នាំ។

សម្រាប់អ្នកដែលចង់ឱ្យឆ្នាំ២០២៦ កាន់តែប្រសើរ តាមរយៈគេហទំព័រ Rest Less បានបង្ហាញអំពីគំនិតមួយចំនួន ដែលជំរុញឱ្យថ្ងៃដំបូងនៃការផ្តើមឆ្នាំថ្មី ក្នុងខែមករា កាន់តែទទួលបាននូវផលិតភាព ៖
អភិវឌ្ឍទម្លាប់ថែទាំខ្លួន ៖ គិតអំពីខ្លួនឯង មើលទៅហាក់ដូចជាមិនធំដំអ្វីសោះ ប៉ុន្តែវាជំហានដ៏ចាំបាច់មួយ ក្នុងការអនុវត្ត ព្រោះនៅពេលដែលគិតទៅដល់ការបង្កើនផលិតភាព សកម្មភាពដំបូងគេដែលត្រូវធ្វើ គឺការយកចិត្តទុកដាក់ចំពោះខ្លួនឯង មិនថាសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ និងសុខុមាលភាពជារួម។ កន្លងមកលោកអ្នកអាចនឹងរវល់ ជាមួយការងារផង គ្រួសារផង និងការដោះស្រាយរឿងរ៉ាវទូទៅជាច្រើនទៀត ដូច្នេះការប្រើពេលមួយថ្ងៃ ក្នុងខែមករាដើម្បីធ្វើសកម្មភាពដែលខ្លួនចូលចិត្ត ចាត់ទុកថា ជាការថែទាំខ្លួន បានមួយចំណែកដែរ។ ឬវិធីដ៏ល្អមួយទៀត ចំណាយពេលមួយថ្ងៃ៣០នាទី ក្នុងមួយខែមករាពេញ ដើម្បីយកទៅថែទាំរាងកាយ តាមរយៈសកម្មភាពចម្រុះមានដូចជាម៉ាស្សាបាតដៃបាតជើង ស្តាប់ភ្លេងរម្ងាប់អារម្មណ៍ អានសៀវភៅ ហាត់យូហ្កា និងសមាធិជាដើម។

សម្អាតទូខោរអាវ ៖ ធ្លាប់ទេ ខោរអាវពេញទូ ប៉ុន្តែរកតែមួយស្លៀកពុំបាន ពេលចេញក្រៅ? សម្លៀកបំពាក់ជាអ្វីដែលនាំមនុស្សធ្វើការសម្រេចចិត្តរៀងរាល់ព្រឹក ហើយដើម្បីជៀសពីអារម្មណ៍ស្មុគស្មាញទាំងព្រឹកព្រលឹម ការចាប់ផ្តើមដោយការរៀបចំ ការសម្អាត ឬការយកខោរអាវដែលពុំចាំបាច់ចេញខ្លះ ក៏ជាការរួមចំណែកកាត់បន្ថយភាពស្មុគស្មាញពេលដែលត្រូវជ្រើសរើសសម្លៀកបំពាក់សម្រាប់ថ្ងៃបន្ទាប់ ដែលនេះជាសកម្មភាពមួយ ជួយជំរុញដល់ការបង្កើនផលិតភាព ការសន្សំពេល និងកាត់បន្ថយស្រ្តេសសម្រាប់ឆ្នាំថ្មីផងដែរ។
រៀនជំនាញថ្មីៗ ៖ សិក្សាជំនាញបន្ថែម ឬក៏ការធ្វើសកម្មភាពដែលខ្លួនចូលចិត្តថ្មីៗ ប្រៀបដូចជាការផ្តល់រង្វាន់ទៅកាន់ខ្លួនឯង រៀនជំនាញថ្មី មិនត្រឹមតែធ្វើឱ្យខ្លួនរវល់ចំគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកទៅកាន់ការបង្កើនភាពជឿជាក់ចំពោះខ្លួនឯង ជំរុញការផ្ចង់ស្មារតី និងជាការស្វែងរកទេពកោសល្យផ្ទាល់ខ្លួនក្នុងរយៈពេលវែងទៀតផង ហើយជំនាញត្រួសៗដែលអាចរៀនដោយខ្លួនឯងនៅផ្ទះបានមានដូចជា ការថតរូប ការឌីហ្សាញ រៀនអំពីទីផ្សារឌីជីថល ការសរសេរកូដ និងការសរសេរអត្ថបទជាដើម ជារួមធ្វើយ៉ាងណារៀនបន្ថែមឱ្យលើសពីជំនាញដែលខ្លួនមានរាល់ថ្ងៃ៕































