ក្រសួងអប់រំ យុវជន និងកីឡា កំពុងពង្រឹងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្រិតមធ្យមសិក្សា តាមរយៈការអនុវត្តគម្រោងសំខាន់ៗ និងការដាក់ឱ្យអនុវត្តគន្លងអប់រំថ្មី ដើម្បីជួយឱ្យសិស្សទទួលបានចំណេះដឹង និងជំនាញស្របតាមសមត្ថភាព ចំណូលចិត្ត និងតម្រូវការទីផ្សារការងារ។
ការពង្រឹងនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពគម្រោងនៅមធ្យមសិក្សា ដើម្បីលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំបានពិនិត្យនិន្នាការនៃការជ្រើសរើសគន្លងសិក្សារបស់សិស្ស ព្រមទាំងផែនការអនុវត្តគន្លងអប់រំថ្មី និងវិធានការអន្តរាគមន៍សម្រាប់ពង្រឹងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រសួងនឹងដាក់ឱ្យអនុវត្តគន្លងអប់រំថ្មីជាផ្លូវការនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទូទាំងប្រទេស ដោយបែងចែកសិស្សថ្នាក់ទី១១ និងទី១២ ជា២គន្លង គឺ គន្លងវិទ្យាសាស្ត្រ និងគន្លងវិទ្យាសាស្ត្រសង្គម។ ចំណែកគន្លងវិជ្ជាជីវៈ នឹងអនុវត្តចាប់ពីថ្នាក់ទី១០ នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសដែលមានស្រាប់ ហើយនឹងពង្រីកទៅគ្រឹះស្ថានសាធារណៈថ្មីៗបន្ថែមទៀតតាមស្ថានភាពជាក់ស្តែង។
ជាមួយគ្នានេះ ក្រសួងនឹងពង្រឹងកម្មវិធីតម្រង់ទិសការសិក្សា និងអាជីព ដើម្បីជួយសិស្សសម្រេចចិត្តជ្រើសរើសគន្លងអប់រំ និងមុខជំនាញសិក្សា ដោយផ្អែកលើឧបនិស្ស័យ ចំណូលចិត្ត សមត្ថភាព បុគ្គលិកលក្ខណៈ និងតម្រូវការទីផ្សារកម្លាំងពលកម្ម។

លោកគ្រូ ឆោម ពិសិដ្ឋ គ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បានប្រាប់ AMS ថា ការជំរុញឱ្យសិស្សជ្រើសរើសគន្លងសិក្សាតាមសមត្ថភាព និងចំណូលចិត្តរបស់ខ្លួន មានសារៈសំខាន់ ព្រោះអាចជួយឱ្យសិស្សផ្តោតលើមុខវិជ្ជាដែលខ្លួនមានសមត្ថភាព និងចំណាប់អារម្មណ៍ខ្ពស់។
លោកគ្រូបន្តថា សិស្សដែលជ្រើសរើសគន្លងវិទ្យាសាស្ត្រ អាចមានឱកាសបង្កើនសមត្ថភាពប្រកួតប្រជែងនៅកម្រិតឧត្តមសិក្សា ពិសេសក្នុងជំនាញដែលត្រូវការចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងអាចបង្កើនឱកាសទទួលបានអាហារូបករណ៍សម្រាប់ការសិក្សាបន្ត។
តាមរយៈការដាក់ចេញនូវគន្លងអប់រំថ្មី និងវិធានការពង្រឹងការអប់រំ STEM ក្រសួងអប់រំមានគោលដៅលើកកម្ពស់គុណភាពអប់រំមធ្យមសិក្សា និងរៀបចំសិស្សឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាពកាន់តែប្រសើរ សម្រាប់ការបន្តការសិក្សា និងការចូលទៅក្នុងទីផ្សារការងារនាពេលអនាគត៕











































































