ភ្នំពេញ – ក្រោយអវត្តមានអស់រយៈពេល៤ឆ្នាំ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងត្រូវរៀបចំសារជាថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រារព្ធខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាការរំលឹកដល់ភាពរស់រវើក នៃមរតកបេតិកភណ្ឌអរូបីដ៏ផូរផង់របស់ខ្មែរ នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី នៃពិភពលោក។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ប្រធានបទសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ គឺ «ក្តីស្រមៃ និងក្តីសង្ឃឹម» ដែលមានន័យថា ការផ្សារភ្ជាប់នូវក្តីស្រមៃជាមួយក្តីសង្ឃឹម ប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងដំណើរឆ្ពោះទៅកាន់ភាពសុខក្សេមក្សាន្ត មោទកភាពជាតិ ភាពរុងរឿង និងភាពរីកចម្រើន វិបុលភាព និងភាពធន់ នៃប្រជាជាតិកម្ពុជា ជាមួយអរិយធម៌ដែលខ្ពង់ខ្ពស់ឆើតឆាយ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានបទខាងលើ ក៏បានផ្សារភ្ជាប់ជាមួយនឹងគោលគំនិត 3Cs ដែលជាគោលគំនិតឆ្ពោះទៅអនាគតកម្ពុជា នៃការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងភាពជាខ្មែរ និងពោរពេញដោយធម៌។
ក្រៅពីនេះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ក៏នឹងមានការឆ្លុះបញ្ចាំងទៅលើយុទ្ធនាការ Beyond the Games ដែលជាការចូលរួមចំណែកមួយដ៏ធំក្នុងការផ្សព្វផ្សាយឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ នឹងត្រូវរៀបចំធ្វើឡើងប្លែង និងកាន់តែលេចធ្លោ កាន់តែធំជាងបណ្តាឆ្នាំមុនៗ ដោយមានការប្រមូលផ្តុំនូវកម្មវិធី ព្រឹត្តិការណ៍ និងតួអង្គនិមិត្តរូបសំខាន់ៗ (តាមឆ្នាំនីមួយៗនៃអង្គរសង្រ្កាន្ត) ក៏ដូចជាវត្ថុពិសេសៗ (វត្ថុយក្ស) មកជួបជុំគ្នា ដែលឆ្លុះបញ្ចាំងតាមរយៈកម្មវិធីចំនួន ៤៤កម្មវិធី នៅតាមទីតាំង ឬតំបន់ចំនួន៦ផ្សេងគ្នា ។ មួយវិញទៀត នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ក៏គ្រោងនឹងមានការបំបែកឯកត្តកម្មពិភពលោកចំនួន២ផងដែរ។

ឯកឧត្តម សុខ សប្បាយណា
“អង្គរសង្រ្កាន្តមិនមែនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ ហើយក៏មិនត្រឹមតែជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប៉ុន្តែវាជាស្មារតីរួបរួមមួយក្នុងការបង្ហាញនិម្មិត្តរូប នៃភាពរុងរឿង”
សូមជម្រាបដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានរៀបចំឡើងទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាបដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ ក៏ដូចជាចូលរួមថែរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។

ព្រឹត្តិការណ៍នេះ ក៏ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ។
ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តចំនួន៦លើករួចមកហើយ ដោយបានចូលរួមលើកទឹកចិត្ត និងទុកលទ្ធភាពជូនក្រុមគ្រួសារ ស.ស.យ.ក. រាជធានី/ខេត្ត រៀបចំព្រឹត្តិការណ៍សង្រ្កាន្តនៅតាមបណ្តារាជធានី/ខេត្តរបស់ខ្លួន។ មកទល់ពេលនេះ អង្គរសង្រ្កាន្ត មានអត្ថន័យលើសតែពីព្រឹត្តិការណ៍ តែជាអត្តសញ្ញាណ និងស្មារតីនៃមហាក្រុមគ្រួសារខ្មែរ ក្នុងការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការបង្ហាញការស្រឡាញ់ ក៏ដូចជាមោទកភាពចំពោះប្រទេសជាតិទូទាំងប្រទេស និងក្រៅប្រទេស៕































