ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះតទៅ ការអប់រំ AI គឺជារឿងចាំបាច់សម្រាប់ការអប់រំផ្លូវការ ក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេសចិន។ ក្នុងនោះសិស្សដែលមានអាយុចាប់ពី ៦ឆ្នាំ នឹងត្រូវសិក្សាអំពីរបៀបប្រើ Chatbot, ក្រមសីលធម៌ និងការប្រើប្រាស់ AI ឱ្យបានត្រឹមត្រូវ។
គណៈកម្មការអប់រំក្រុងប៉េកាំងបានប្រកាសថា សាលារៀនត្រូវផ្ដល់ការណែនាំអំពី AI ដល់សិស្ស យ៉ាងហោចណាស់ ៨ម៉ោងក្នុងមួយឆ្នាំសិក្សា។ ការបណ្ដុះបណ្ដាលអំពី AI នេះ អាចបញ្ចូលទៅក្នុងមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន មុខវិជ្ជាវិទ្យាសាស្ត្រ ឬបង្រៀនជាវគ្គដាច់ដោយឡែកតែម្ដង។
គំនិតផ្ដួចផ្ដើមនេះ គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍកម្មវិធីសិក្សា AI រយៈពេលវែង ក្នុងគោលបំណង បង្កើតប្រព័ន្ធបណ្ដុះបណ្ដាល និងលើកកម្ពស់ការអប់រំ AI នៅទូទាំងប្រទេសចិន។
ក្រសួងអប់រំចិន បានកំណត់សាលារៀនចំនួន ១៨៤ ជាសាលារៀនសាកល្បងសម្រាប់ការបណ្ដុះបណ្ដាលកម្មវិធីអប់រំ AI ដែលជាមូលដ្ឋានគ្រឹះ មុននឹងឈានដល់ការដាក់ឱ្យដំណើរការនៅទូទាំងប្រទេស។

រដ្ឋមន្ត្រីក្រសួងអប់រំចិន លោក Huai Jinpen បានចាត់ទុកបច្ចេកវិទ្យា AI ជា គន្លឹះមាស «Golden Key» សម្រាប់អនាគតនៃការអប់រំរបស់ប្រទេសចិន។
បច្ចុប្បន្ន មិនមែនមានតែប្រទេសចិនមួយទេ ដែលសម្រេចដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រព័ន្ធអប់រំ។
នៅដើមខែកញ្ញា ដដែលនេះ ប្រទេសអេស្ដូនី ក៏បានដាក់ដំណើរការ AI Leap 2025 ផងដែរ ដែលអនុញ្ញាតឱ្យសិស្ស ២ម៉ឺននាក់ ដែលកំពុងសិក្សាថ្នាក់ទី១០ ទី១១ និងគ្រូបង្រៀនចំនួន ៣ពាន់នាក់ អាចចូលប្រើប្រាស់បច្ចេកវិទ្យា AI ដោយឥតគិតថ្លៃ ដើម្បីទទួលបានកម្មវិធី និងវគ្គបណ្ដុះបណ្ដាលថ្មីៗ។
ប្រធានាធិបតីអេស្ដូនី លោក Alar Karis បានលើកឡើងថា បញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្ដូរពិភពលោកជាអចិន្ត្រៃយ៍ ហើយដូចគ្នានឹងវិស័យដទៃទៀតដែរ វិស័យអប់រំ ត្រូវតែសម្របទៅនឹងការផ្លាស់ប្ដូរនេះ។

ប្រទេសកាណាដា និងកូរ៉េខាងត្បូង បានដំណើរការសៀវភៅសិក្សាឌីជីថល និងកម្មវិធីជំនួយគ្រូបង្រៀន ដែលដំណើរការដោយ AI ខណៈដែលសាលាឯកជនមួយនៅចក្រភពអង់គ្លេសបានបើកថ្នាក់រៀន «គ្មានគ្រូបង្រៀនជាមនុស្ស» ដែលសិស្សអាចប្រើកាសបំពាក់បច្ចេកវិទ្យា VR និងកម្មវិធី AI ជំនួសឱ្យការបង្រៀនបែបប្រពៃណី។
នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនផ្ដល់សេវាកម្មអប់រំ McGraw Hill បានដំណើរការកម្មវិធី AI Reader and Writing Assistant នៅឆ្នាំ២០២៤ ដោយផ្ដល់ឱ្យសិស្សនូវសៀវភៅឌីជីថល និងមតិកែលម្អ ទាក់ទងនឹងការសរសេរភ្លាមៗ។
ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងនៃបច្ចេកវិទ្យា Deepfake និងការកើនឡើងនូវអត្រាអ្នកប្រើប្រាស់ AI បានបង្កឱ្យមានការជជែកវែកញែកអំពីផលប៉ះពាល់នៃបច្ចេកវិទ្យានេះទៅលើកុមារ។ សមាជិកសភាចិន បានព្រមានពីតម្រូវការនៃការបង្កើតបទបញ្ញាតិតឹងរឹង ដើម្បីទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យា AI មិនត្រឹមត្រូវ។
អង្គការសហប្រជាជាតិ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីតម្រូវការចាំបាច់នៃ ឧបករណ៍ AI ប្រកបដោយបរិយាប័ន្ន គោលការណ៍ណែនាំ ដែលច្បាស់លាស់ និងដំណោះស្រាយ ដែលគិតគូរពីតម្រូវការមនុស្សជាចម្បង ដើម្បីធានាសុវត្ថិភាពរបស់កុមារ និងការគ្រប់គ្រងហានិភ័យដែលអាចកើតមាននាពេលអនាគត៕































