ការសិក្សាពេញមួយជីវិត គឺជាសមត្ថភាព ក្នុងការបន្តសិក្សា ដើម្បីទទួលបានចំណេះដឹង និងជំនាញថ្មីៗពេញមួយជីវិត។ សមត្ថភាពនេះ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍជីវិត និងអាជីព របស់មនុស្សសម័យថ្មី។ ជាពិសេស គឺងាយស្រួលក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃសង្គមក្នុងសតវត្សទី ២១។ ក្នុងនាមជាគ្រូបង្រៀន និងជាអ្នកអប់រំ តើអ្នកអាចបង្កើតវប្បធម៌ នៃការសិក្សាពេញមួយជីវិតសម្រាប់សិស្សដោយរបៀបណា?
យោងតាមអ្នកជំនាញផ្នែកអប់រំជាច្រើន បានបង្ហាញយុទ្ធសាស្ត្រចំនួន ៦ ដែលជួយឱ្យគ្រូបង្រៀន អាចបំផុសគំនិត និងគាំទ្រសិស្ស ដើម្បីឱ្យពួកគេក្លាយជាអ្នកសិក្សាពេញមួយជីវិត ៖
១. បង្ហាញភាពជាគំរូ ៖ មធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីលើកទឹកចិត្តសិស្សឱ្យមានវប្បធម៌រៀនសូត្រពេញមួយជីវិត គឺគ្រូបង្រៀនខ្លួនឯង ត្រូវបង្ហាញភាពជាគំរូ។ បង្ហាញសិស្សរបស់អ្នកថា អ្នកជាមនុស្សចង់ដឹងចង់ឃើញ បើកចិត្តរៀនសូត្រ និងមានឆន្ទៈរៀនសូត្រ។ ចែករំលែកវិធីសាស្ត្រសិក្សា ឧបសគ្គ ដំណោះស្រាយ និងសមិទ្ធផល ដែលអ្នកទទួលបានពីការសិក្សាពេញមួយជីវិត។ បើកចិត្តទទួលយកមតិស្ថាបនា និងពង្រឹងខ្លួនឯងជាប្រចាំ។ ចូលរួម និងសិក្សាអំពី វគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈ និងបង្ហាញថា អ្នកសប្បាយចិត្តនៅពេលទទួលបានចំណេះដឹងថ្មីៗ។
២. ផ្តល់ជម្រើស និងស្វ័យភាព ៖ វិធីមួយទៀត ដើម្បីលើកទឹកចិត្តសិស្សឱ្យសិក្សាពេញមួយជីវិត គឺត្រូវផ្ដល់ជម្រើស និងស្វ័យភាពម្រាប់សិស្ស។ អនុញ្ញាតឱ្យពួកគេ ស្វែងរកចំណង់ចំណូលចិត្ត ចំណាប់អារម្មណ៍ និងគោលដៅរបស់គេ។ បង្កើតរបៀបរៀន ដែលផ្ដល់នូវជម្រើស និងភាពបត់បែន បន្ទាប់មកបង្ហាញពីរបៀបរៀនដល់ពួកគេ។ លើកទឹកចិត្តឱ្យសិស្សកំណត់គោលដៅសិក្សាផ្ទាល់ខ្លួន តាមដានវឌ្ឍនភាពពួកគេ និងឆ្លុះបញ្ចាំងអំពីលទ្ធផល នៃការសិក្សារបស់ពួកគេជាប្រចាំ។ ចំណុចនេះចង់បង្ហាញថា ដើម្បីការលើកកម្ពស់វប្បធម៌សិក្សាពេញមួយជីវិត គ្រូបង្រៀនត្រូវគោរពចំណង់ចំណូលចិត្ត ភាពខ្លាំង និងតម្រូវការរបស់សិស្ស។
៣. បង្កើតបរិយាកាសគាំទ្រ ៖ ការបង្កើតបរិយាកាសវិជ្ជមាន នឹងធ្វើឱ្យសិស្សមានភាពជឿជាក់ និងជំរុញឱ្យពួកគេមានអារម្មណ៍ថា ពួកគេត្រូវបានឱ្យតម្លៃ គោរព និងមានសុវត្ថិភាព។ គ្រូបង្រៀន ត្រូវលើកទឹកចិត្តឱ្យសិស្សស្រឡាញ់ផ្នត់គំនិតរីកចម្រើន និងចាត់ទុកកំហុសថាជាឱកាស ដើម្បីរៀន និងអភិវឌ្ឍខ្លួន។ ទន្ទឹមនឹងនេះ ត្រូវផ្ដល់មតិស្ថាបនា និងលើកទឹកចិត្តនៅពេលដែលសិស្សធ្វើបានល្អ។ ជាពិសេស ត្រូវប្រាដកថា សិស្សគ្រប់គ្នា សុទ្ធតែមានឱកាសបានចូលរួម។

៤. ទាញប្រយោជន៍ពីបច្ចេកវិទ្យា ៖ បច្ចេកវិទ្យា គឺជាធាតុដ៏សំខាន់ក្នុងការលើកកម្ពស់ការសិក្សាពេញមួយជីវិត ក្នុងសម័យបច្ចុប្បន្ននេះ។ វាអាចផ្ដល់នូវកម្មវិធី និងធនធានដែលមានលក្ខណៈសម្បូរបែប សម្រាប់បង្កើន និងបង្កើតបទពិសោធន៍សិក្សា។ តាមរយៈបច្ចេកវិទ្យា គ្រូ និងសិស្ស អាចប្រើ និងចែករំលែកចំណេះដឹង និងព័ត៌មាន សហការ និងទំនាក់ទំនង បង្កើត និងច្នៃប្រឌិតគំនិតថ្មី ដោះស្រាយបញ្ហា និងសម្រួលដំណើរការសិក្សាជាដើម។ គ្រូបង្រៀនដែលយល់ដឹងអំពីបច្ចេកវិទ្យា នឹងអាចមានសមត្ថភាពបង្រៀនសិស្សឱ្យដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព គោរពគោលការណ៍សីលធម៌ និងទទួលបានផលជាអតិបរមា។
៥. ឱ្យតម្លៃលើសំណួរ និងភាពចង់យល់ចង់ដឹងរបស់សិស្ស ៖ គ្រូបង្រៀន ត្រូវលើកទឹកសិស្សឱ្យចេះសួរសំណួរ ស្វែងរកប្រធានបទ និងសង្កេតបញ្ហាដែលកើតមានក្នុងការសិក្សា និងជីវិតរបស់ពួកគេ។ ជំរុញឱ្យពួកគេ គិតពិចារណា ដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងវិភាគស្ថានការណ៍។ ហើយអ្វីដែលរឹតតែសំខាន់នោះ គឺគ្រូត្រូវបំផុសគំនិត ឱ្យសិស្សចេះស្វែងរកអ្វីដែលថ្មី ដែលធ្វើឱ្យការយល់ដឹងរបស់គេកាន់តែទូលំទូលាយ។
៦. លើកកម្ពស់វប្បធម៌ស្វ័យសិក្សា ៖ ទម្លាប់ស្វ័យសិក្សា គឺជាសមត្ថភាព និងអាកប្បកិរិយា ដែលមានទំនោរសិក្សាដោយខ្លួនឯង។ ដើម្បីបង្កើតទម្លាប់នេះ ទាមទារឱ្យមានការធ្វើផែនការ ការអនុវត្ត ការវាយតម្លៃ និងកែសម្រួលសកម្មភាពសិក្សាដោយខ្លួនឯង។ គ្រូបង្រៀន ត្រូវបង្រៀនសិស្សអំពីរបៀបក្លាយជាអ្នកសិក្សាដោយខ្លួនឯង និងបន្តផ្ដល់មតិយោបល់ ការណែនាំ និងការគាំទ្រ ដល់ពួកគេជាបន្តបន្ទាប់។ វប្បធម៌នេះ នឹងធ្វើឱ្យសិស្សចេះទទួលខុសត្រូវ និងមានភាពជាម្ចាស់លើខ្លួនឯង៕































