ការបញ្ចុះបញ្ចូលឱ្យកូនតូចៗញ៉ាំបន្លែ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ឪពុកម្តាយ និងអាណាព្យាបាលស្ទើរគ្រប់រូប។ កុមារភាគច្រើនតែងតែរើសចំណី និងចូលចិត្តអាហារផ្អែមៗ ឬអាហារដែលមានពណ៌ស្រទន់ (ដូចជា បាយ នំបុ័ង និងដំឡូងបារាំង) ជាជាងបន្លែបៃតង។
ទោះជាយ៉ាងណា របបអាហារដែលខ្វះបន្លែនិងផ្លែឈើ អាចប៉ះពាល់យ៉ាងខ្លាំងដល់ការលូតលាស់ ការផ្ដោតអារម្មណ៍ ការចងចាំ និងការសិក្សារបស់កុមារ ព្រមទាំងបង្កើនហានិភ័យនៃភាពធាត់ជ្រុលផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្ររបស់សារព័ត៌មាន BBC បានបង្ហាញនូវវិធីសាស្ត្រងាយៗ និងមានប្រសិទ្ធភាពចំនួន ៦ ចំណុច ដែលឪពុកម្តាយអាចយកទៅអនុវត្តបានយ៉ាងងាយ៖
១. ផ្តល់បន្លែឱ្យកូនស្គាល់ឱ្យបានញឹកញាប់ និងចាប់ផ្តើមពីតូច
កុមារត្រូវការពេលវេលាដើម្បីស៊ាំនឹងរសជាតិថ្មីៗ។ ការសិក្សាបង្ហាញថា ក្មេងតូចៗប្រហែលជាត្រូវមើលឃើញ ឬប៉ះពាល់បន្លែដដែលៗពី ៥ ទៅ ១៥ ដង ទើបពួកគេព្រមសាកល្បងញ៉ាំ។ លើសពីនេះ ការបណ្តុះទម្លាប់នេះអាចចាប់ផ្តើមតាំងពីក្នុងផ្ទៃ ដោយសារម្ហូបអាហារដែលម្តាយទទួលទានអំឡុងពេលពពោះ អាចជះឥទ្ធិពលតាមរយៈទឹកភ្លោះ និងជួយកំណត់ចំណង់ចំណូលចិត្តអាហាររបស់កូនតាំងពីមិនទាន់កើតមកម្ល៉េះ។
២. លើកបន្លែឱ្យញ៉ាំមុនគេ នៅលើតុអាហារ
លើកមកពេលក្មេងកំពុងឃ្លាន៖ ការដាក់បន្លែឱ្យកូនញ៉ាំមុនគេនៅពេលពួកគេកំពុងឃ្លាន ធ្វើឱ្យក្មេងញ៉ាំបានច្រើន ដោយសារមិនទាន់មានអាហារផ្សេងមកទាក់ទាញចិត្ត។
កុំនិយាយតែរឿងសុខភាព៖ កុមារមិនសូវចាប់អារម្មណ៍ពាក្យថា «ញ៉ាំទៅល្អចំពោះសុខភាព» នោះទេ តែពួកគេជ្រើសរើសអាហារណាដែលគេប្រាប់ថា «ឆ្ងាញ់»។
លាយបញ្ចូលក្នុងអាហារពេលព្រឹក៖ អ្នកអាចបន្ថែមបន្លែដូចជា ផ្សិត ឬស្ពៃ ទៅក្នុងពងទាជៀន ឬបន្ថែមផ្លែឈើក្នុងនំចំណីពេលព្រឹក។
៣. បង្កើនចំណែកបន្លែក្នុងចានអាហារ

ការបន្ថែមបន្លែ និងផ្លែឈើចំនួន ៥០% លើចានអាហារ ឬការកាត់បន្ថយគ្រឿងផ្សំដែលមានកាឡូរីខ្ពស់ ហើយជំនួសមកវិញដោយបន្លែអម ជួយឱ្យក្មេងញ៉ាំបន្លែបានកាន់តែច្រើន។ ក្រៅពីនេះ ការឈូសបន្លែឱ្យល្អិត (ដូចជាការ៉ុត) លាយបញ្ចូលក្នុងទឹកជ្រលក់ ឬការរៀបចំបន្លែច្រើនប្រភេទក្នុងពេលតែមួយ ក៏ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពផងដែរ។
៤. ផ្លាស់ប្តូររូបរាង និងការរៀបចំម្ហូបឱ្យទាក់ទាញ
កុមារតែងតែសម្រេចចិត្តញ៉ាំដោយប្រើ «ភ្នែក» មើលមុនគេ ដូច្នេះឪពុកម្តាយអាចកាត់បន្លែ ឬផ្លែឈើជារូបផ្កា សត្វខ្លាឃ្មុំ ឬមេអំបៅ ដើម្បីបង្កើតភាពទាក់ទាញ និងចង់ញ៉ាំ។ ជាមួយគ្នានេះ ការដាក់បន្លែក្នុងប្រអប់ ឬចានដែលមានចែកជាប្រឡោះៗដាច់ដោយឡែក ជួយឱ្យកុមារវ័យមុនចូលរៀនញ៉ាំបន្លែបានកើនឡើងរហូតដល់ ៣៦%។
៥. ញ៉ាំអាហារជុំគ្នាជាលក្ខណៈគ្រួសារ
ធ្វើជាគំរូល្អ៖ ក្មេងៗតែងតែសម្លឹងមើល និងធ្វើតាមមនុស្សធំ។ ប្រសិនបើឪពុកម្តាយចូលចិត្តញ៉ាំបន្លែ និងផ្លែឈើ កូនៗនឹងរៀនញ៉ាំតាមដោយស្វ័យប្រវត្តិ។
ញ៉ាំជុំគ្នាយ៉ាងតិច ៣ ដងក្នុងមួយសប្តាហ៍៖ ជួយឱ្យកុមារមានទម្លាប់ហូបចុកត្រឹមត្រូវ មានទម្ងន់សមស្របតាមស្តង់ដារ និងកាត់បន្ថយការញ៉ាំភេសជ្ជៈផ្អែមៗដែលប៉ះពាល់ដល់សុខភាព។
៦. បង្កើតបរិយាកាសសប្បាយរីករាយ និងដាច់ខាតកុំបង្ខំ

កុំបង្ខំ ឬយករង្វាន់មកទាក់ទាញ៖ ការបង្ខិតបង្ខំនឹងធ្វើឱ្យក្មេងកាន់តែស្អប់បន្លែនោះ រីឯការយកនំផ្អែមៗ ឬអាហារមានជាតិខ្លាញ់មកធ្វើជារង្វាន់ នឹងធ្វើឱ្យក្មេងកាន់តែចង់ញ៉ាំអាហារមិនល្អទាំងនោះទៅវិញ។
លេង និងស្គាល់បន្លែ ៖ អនុញ្ញាតឱ្យក្មេងបានចូលរួមជួយរៀបចំម្ហូប ប៉ះ ហិត និងសង្កេតមើលបន្លែជិតៗដោយមិនបាច់បង្ខំឱ្យពួកគេភ្លក់ភ្លាមៗនោះទេ។ ការធ្វើបែបនេះ នឹងកាត់បន្ថយការភ័យខ្លាចចំពោះអាហារថ្មីៗ និងជំរុញឱ្យពួកគេចង់សាកល្បងញ៉ាំដោយខ្លួនឯង៕












































































