ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣តទៅ កុមារីដែលមានអាយុ៩ឆ្នាំនៅទូទាំងប្រទេស នឹងទទួលបានការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ នៅតាមសាលាបឋមសិក្សា តាមភូមិ ឬសហគមន៍ ក៏ដូចជានៅតាមមណ្ឌលសុខភាព។
ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅដល់កុមារីនៅទូទាំងប្រទេសនេះ គឺក្រោមកិច្ចសហការ រវាងក្រសួងសុខាភិបាល ជាមួយក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលមូលដ្ឋាន ព្រមទាំងមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការរួមមាន Gavi ,WHO, UNICEF,CHAI។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅព្រះរាជាណាចក្រកម្ពុជា។
«យើងរំពឹងថាកុមារីអាយុ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃចាប់៦ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគម្រោងនឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ដែលមានអាយុលើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់បន្ថែមថា ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា “ឃាតកលាក់មុខ” ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរដោយសារថ្នាំបង្ការ។ ទន្ទឹមនោះ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួននៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តថា នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់។ ទន្ទឹមគ្នានេះ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។
យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន១ដូស គឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន៕

































