ក្រោយការធ្វើបទបង្ហាញយ៉ាងស្វិតស្វាញអំពីគម្រោងអាជីវកម្មរបស់បេក្ខនិស្សិតចំនួន២១ក្រុម ទីបំផុតទៅក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខនិស្សិត១០ក្រុមចុងក្រោយ ដែលពួកគេនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតកម្មវិធីយុវជន២១ នាខែតុលាខាងមុខ។
បេក្ខនិស្សិត១០ក្រុម ដែលបានជាប់ក្នុងវគ្គជម្រុះ “នៃកម្មវិធី “យុវជន២១ (Youth21)” ក្រោមប្រធានបទ “Technopreneurship: Innovation for Sustainability” រួមមាន ទី១. សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គម្រោងអាជីវកម្ម ៖ យល់ចិត្ត២១, ទី២. សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ខេត្តព្រៃវែង គម្រោងអាជីវកម្ម៖ Banana Eco-Friendly, ទី៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង គម្រោងអាជីវកម្ម៖ ត្រជាក់-Trojeak, ទី៤. បណ្ឌិតសភាបច្ចេកវិទ្យា គម្រោងអាជីវកម្ម៖ GreenLink, ទី៥. សាកលវិទ្យាល័យក្រចេះ គម្រោងអាជីវកម្ម៖ សេវាផ្គត់ផ្គង់ទូរសម្ងួតឆ្លាតវៃ, ទី៦. វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម គម្រោងអាជីវកម្ម៖ មាតា-MEADA, ទី៧. សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គម្រោងអាជីវកម្ម៖ ALFA: drink smart,live green, ទី៨. សាកលវិទ្យាល័យស្វាយរៀង គម្រោងអាជីវកម្ម៖ SRU-សម្ងួត, ទី៩. សាកលវិទ្យាល័យកម្ពុជា គម្រោងអាជីវកម្ម៖ ហាត់ប្រាណ និង ទី១០. សាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងអាជីវកម្ម៖ អេកូសំរាម។
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីយុវជន២១ ត្រូវបានរៀបចំឡើងដោយមានទាំងការបណ្ដុះបណ្ដាល ការប្រកួតប្រជែង ការចុះកម្មសិក្សាជាក់ស្ដែងក្នុងកិច្ចការសហគ្រិនភាព និងធុរកិច្ចបែបឌីជីថល ដើម្បីធានាថា ប្អូនៗយុវជនអាចទទួលបានចំណេះ ជំនាញ បទពិសោធន៍ សម្រាប់ទុកជាមេរៀន និងជាដំណោះស្រាយទៅថ្ងៃអនាគត។
ឯកឧត្តម សេរី ជំនះ បញ្ជាក់ថា ការបង្កើតអាជីវកម្មជារឿងងាយស្រួលទេ ប៉ុន្តែអ្វីដែលពិបាក គឺត្រូវធ្វើយ៉ាងណាដើម្បីឱ្យដើរទៅមុខបាន និងអាចទទួលបានជោគជ័យ។ ឯកឧត្តមបន្តថា កម្មវិធីយុវជន២១ នឹងផ្ដល់នូវចំណេះដឹងសម្រាប់ត្រៀមលក្ខណៈឱ្យយុវជនចេះរៀបចំផែនការអាជីវកម្ម ការគិតគូរត្រៀមអំពីហានិភ័យក្នុងអាជីវកម្មជាដើម, ទន្ទឹមគ្នានេះ ក្រុមបេក្ខជនត្រូវយកចិត្តទុកដាក់ផ្ដួចផ្ដើមផែនការអាជីវកម្ម ដែលចូលរួមចំណែកដោះស្រាយបញ្ហាសហគមន៍ និងសង្គមជាតិផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់ប្អូនៗជាបេក្ខជនដែលបានខិតខំតស៊ូ អត់ធ្មត់ ព្យាយាមរហូតមកដល់ដំណាក់កាលនេះ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងបន្តទៀត ក្រេបជញ្ជក់យកចំណេះដឹង និងទទួលយកបទពិសោធន៍ផ្សេងៗដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរីកចម្រើនក្នុងបរិបទឌីជីថល។ លើសពីនេះ សូមមានឥរិយាបទល្អ ក្នុងការប្រកួតប្រជែង ក៏ដូចជាការរស់នៅ ការប្រកបអាជីវកម្ម និងការទំនាក់ទំនងក្នុងសង្គម។ ជាពិសេស ខិតខំប្រឹងប្រែងធ្វើការងារជាក្រុមឱ្យបានល្អ ត្រូវរក្សាការសាមគ្គីភាពផ្ទៃក្នុង និងស្មារតីការងារជាក្រុម។ ឯកឧត្តមក៏លើកទឹកចិត្តប្អូនៗជាយុវជនឱ្យចូលរួមកម្មវិធីប្រកួតប្រជែងផ្សេងៗបន្ថែមទៀតទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។
គួរជំរាបជូនថា កម្មវិធី “យុវជន២១ (Youth21)” ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងប្រែក្លាយយុវជនកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងបំណិនបែបឌីជីថល អាចប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហា តាមរយ:ការរៀបចំផែនការអាជីវកម្មបែបឌីជីថល ដែលយុវជនត្រូវចូលរួមវគ្គបណ្តុះបណ្តាល ការប្រកួតជម្រុះ និងការប្រកួតដណ្តើមជ័យលាភីសម្រាប់ឆ្នាំ២០២៥។ កម្មវិធីយុវជន២១ ឆ្នាំ២០២៥ មានគ្រូដឹកនាំ និងបេក្ខនិស្សិតចំនួន ២១ក្រុម សរុប១៤៧នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចូលរួមប្រកួតប្រជែង៕


































