តើ​សិស្សានុសិស្ស​ត្រូវ​ត្រៀម​ខ្លួន​បែប​ណា​ពេល​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​?

បន្ទាប់​ពី​ដឹង​លទ្ធផល​ប្រឡង​បាក់ឌុប​រួច ក៏​ជា​ពេល​ដែល​ប្អូនៗ​សិស្សានុសិស្ស​ស្វះស្វែង​រក​ជំនាញ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ ឬ​សាលា​បណ្ដុះបណ្ដាល​បច្ចេកទេស ក៏​ដូចជា​ការ​ត្រៀម​ខ្លួន​មក​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ជាដើម។ សម្រាប់​សិស្ស​នៅ​តាម​បណ្ដា​ខេត្ត ការ​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​ទីក្រុង អាច​ជារឿង​ថ្មី​ស្រឡាង​របស់​ពួកគេ ដូច្នេះ​តើ​សិស្សានុសិស្ស​ទាំងនោះ គួរ​ត្រៀម​ខ្លួន​យ៉ាង​ដូចម្ដេច​ខ្លះ?

លោក ជក់ សុភា ​បច្ចុប្បន្ន​ជាគ្រូបង្រៀន​មុខ​វិជ្ជា​អក្សរសាស្រ្តខ្មែរ នៅ​សាលារៀន​ជំនាន់ថ្មី នៃ​វិទ្យាល័យ​ព្រែកលៀប និង​ជា​អតីត​និស្សិត​ជំនាញ​អក្សរសាស្រ្តខ្មែរ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ប្រសាសន៍​ថា ការ​ឡើង​មក​សិក្សា​នៅ​ទីក្រុង ជា​ដំបូង​ត្រូវ​គិត​ពី​ការ​ជ្រើសរើស​ជំនាញ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ប្អូនៗ​សិស្សានុសិស្ស​ត្រូវ​តែ​រៀន​ជំនាញ​ណា​ដែល​ខ្លួន​ចូលចិត្ត និង​ជា​ទេពកោសល្យ​របស់ខ្លួន ទើប​អាច​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ខាងមុខ។ លើស​ពីនេះ ប្អូនៗ​សិស្សានុសិស្ស​កុំរៀន​ជំនាញ​ណា​មួយ​តាម​មិត្តភក្ដិ ឬ​តាម​ចិត្ត​គ្រួសារ ប្រសិន​ជា​ជំនាញ​ដែល​ប្អូនៗ​មិន​ស្រឡាញ់​ចូលចិត្ត អាច​នាំ​ឱ្យ​យើង​ខាត​ពេល។ «ប្អូនៗ​ត្រូវ​សួរខ្លួន​ឯង​មាន​ទេពកោសល្យ​អ្វី និង​ចូលចិត្ត​មុខ​វិជ្ជាអ្វីខ្លះ​កាល​រៀន​នៅ​ថ្នាក់​វិទ្យាល័យ ដើម្បី​ភ្ជាប់​ជា​មួយ​ជំនាញ​រៀន​នៅ​សាកលវិទ្យាល័យ។ ឧទាហរណ៍ ផ្នែក​ច្បាប់ គ្រូបង្រៀន ផ្នែក​រដ្ឋបាល សំណង់​ស៊ីវិល ស្ថាបត្យករ សិល្បៈ បុរាណវិទ្យា​ជាដើម»។

គ្រូបង្រៀន​មុខវិជ្ជា​អក្សរសាស្រ្ត​ខ្មែរ​រូប​នេះ បន្ថែម​ថា ការ​ជ្រើសរើស​មុខជំនាញ ត្រូវ​គិត​ពី​ទីផ្សារ​ការងារ​ផងដែរ ដើម្បី​ដឹង​ច្បាស់​ថា ក្រោយ​រៀន​ចប់​រយៈពេល​៤ឆ្នាំ ជំនាញ​ដែល​យើង​រៀន​នៅ​តែ​មាន​ទីផ្សារ​ការងារ។ លោក ជក់ សុភា បន្ត​ថា ប្អូន​សិស្សានុសិស្ស​ក៏អាច​ជ្រើសរើស​ជំនាញ​ណាមួយ​ដែល​មិន​សូវ​មាន​អ្នក​រៀនច្រើន ទើប​មាន​ឱកាស​ការងារ​ច្រើន ដូចជា ផ្នែក​បច្ចេកទេស ការ​ជួសជុល​យានយន្ត ម៉ាស៊ីនត្រជាក់ ទូទឹកកក​ជាដើម។ បច្ចេកទេស​ទាំង​អស់​នេះ ពិតជា​សំខាន់ ហើយ​កំពុង​មាន​តម្រូវការ​ច្រើន​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ។

លោក ជក់ សុភា ជាគ្រូបង្រៀនមុខវិជ្ជាអក្សរសាស្រ្តខ្មែរ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប

អតីត​និស្សិត​រូប​នេះ លើក​ឡើង​ទៀត​ថា ប្រសិន​បើ​គ្រួសារ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ជំនាញ​ដែល​ប្អូនៗ​សិស្សានុសិស្ស​ចង់រៀន យើង​ក៏​អាច​ស្វែងរក​ការ​ប្រឡង​យក​អាហារូបករណ៍​នៅ​តាម​ក្រសួង ស្ថាប័ន ក៏​ដូចជា​នៅ​តាម​សាកលវិទ្យាល័យ​នានា ដើម្បី​ជួយ​គាំទ្រ​ការ​សិក្សា​រយៈពេល​៤ឆ្នាំ។ លោក ជក់ សុភា បន្ត​ថា សម្រាប់​ការ​ជ្រើស​រើស​សាកលវិទ្យាល័យ​វិញ រឹតតែ​សំខាន់​សម្រាប់​ប្អូនៗ ដើម្បី​ជួយ​ឱ្យ​ការ​សិក្សា​មាន​គុណភាព ដោយ​សារ​មាន​កម្មវិធី​សិក្សា​ស្តង់ដា និង​ឱកាស​អាហារូបករណ៍ ឬ​ការ​ផ្លាស់ប្ដូរ​ការ​សិក្សា​ទៅ​ក្រៅ​ប្រទេស​ជាដើម ។ លើស​ពីនេះ ប្អូនៗ​ត្រូវ​ជ្រើសរើស​សាកលវិទ្យាល័យ​ដែល​មាន​អាយុ​កាល​យូរ​ឆ្នាំ សញ្ញាប័ត្រ​ទទួល​ស្គាល់​ទាំង​ពេល​បច្ចុប្បន្ន និង​នៅ​ពេល​អនាគត ទើប​ធ្វើ​ឱ្យ​តម្លៃ នៃ​ការ​សិក្សា និង​តម្លៃ​សញ្ញាប័ត្រ​មាន​គុណភាព​យូរអង្វែង។

កញ្ញា សេង ធារ៉ា ជា​បុគ្គលិក​ធនាគារ និង​ជា​អតីត​និស្សិត​ដែល​ឡើង​មក​ពី​ខេត្ត​មក​សិក្សា​នៅ​ភ្នំពេញ​បាន​ចែក​រំលែក​បទពិសោធន៍​ថា សម្រាប់​ប្អូនៗ​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​បាក់ឌុប​រួច ពេល​ឡើង​មក​ភ្នំពេញ​ដំបូងៗ​ត្រូវ ស្វែង​រក​កន្លែង​ស្នាក់​នៅ​ជិត​សាកលវិទ្យាល័យ​ដែល​ខ្លួន​បន្ត​ការសិក្សា មាន​សុវត្ថិភាព និង​មាន​កន្លែង​ដាក់ម៉ូតូ ឬកង់។ កញ្ញា សេង ធារ៉ា បន្តថា ការ​ជ្រើសរើស​កន្លែង​ស្នាក់នៅ​ជិត​សាកលវិទ្យាល័យ នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់ប្អូនៗ​ជាសិស្សថ្មី​មិនទាន់​ស្គាល់​ទីតាំង​ភូមិសាស្រ្ត​នៅ​ទីក្រុង​ភ្នំពេញ​ច្បាស់ ងាយ​ស្រួល​ធ្វើដំណើរ និង​មិន​វង្វេងផ្លូវ។

កញ្ញា សេង ធារ៉ា បញ្ជាក់​បន្ថែមថា ពេល​មក​រៀន​នៅ​ទីក្រុងភ្នំពេញ​ ប្អូនៗ​មក​បន្តការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ឆ្នាំទី១ ប្រៀប​ដូចជា​អ្នក​ចំណូលថ្មី​ ងាយ​នឹង​ភ្លើតភ្លើន​ទៅ​នឹង​រឿងថ្មីៗ​មិន​ធ្លាប់​ជួប​ពេល​នៅ​ខេត្ត ដូច្នេះ ពេល​រស់​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​តែ​ចេះ​រៀបចំ​ចំណូល និង​ចំណាយ​របស់​ខ្លួនឯង​ឱ្យ​បាន​ច្បាស់លាស់។ កញ្ញា សេង ធារ៉ា បន្ត​ថា ចំណាយ​ចាំបាច់​សម្រាប់​និស្សិត គឺ​ទៅ​លើ​ការ​ហូបចុក ជា​អាហារ​បី​ពេល ក៏​ដូច​ជា​ការ​ចំណាយ​លើ​សម្ភារៈ​សិក្សា​ជាដើម។ ចំណែក ការ​ទិញ​សម្លៀក​បំពាក់​ថ្មីៗ ទៅ​មើល​កុន ឬ​ទៅដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​ញឹកញាប់ គួរ​កាត់​បន្ថយ​បើ​មិន​ចាំបាច់។ ឧទាហរណ៍​ ឪពុកម្ដាយ​ផ្ញើលុយ​មក​ក្នុងមួយ​ខែ ១០០ដុល្លារ ប្អូនៗ​ត្រូវ​ចេះរៀប​ចំ​គម្រោង​ចំណាយ​ក្នុង​មួយ​ខែៗ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​ខ្វះខាត​ពេលចុងខែ ទម្រាំ​តែ​អ្នកផ្ទះ​ផ្ញើ​មក​បន្ថែម ឬ​រក​ចំណូល​ដោយ​ខ្លួន​ឯង​បាន។

កញ្ញា សេង ធារ៉ា ជាបុគ្គលិកធនាគារ

អតីត​និស្សិត​រូប​នេះ​បន្ថែម​ថា សម្រាប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ នាង​លើក​ទឹកចិត្ត​ឱ្យ​ប្អូន​សិស្សានុសិស្ស​អង្គុយ​នៅ​តុខាង​មុខ ឬយ៉ាង​ច្រើន​ត្រឹម​ជួរទី៣ ឬទី៤ កុំ​អង្គុយ​តុ​ខាង​ក្រោយ​គេ ពីព្រោះ​ការ​អង្គុយ​តុ​ខាង​មុខ នឹង​ជួយ​ឱ្យ​សិស្សានុសិស្ស​ផ្ចង់​អារម្មណ៍​ទៅ​លើការ​ពន្យល់​របស់​លោកគ្រូ អ្នកគ្រូ​បាន​ច្រើន និង​មិន​មាន​សំឡេង​រំខាន​នៅ​ក្នុង​ថ្នាក់។ កញ្ញា ធារ៉ា បន្តថា ប្រសិន​ជាប្អូនៗ​រៀន​មិនយល់ ឬ​មិន​ចេះច្បាស់​ចំណុច​ណាមួយ ត្រូវ​សួរ​សិស្សច្បង​ជំនាន់មុន ចេះ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ជួប​មិត្តភ័ក្ដិ​ដើម្បី​បង្កើត​ជា​ក្លឹប​សិក្សា និង​ចូល​អាន​សៀវភៅ​នៅ​បណ្ណាល័យ ទើប​ធ្វើ​ឱ្យ​ការ​សិក្សា​ទទួល​បាន​លទ្ធផល​ល្អ។

ជាមួយ​គ្នានេះ​ ធារ៉ា ក៏បាន​លើក​ទឹកចិត្ត​សិស្សានុសិស្ស​ទាំងអស់​ដែល​ទើប​នឹង​ឡើង​មករៀន​នៅ​សាកលវិទ្យាល័យ ថែ​រក្សា​សុខភាព​ឱ្យល្អ ខិតខំ​សិក្សា​រៀនសូត្រ​ដើម្បី​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​សិក្សា និង​ទទួល​បាន​ការងារ​ដែល​ប្អូនៗ​ប្រាថ្នា​ចង់​បាន​នា​ពេល​អនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *