ភ្នំពេញ- ខ្ញុំចង់ឃើញផលិតករជាស្រី្ដមានចំនួនច្រើននៅកម្ពុជា ក្នុងនោះមានអ្នកដឹកនាំផលិតជាស្រ្តី ក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយធ្វើការទៅលើការផលិតវីដេអូ និងគ្រប់គ្រងទៅលើការច្នៃប្រឌិតឱ្យបានច្រើន ។ នេះជាការលើកឡើងរបស់ កញ្ញា ថេង បញ្ញា ម្ចាស់ជ័យលាភីផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងគមនាគមន៍ របស់ Women of the Future Awards South East Asia ឆ្នាំ២០២១ ។
កញ្ញា ថេង បញ្ញា ជាសមិ្មតិករ (Director) និងជាផលិតករ (Producer) មួយរូបនៅ BBC media action និងជាផលិតករ (Producer) នៅស្ថានីទូរទស្សន៍ SEATV ហើយបច្ចុប្បន្ន នាងជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ SciencesPo ប្រទេសបារាំង បាននិយាយថា កញ្ញាចូលរួមកម្មវិធីនេះ ដោយមានការលើកទឹកចិត្តពីអតីតជ័យលាភីរបស់ Women of the Future Awards South East Asia កាលពីឆ្នាំមុន ។

ម្ចាស់ជ័យលាភីផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងគមនាគមន៍ រូបនេះ បន្ថែមថា បញ្ហាប្រឈមក្នុងការចូលរួមកម្មវិធីនេះ គឺទាមទារឱ្យមានភាពក្លាហានក្នុងការធ្វើបទបង្ហាញរបស់ខ្លួន និងមានសិល្បៈនិយាយបែបណាធ្វើឱ្យគេដឹងពីការងាររបស់ខ្លួន និងដឹងពីស្នាដៃដែលបានធ្វើរួច ។
ក្នុងឆ្នាំ២០១៩ បញ្ញាបានចូលរួមបង្កើត 606 Digital ដែលជាស្ថាប័នផលិតវីដេអូអប់រំ ។ នាងក៏ជាផលិតករ និងជានាយិកានៃ Digital Noodle Development Innovation ដែលជាស៊េរីនៃវីដេអូ និងកម្មវិធីផតខាសថ៍ដែលទទួលបានពានរង្វាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យា ។ លើសពីនេះ ស្នាដៃរបស់នាងត្រូវបានដាក់បង្ហាញនៅក្នុងមហោស្រពភាពយន្តពិភពលោកផងដែរ ។

ក្នុងនាមជាផលិតករមួយរូប កញ្ញា ថេង បញ្ញា បានប្រាប់អំពីបញ្ហាប្រឈមរបស់ខ្លួនថា នៅពេលខ្លួនជាផលិតករស្រី្ត ហើយក្រុមការងារភាគច្រើនជាមនុស្សប្រុស រាល់ការបញ្ចេញមតិម្ដងៗមិនសូវមានអ្នកស្ដាប់ និងមិនធ្វើតាម ។ បើទោះជួបបញ្ហាបែបនេះក៏ពិតមែន បញ្ញានៅតែបន្តធ្វើការងារនេះ ព្រោះចិត្តស្រឡាញ់ការងារនេះ ព្រមទាំងមានការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ បងប្អូន និងក្រុមការងារធ្វើការងារជាស្រ្តីដូចគ្នាបានជួបបញ្ហាដូចគ្នា ។
កញ្ញា ថេង បញ្ញា
“ស្រ្តី និងក្មេងស្រីពិតជាអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបាន ប្រសិនបើយើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងចង់ធ្វើ និងជំនះគ្រប់ឧបសគ្គនោះនឹងអាចទៅដល់ ព្រោះបច្ចុប្បន្ន គេមិនប្រកាន់ការងារស្រ្តី ឬបុរសនោះឡើយ”
ផលិតករស្រ្តីវ័យ ២៧ឆ្នាំរូបនេះ បន្តថា ភាពក្លាហ៊ានរបស់មនុស្ស គឺកើតចេញពីកាតស៊ូ អត់ធ្មត់ និងការជួបប្រទះនូវបញ្ហាលំបាក ប្រសិនបើជីវិតយើងងាយស្រួលក៏យើងមិនអាចមានភាពក្លាហានទៅធ្វើរឿងអ្វីមួយបានដែរ ។ ប្រសិនពេលនេះ យើងជួបការលំបាក ឬជួបបរាជ័យច្រើនដង ត្រូវប្រាប់ខ្លួនឯងថា គ្រាន់តែជាដំណាក់កាលមួយដែលយើងបានឆ្លងកាត់ ជាបទពិសោធន៍ និងធ្វើឱ្យយើងជំនះតទៅមុខទៀត ។

គួររំលឹកថា កាលពីសប្ដាហ៍ទីមួយ ក្នុងខែមករា ឆ្នាំ២០២២ កន្លងទៅ លោកជំទាវឯកអគ្គរាជទូត Tina Redshaw បានរៀបចំពិធីជប់លៀងអាហារពេលល្ងាចជាកិត្តិយសដល់កញ្ញា ថេង បញ្ញា ដែលជាម្ចាស់ជ័យលាភីផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងគមនាគមន៍ នៃពានរង្វាន់ Women of the Future South East Asia Awards រួមជាមួយនឹងភ្ញៀវកិត្តិយសផ្សេងទៀតដែលជាបេក្ខនារី និងអតីតជ័យលាភីរបស់ Women of the Future Awards South East Asia ផងដែរ ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។