អតីតសិស្សឆ្នើម ៣រូប នៃវិទ្យាល័យ អេយូភីភី នឹងចូលរួមកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោកឆ្នាំ២០២៣ (World Robot Olympiad 2023) នៅប្រទេសប៉ាណាម៉ា

កាលពីពេលថ្មីៗកន្លងទៅនេះ អតីតសិស្សដែលបានបញ្ចប់ការសិក្សាពីវិទ្យាល័យ អេយូភីភី (AUPP High School-Foxcroft Academy) ចំនួន ៣រូប បានសម្រេចនូវសមិទ្ធិផលដ៏អស្ចារ្យក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៣ ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ២០២៣ កន្លងមក។ សិស្សឆ្នើមទាំង ៣រូបរួមមាន លោក សំ វឌ្ឍនៈ លោក ស្រេង ឆាយលី និងលោក តែ សេងឡុង បានទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតថ្នាក់ជាតិក្នុងកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដកម្ពុជា ២០២៣ (WRO Cambodia 2023) ដែលបានរៀបចំឡើងដោយអង្គការស្ទែមកម្ពុជា។ សមិទ្ធិផលដ៏អស្ចារ្យនេះ គឺជាកាលានុវត្តភាពសម្រាប់ពួកគេក្នុងការតំណាងឱ្យប្រទេសកម្ពុជាដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដ ២០២៣ (World Robot Olympiad 2023) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា។

ការប្ដេជ្ញាចិត្ត ទេពកោសល្យ និងសមត្ថភាពពិសេសរបស់ប្អូនៗទាំង ៣រូប ក្នុងវិស័យរ៉ូបូត និងបច្ចេកវិទ្យាមិនត្រឹមតែមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់ប្អូនៗនាពេលអនាគតប៉ុណ្ណោះទេ តែក៏បានក្លាយជាការលើកទឹកចិត្តដល់សិស្សប្អូនជំនាន់ក្រោយដែលចាប់អារម្មណ៍លើវិស័យនេះផងដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប្អូនៗបានធ្វើដំណើរទៅកាន់ទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ ដើម្បីតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិ នៃកម្មវិធីប្រកួតរ៉ូបូតអូឡាំព្យាដឆ្នាំ ២០២២ (World Robot Olympiad 2022) រួចមកហើយដែរ។

យុវជនទាំង ៣រូប បានបង្ហាញពីការតស៊ូ និងការលះបង់ជាច្រើន ដែលបង្ហាញថាពួកគេមានសមត្ថភាពអាចជំនះឧបសគ្គ និងដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងរលូន។ លោក សំ វឌ្ឍនៈដែលជាសមាជិកក្រុមបានបន្ថែមថា បញ្ហាប្រឈមដ៏ធំបំផុតរបស់ពួកគេគឺការរចនា បង្កើត និងសរសេរកូដបន្ថែម ដើម្បីឱ្យរ៉ូបូតមានសមត្ថភាពបញ្ញាសិប្បនិម្មិត (AI) ដោយប្រើពេលត្រឹមតែមួយខែប៉ុណ្ណោះ។ ក្រៅពីត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ អ្នកទាំងបីមានបំណងបង្ហាញពីសមត្ថភាពរបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្សដទៃទៀតមកពីជុំវិញពិភពលោក។ សមាជិកក្រុមទាំងអស់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី និងផ្លាស់ប្ដូរចំណេះដឹង និងការសិក្សាជាមួយក្រុមដទៃទៀតដែលចូលរួមដើម្បីវិវឌ្ឍការយល់ដឹងបន្ថែមរបស់ក្រុមខ្លួន។

ក្រៅពីដណ្ដើមយកជ័យលាភី អ្នកទាំងបីក៏មានគោលបំណងក្នុងការស្វែងយល់ និងដកយកបទពិសោធថ្មីៗបន្ថែមទៀតពីប្រទេសផ្សេងៗដើម្បី បង្កើនជំនាញដោះស្រាយបញ្ហា និងបណ្ដុះស្មារតីការធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព។ សម្រាប់អ្នកទាំងបី ជំនាញទាំងនេះគឺជាមគ្គុទេសក៍សម្រាប់ឱ្យប្អូនៗខិតខំប្រឹងប្រែងបន្តទៀតនាពេលអនាគត នៅពេលដែលប្អូនៗមានបំណងចាប់យកអាជីពផ្នែកវិស្វកម្ម មេកាត្រូនិច និងវិទ្យាសាស្ត្រកុំព្យូទ័រ។
ក្រុមការងារទាំងអស់នៃវិទ្យាល័យអេយូភីភី មានមោទកភាពជាខ្លាំង និងសូមជូនពរឱ្យប្អូនៗជួបប្រទះតែសំណាងល្អក្នុងការប្រកួតនៅលើឆាកអន្តរជាតិនេះ។ សមិទ្ធិផលដែលមានតម្លៃមិនអាចកាត់ថ្លៃនេះបានក្លាយជាសក្ខីភាពនៃសមត្ថភាពដ៏អស្ចារ្យរបស់ប្អូនៗ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិទ្យាល័យអេយូភីភី ក្នុងការអប់រំសិស្សានុសិស្សប្រកបដោយគុណភាព និងជំរុញលើកទឹកចិត្តសិស្សានុសិស្សឱ្យមានគំនិតច្នៃប្រឌិត និងរបកគំហើញថ្មីៗ។

######

ព័ត៌មានទូទៅអំពីវិទ្យាល័យអេយូភីភី
វិទ្យាល័យអេយូភីភី គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោង ដែលត្រូវបានរៀបចំឡើងស្របតាមកម្មវិធីអប់រំថ្នាក់មធ្យមសិក្សានៅសហរដ្ឋអាមេរិក។ បន្ថែមពីលើកម្មវិធីសិក្សាត្រៀមសម្រាប់ថ្នាក់ឧត្តមសិក្សា (College Preparatory Courses) វិទ្យាល័យអេយូភីភី ក៏ផ្ដល់ជូននូវកម្មវិធី STEAM ដែលជាកម្មវិធីអប់រំលំដាប់អន្តរជាតិ រួមមាន៖ មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺផ្ដោតទៅលើការអភិវឌ្ឍ និងបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានភាពក្លាហានក្នុងការបង្កើតថ្មី ជាពិសេសចូលរួមក្នុងការពិសោធន៍ដោយផ្ទាល់ ចេះដោះស្រាយបញ្ហា និងជំរុញឲ្យសិស្សចេះធ្វើការសហការ ក្នុងការច្នៃប្រឌិត។ ទីតាំងថ្មីរបស់វិទ្យាល័យអេយូភីភី បច្ចុប្បន្នកំពុងត្រូវបានសាងសង់នៅទីតាំងសំខាន់មួយនៅចំណុចកណ្តាលរាជធានីភ្នំពេញ ដោយមានបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗដូចជា ថ្នាក់រៀនឌីជីថល បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM/Robotics) និងបណ្ណាល័យធំទូលាយ។

កញ្ញា អិប សុផល បុគ្គលិកព័ត៌មាន និងរដ្ឋបាល
វិទ្យាល័យ៖ ០២៣ ៩០២ ១១១ / ០៧៧ ៥៨៤ ៧៩៧ (តេឡេក្រាម)
បឋមសិក្សា៖ ០៨៦ ៨០២ ១១១
អ៊ីម៉ែល៖ info@hs.aupp.edu.kh
គេហទំព័រ https://www.aupphs-fa.edu.kh/
អាសយដ្ឋាន៖ អគារលេខ ៥៧ ផ្លូវលេខ ៧៥ កែងផ្លូវលេខ ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...