ខណៈនៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប ២០២៦) នឹងមកដល់ បេក្ខជនកំពុងត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់នៃការសិក្សា និងការជ្រើសរើសជំនាញនៅកម្រិតឧត្តមសិក្សា។ ក្នុងឱកាសនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកជំនាញផ្នែកអប់រំ បានអំពាវនាវឱ្យយុវជនកុំជ្រើសរើសជំនាញតាមមិត្តភក្តិ ឬតាមនិន្នាការ ប៉ុន្តែត្រូវផ្អែកលើចំណាប់អារម្មណ៍ សមត្ថភាព និងតម្រូវការទីផ្សារការងារ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ AMS ថា ការជ្រើសរើសជំនាញ គឺជាការជ្រើសរើសអនាគត ដូច្នេះសិស្សមិនគួរជ្រើសរើសជំនាញតាមគ្នា តាមទម្លាប់ ឬផ្អែកតែលើឈ្មោះសញ្ញាបត្រដែលស្តាប់ទៅមានកិត្យានុភាពនោះទេ។
លោកបានណែនាំឱ្យសិស្សពិចារណាលើកត្តាសំខាន់ៗចំនួន៤ រួមមាន ការស្គាល់ចំណាប់អារម្មណ៍ សមត្ថភាព និងភាពខ្លាំងរបស់ខ្លួន ការស្វែងយល់ពីតម្រូវការទីផ្សារការងារ និងឱកាសការងារនាពេលអនាគត ការជ្រើសរើសគ្រឹះស្ថាន និងកម្មវិធីសិក្សាដែលមានគុណភាព និងផ្តល់ការអនុវត្តជាក់ស្តែង ព្រមទាំងការបន្ថែមជំនាញចាំបាច់ ដូចជា ជំនាញឌីជីថល ភាសាបរទេស ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការរៀនសូត្រពេញមួយជីវិត។
លោក ស៊ុន មេសា បានលើកឡើងថា ជំនាញដែលសិស្សគួរពិចារណា រួមមាន បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) អេឡិចត្រូនិក ស្វ័យប្រវត្តិកម្ម អគ្គិសនី មេកានិក យានយន្ត សំណង់ កែច្នៃចំណីអាហារ និងជំនាញបៃតង ដែលមានតម្រូវការនៅក្នុងទីផ្សារការងារ។

លោកបញ្ជាក់ថា ការសិក្សានៅសាកលវិទ្យាល័យ ឬនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សុទ្ធតែមានតម្លៃ ប្រសិនបើជំនាញដែលសិស្សជ្រើសរើស សមស្របនឹងសមត្ថភាពរបស់ខ្លួន និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
កុំជ្រើសរើសជំនាញតាមគ្នា ត្រូវជ្រើសរើសជំនាញតាមសមត្ថភាពរបស់ខ្លួន និងតម្រូវការទីផ្សារ។ កុំរង់ចាំឱ្យឱកាសមករកយើង តែត្រូវរៀនជំនាញ និងចេញទៅចាប់យកឱកាសដោយខ្លួនឯង
ជាមួយគ្នានេះ អ្នកឧកញ៉ា គួច ម៉េងលី អ្នកជំនាញផ្នែកអប់រំ បានណែនាំដល់យុវជនថា មិនគួរគ្រាន់តែជ្រើសរើសជំនាញសិក្សា ប៉ុន្តែគួរជ្រើសរើសអនាគតរបស់ខ្លួន។ លោកបានអំពាវនាវឱ្យយុវជនកុំជ្រើសរើសជំនាញនៅសាកលវិទ្យាល័យ ដោយសារតែមិត្តភក្តិជ្រើសរើសជំនាញនោះ ឬដោយសារឈ្មោះជំនាញស្តាប់ទៅមានកិត្យានុភាព។
លោកក៏បានណែនាំឱ្យយុវជនសួរខ្លួនឯងថា តើខ្លួនចាប់អារម្មណ៍លើអ្វី ពូកែអ្វី កម្ពុជាត្រូវការអ្វី និងអ្វីដែលនឹងនៅតែមានតម្លៃនាពេលអនាគត មុនពេលសម្រេចចិត្តជ្រើសរើសជំនាញសិក្សា។
ការណែនាំរបស់ក្រសួងការងារ និងអ្នកជំនាញផ្នែកអប់រំ ធ្វើឡើងស្របពេលសិស្សថ្នាក់ទី១២ កំពុងរង់ចាំលទ្ធផលបាក់ឌុប និងត្រៀមសម្រេចចិត្តលើជំហានបន្ទាប់នៃការសិក្សា ដោយលើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញដោយមានការពិចារណាច្បាស់លាស់ ជាជាងធ្វើតាមមិត្តភក្តិ ឬនិន្នាការរបស់សង្គម៕












































































