«នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់គ្នា និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស មុននឹងធ្វើដំណើរទៅកាន់ទីជិត ទីឆ្ងាយ នៅក្នុងផ្ទះរបស់បងប្អូន សូមពិនិត្យឱ្យបានម៉ត់ចត់រាល់ឧបករណ៍ណា អាចបង្កគ្រោះអគ្គីភ័យ ព្រោះនេះគឺជាវិធានការបង្ការដ៏មានប្រសិទ្ធិភាព» ។ នេះគឺជាការលើកឡើងរបស់ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយកការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យខាងលើបញ្ជាក់ថា នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យភ្ជុំធំនៅក្នុងរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ភាគច្រើន គឺជាបញ្ហាកកស្ទះចរាចរណ៍ ដោយថ្ងៃចាប់ផ្ដើមពិធីបុណ្យ គឺ បងប្អូនប្រជាពលរដ្ឋតែងតែធ្វើដំណើរទៅស្រុកកំណើត ធ្វើដំណើរទៅទីវត្តអារាម និងរមណីយដ្ឋានផ្សេងៗនៅតាមបណ្ដាខេត្ត។ ពួកគាត់សម្រុកចេញទៅខាងក្រៅរាជធានីភ្នំពេញ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ ហើយក្រោយពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃដែលពួកគាត់សម្រុកចូលរាជធានីភ្នំពេញវិញ គឺកកស្ទះម្ដងទៀត។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា ខណៈថ្ងៃភ្ជុំធំ ប្រជាពលរដ្ឋមានការធ្វើដំណើរច្រើន បញ្ហាកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យតែងតែកើតមានជាញឹកញាប់។ ចំពោះ មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ លោកវរសេនីយ៍ឯក ឱ្យដឹងថា គឺបណ្ដាលមកពីកត្តាប្រជាពលរដ្ឋខ្លួនឯងជាចម្បង។ ហេតុនេះលោកអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវថ្នល់ដោយយកចិត្តទុកដាក់ ហើយខណៈពេលធ្វើដំណើរ សូមមានការយោគយល់ អធ្យាស្រ័យគ្នាឱ្យបានច្រើនតាមលទ្ធភាព។ ជាពិសេស បើកបរដោយគោរពទៅតាមផ្លាកសញ្ញា គោរពទៅតាមភ្លើងសញ្ញា គោរពទៅតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍តាមដងផ្លូវ ទើបអាចបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍បាន ខណៈ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានរៀបចំផែនការ និងទិសដៅការងារច្បាស់លាស់ ក្នុងការអនុវត្តភារកិច្ចនេះ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នឹងមានការដាក់ពង្រាយកម្លាំងទៅតាមគោលដៅផ្លូវជាតិទាំង ៦ ដោយច្រកចេញចូលក្នុងរាជធានីភ្នំពេញទាំង ៦ផ្លូវជាតិនេះ គឺនឹងដាក់កម្លាំង ដើម្បីដោះស្រាយការកកស្ទះ និងជួយសម្រួលការពារចរាចរណ៍ សណ្ដាប់ធ្នាប់ និងកន្លែងសំខាន់ៗ ដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

សម្រាប់ បញ្ហាអគ្គិភ័យ ស្នងការនគរបាលរាជធានីភ្នំពេញតែងតែមានការត្រៀមរថយន្តពន្លត់អគ្គីភ័យជាប្រចាំ ដោយសម្រាប់ផែនការការពារ នឹងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ២២គ្រឿង ព្រមទាំងបានបម្រុងទុកទៅតាមខណ្ឌមួយចំនួនសម្រាប់ការពន្លត់អគ្គីភ័យនេះផងដែរ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ក៏បានផ្ដល់ជូននូវលេខទូរស័ព្ទ Hotline ២៤ម៉ោងលើ២៤ម៉ោង ចំនួនបីខ្សែ ដើម្បីទំនាក់ទំនង នៅពេលដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញត្រូវការជំនួយបន្ទាន់ពីកងកម្លាំងសមត្ថកិច្ច ដូចជា ០១២ ៩៩៩ ៩៩៩, ០១១ ៥៩៧ ៦ ៥៦, ០៩៧ ៧៧៨ ០០០២៕































