ម៉ុនតេសូរី (Montessori) ជាវិធីសាស្ត្រអប់រំមួយដែលជួយឱ្យកុមាររីកចម្រើនផ្នែកសិក្សាអារម្មណ៍ និងសង្គមទៅតាមល្បឿនផ្ទាល់ខ្លួនរបស់ពួកគេ ជំរុញឱ្យកុមារមានសេចក្តីស្រឡាញ់ និងបន្តការរៀនសូត្រពេញមួយជីវិត ។ វិធីសាស្ត្រអប់រំម៉ុនតេសូរី បានបង្កើតឡើងដោយអ្នកស្រី Maria Montessori ជាវេជ្ជបណ្ឌិត និងអ្នកអប់រំជនជាតិអ៊ីតាលីមួយរូប ។ បច្ចុប្បន្នវិធីសាស្ត្រអប់រំបែបម៉ុនតេសូរី កំពុងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីស្ថាប័នអប់រំ និងអាណាព្យាបាលជាច្រើននៅកម្រិតអន្តរជាតិ ។
អង្គការស៊ីប៉ា (Sipar) នៅប្រទេសកម្ពុជា បានផលិតក្រុមសៀវភៅម៉ុនតេសូរីឡើង ដើម្បីជាជំនួយដល់កុមារតូចៗ ក្នុងការអភិវឌ្ឍភាសារៀនអក្សរ និងលេខ អភិវឌ្ឍចលនាម្រាមដៃ និងបង្កើនភាពក្លាហាន និងឯករាជ្យភាព ។ អាចនិយាយបានថា ម៉ុនតេសូរី ជាក្រុមសៀវភៅដំបូងសម្រាប់រៀនសរសេរអក្សរ និងលេខ ដែលជួយឱ្យកុមារស្គាល់ ចេះបែងចែក រាប់ចំនួន និងលេងល្បែងកម្សាន្តប្លែកៗ តាមរយៈការផាត់ពណ៌ជាមួយរូបភាពទាក់ទាញ ។

ក្រុមសៀវភៅម៉ុនតេសូរី វាក៏ជាឧបករណ៍សម្រាប់អាណាព្យាបាល និងគ្រូបង្រៀនហ្វឹកហាត់ជាមួយកុមារ និងមើលឃើញការវិវឌ្ឍរបស់ពួកគេ ។ លក្ខណៈពិសេសរបស់ក្រុមសៀវភៅម៉ុនតេសូរី គឺជាសៀវភៅដែលដែលបានបង្កើតឡើងដោយឆ្លងកាត់ការប្រឹក្សាយោបល់ជាមួយគ្រូឯកទេសម៉ុនតេសូរី និងបានធ្វើតេស្តនៅសាលាមត្តេយ្យរដ្ឋនិងឯកជន ហើយផលិតពិសេសសម្រាប់កុមារថ្នាក់មត្តេយ្យឱ្យឆាប់ចេះសរសេរ ។
គួររំលឹកថា អ្នកស្រីវេជ្ជបណ្ឌិត Maria Montessori កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៨៧០ នៅទីក្រុង Chiaravalle នៃប្រទេសអ៊ីតាលី និងជាស្ត្រីវេជ្ជបណ្ឌិតដំបូងគេនៅប្រទេសកំណើតរបស់គាត់ ។ បន្ទាប់មកអ្នកស្រីចាប់អារម្មណ៍លើការអភិវឌ្ឍសមត្ថភាពមនុស្ស ហើយក៏ចាប់ផ្តើមបម្រើការងារនៅគ្លីនិកកុមារដែលមានជំងឺផ្លូវចិត្ត ។ ក្រោយមកអ្នកស្រីបានបង្រៀននិងដឹកនាំកិច្ចការនេះ នៅសាលា Orthophrenic ក្នុងទីក្រុងរ៉ូម ដោយផ្តោតលើការអប់រំចិត្តសាស្ត្រកុមារផ្នែករាងផ្លូវកាយ សុខភាពផ្លូវចិត្ត និងស្វែងយល់ពីអារម្មណ៍ប្រឈមរបស់កុមារ ។

វេជ្ជបណ្ឌិត Maria Montessori បានផ្តោតការសិក្សាកាន់តែស៊ីជម្រៅទៅលើតម្រូវការនៃការផ្លាស់ប្តូរអាកប្បកិរិយារបស់កុមារ និងវិធីសាស្ត្រព្យាបាលអាកប្បកិរិយារបស់កុមារ ។ ជាបន្តបន្ទាប់ទ្រឹស្តីអប់រំ Montessori ក៏បានអភិវឌ្ឍន៍ឡើងដោយវេជ្ជបណ្ឌិត Montessori និងសហការី តាមរយៈការផ្សាភ្ជាប់រវាងគោលគំនិតចិត្តសាស្ត្រអប់រំកុមារ និងជំនាញអប់រំកុមារស្របតាមដំណើរធម្មតានៃការអភិវឌ្ឍន៍របស់ពួកគេ ៕































