ស្ទឹងត្រែង – អង្គការភ្លែនអន្តរជាតិកម្ពុជាគាំទ្រដល់សិស្សានុសិស្សឱ្យបន្តការសិក្សានៅអនុវិទ្យាល័យ និងបញ្ចប់ការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ ដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់រាជរដ្ឋាភិបាលកម្ពុជា ។ នេះបើតាមការលើកឡើងរបស់ លោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងឱកាសសម្ភោធសាលាមធ្យមសិក្សាបឋមភូមិថ្មីនៅតំបន់ដាច់ស្រយាល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ។

លោក យី គីមថាន បន្ថែមទៀតថា អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបន្តវិនិយោគលើវិស័យអប់រំ ដោយឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ក្មេងស្រី និងក្មេងប្រុស និងកុមារដែលជួបការលំបាកនៅតំបន់ដាច់ស្រយាល ។ អង្គការភ្លែនមានមហិច្ឆតាផ្តល់ប្រយោជន៍ដល់ក្មេងស្រីនិងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅកម្ពុជា ឱ្យសម្រេចបានបំណងផ្សេងៗ ។
ទន្ទឹមគ្នានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានស្នើឱ្យអង្គការភ្លែនអន្តរជាតិកម្ពុជាជួយសាងសង់អនុវិទ្យាល័យថ្មីមួយនៅស្រុកថាឡាបរិវ៉ាត់ ដែលសិស្សបឋមសិក្សាភាគច្រើនមិនអាចចូលរៀននៅថ្នាក់អនុវិទ្យាល័យ។ លោកថា ការគាំទ្រនេះនឹងជួយបង្កើនអត្រាបន្តការសិក្សាពីបឋមសិក្សាទៅអនុវិទ្យាល័យ ជាពិសេសកុមារីនិងកុមារដែលជួបការលំបាកនៅតំបន់ដាច់ស្រយាលនៃខេត្តស្ទឹងត្រែង ។

យោងតាមប្រព័ន្ធគ្រប់គ្រងនិងព័ត៌មានអប់រំ EMIS ២០១៨-២០១៩ បានបង្ហាញថា ការអប់រំមធ្យមសិក្សាបឋមភូមិក្នុងខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងស្ថានភាពត្រូវធ្វើឱ្យប្រសើរឡើង បើប្រៀបធៀបទៅនឹងទិន្នន័យថ្នាក់ជាតិ ។ អត្រាបន្តការសិក្សាពីបឋមសិក្សាទៅអនុវិទ្យាល័យ មាន ៧៩.២% (ក្មេងស្រី ៨១.៦%) ធៀបនឹងអត្រាថ្នាក់ជាតិ ៨៤.៣% (៨៨.៥%) ខណៈអត្រាឡើងថ្នាក់ ៧៩.៤% (ក្មេងស្រី ៧៨.៩%) ធៀបនឹងអត្រា ៨១.៤% (៨២.៩%) នៅថ្នាក់ជាតិ ។
សូមជម្រាបថា កាលពីខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា បានអនុវត្តយុទ្ធសាស្រ្តប្រចាំប្រទេសរយៈពេល ៥ឆ្នាំទៅមុខទៀតដោយមានកម្មវិធីជាយុទ្ធសាស្ត្រចំនួន ៤រួមមាន ទី១. ការចាប់ផ្តើមជាមួយសុខភាពល្អ ទី២. កិច្ចការពារជំនាន់ថ្មី ទី៣. ការរៀនមួយជីវិតដោយផ្តោតលើ IQE និងទី៤. ភាពដឹកនាំរបស់ក្មេងស្រី ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។