កូរ៉េខាងត្បូងកំពុងពង្រឹងវិធានការទប់ស្កាត់ការបន្លំក្នុងការប្រឡង បន្ទាប់ពីរកឃើញករណីបេក្ខជនប្រើប្រាស់វ៉ែនតាឆ្លាតវៃដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីទទួលបានជំនួយក្នុងការឆ្លើយសំណួរពេលប្រឡង។
យោងតាម The Korea Herald ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ព្រះរាជអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ក្នុងវ័យជាង ៤០ឆ្នាំ ពីបទរំលោភច្បាប់ស្តីពីគុណវុឌ្ឍិបច្ចេកទេសជាតិ ពាក់ព័ន្ធនឹងការប្រើប្រាស់វ៉ែនតាឆ្លាតវៃ AI ដើម្បីបន្លំក្នុងការប្រឡងវិញ្ញាបនបត្រជាតិ។
ករណីនេះត្រូវបានរាយការណ៍ថា ជាករណីចាត់វិធានការតាមផ្លូវច្បាប់លើកដំបូងរបស់កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងការប្រើប្រាស់វ៉ែនតាប្រភេទនេះក្នុងការប្រឡង។
ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីខែឧសភា ខណៈកំពុងប្រឡងវិញ្ញាបនបត្រជាតិផ្នែកវិស្វកម្មប្រព័ន្ធការពារអគ្គិភ័យ នៅទីក្រុង Gwangju។ ការបន្លំត្រូវបានរកឃើញ បន្ទាប់ពីអ្នកត្រួតពិនិត្យប្រឡងសង្កេតឃើញការឆ្លុះបញ្ចាំងមិនធម្មតានៅលើកញ្ចក់វ៉ែនតារបស់បេក្ខជន។
ក្រោយការស៊ើបអង្កេត បុរសរូបនេះបានសារភាពថា ខ្លួនបានបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិតផ្ទាល់ខ្លួនមួយ ដែលភ្ជាប់ទៅនឹងវ៉ែនតាឆ្លាតវៃ ដើម្បីផ្តល់ចម្លើយជួយខ្លួនក្នុងពេលប្រឡង។
ការប្រើប្រាស់វ៉ែនតាឆ្លាតវៃ AI ដើម្បីបន្លំ ក៏ត្រូវបានរកឃើញនៅក្នុងការប្រឡងភាសាអង់គ្លេស TOEIC ផងដែរ។ អាជ្ញាធរបានរកឃើញករណីចំនួន ២ ក្នុងខែឧសភា និងមួយករណីទៀតក្នុងខែមិថុនា។

មន្ត្រីកំពុងពិចារណាបញ្ចូលវ៉ែនតាឆ្លាតវៃ AI ទៅក្នុងបញ្ជីឧបករណ៍ហាមឃាត់នៅក្នុងបន្ទប់ប្រឡង និងពង្រឹងការដាក់ទណ្ឌកម្មចំពោះបេក្ខជនដែលត្រូវបានរកឃើញថាបានប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីបន្លំ។
ការរីកចម្រើននៃវ៉ែនតាឆ្លាតវៃ AI កំពុងបង្កើតបញ្ហាប្រឈមថ្មីសម្រាប់ស្ថាប័នរៀបចំការប្រឡង ព្រោះឧបករណ៍ទាំងនេះអាចមានទំហំតូច និងមានរូបរាងស្រដៀងវ៉ែនតាធម្មតា ដែលធ្វើឱ្យការរកឃើញការប្រើប្រាស់ដោយខុសច្បាប់កាន់តែពិបាក។
អាជ្ញាធរកូរ៉េខាងត្បូងកំពុងស្វែងរកវិធានការសមស្រប ដើម្បីការពារភាពយុត្តិធម៌ និងភាពជឿទុកចិត្តលើប្រព័ន្ធប្រឡង៕












































































