ក្នុងបំណងដើម្បីកែលម្អប្រព័ន្ធអប់រំកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសអាចប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន៤។ ការប្រកាសពីយុទ្ធសាស្រ្តនេះ បានធ្វើឡើងនៅ ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
ទិសដៅយុទ្ធសាស្រ្តទាំង៤ ដែលរដ្ឋមន្រ្តីក្រសួងអប់រំបានដាក់ចេញ រួមមាន ៖
១). ការអនុវត្តស្តង់ដាសាលារៀនគំរូ ដើម្បីកំណើនសិស្សគ្រប់ភូមិសិក្សា និងលទ្ធផលសិក្សា ៖ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យមានការចងក្រងឧត្តមានុវត្តន៍នៃការអនុវត្តស្តង់ដាសាលាគំរូកន្លងមក, បង្កើតសម្ព័ន្ធមេត្រីភាពសាលារៀនគំរូ និងសាលារៀននៅក្នុងតំបន់ជិតគ្នា, ពង្រឹងសមត្ថភាពនាយកសាលា ដើម្បីផ្សារភ្ជាប់ការអនុវត្តស្តង់ដាសាលារៀនគំរូជាមួយនឹងលទ្ធផលសិក្សារបស់សិស្ស ជាពិសេសឆ្លើយតបនឹងតេស្តកម្រិតតំបន់ និងអន្តរជាតិ (SEA-PLM & PISA), ផ្តល់ការគំាទ្រដល់សាលារៀន ដែលមានលក្ខណៈសម្បត្តិអំណោយផល តាមរយៈការវិភាគស្ថានភាពសាលារៀនជាក់ស្តែង និងរៀបចំផែនការជួយសាលារៀនដែលមានស្ថានភាពខ្វះខាត។

២). អនុវត្តគន្លងអប់រំថ្មី ដើម្បីរក្សាសិស្ស និងអភិវឌ្ឍមូលធនមនុស្សស្របតាមសមត្ថភាព និងឧប្បនិស្ស័យ, ផ្តល់ការតម្រង់ទិសសិស្សចាប់ពីថ្នាក់ទី៧, រៀបចំសេចក្តីណែនាំស្តីពី នីតិវីធីជ្រើសរើសសិស្សចូលរៀនក្នុងគន្លងអប់រំនីមួយៗ, សិក្សានិងវាយតម្លៃលើស្ថានភាពនៃកាអនុវត្តសាកល្បងគន្លងអប់រំថ្មី ដោយផ្តោតលើការកែលម្អកម្មវីធីសិក្សា តម្រូវការគ្រូបង្រៀន ការបង្រៀននិងរៀន និងការសហការជាមួយវិស័យឯកជន។
៣). លើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅបឋមសិក្សា និងការឆ្លើយតបនឹងលទ្ធផល SEA-PLM៖ ឯកឧត្តម ហង់ជួន ណារ៉ុន បានណែនាំ (ទី១) កែលម្អការត្រៀមខ្លួនសិក្សារបស់កុមារ តាមរយៈការអប់រំកុមារតូច, និងថែទាំកុមារផ្អែកលើល្បែងសិក្សា (ទី២) ការផ្តោតលើអំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង (ទី៣) ការកែលម្អអភិបាលកិច្ចសាលារៀននៅកម្រិតបឋមសិក្សា (ទី៤) ការកែលម្អកម្មវិធីសិក្សា និងម៉ោងបង្រៀន (ទី៥) ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងការអនុវត្តការបង្រៀន (ទី៦) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិក្ខារសាលារៀន (ទី៧) ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភនៅតាមសាលារៀន។

៤). លើកកម្ពស់លទ្ធផលសិក្សារបស់សិស្សមធ្យមសិក្សា និងការឆ្លើយតបនឹង PISA ៖ ទិសដៅនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើ (ទី១) ការបង្កើនការចូលរៀននៅមធ្យមសិក្សា, (ទី២) ការពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សានៅបឋមសិក្សា (ទី៤) ការពង្រឹងការអនុវត្តក្នុងថ្នាក់រៀន (ទី៥) ការពង្រឹងសមត្ថភាពគ្រូបង្រៀន (ទី៦) ការគ្រប់គ្រងគ្រូបង្រៀនជាយុទ្ធសាស្ត្រ (ទី៧) ការលើកកម្ពស់សមធម៌ក្នុងការអប់រំនៅមធ្យមសិក្សា (ទី៨) ការពង្រឹងប្រព័ន្ធវាយតម្លៃ និងអធិការកិច្ច (ទី៩) ការលើកកម្ពស់ភាពជាអ្នកដឹកនាំសាលារៀន (ទី១០) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្រៀននិងរៀន (ទី១១) ការជំរុញការចូលរួមរបស់មាតាបិតា និងសហគមន៍ ក្នុងការអប់រំ៕






























