វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ​រយៈពេល​២ឆ្នាំ ជូន​ដល់កូនៗ​វីរៈកង​ទ័ព ដែល​បាន​ពលីជីវិត​ដើម្បី​បុព្វហេតុ​ការពារជាតិមាតុភូមិ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ ទៅ​កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (សិក្សា​រយៈពេល២ឆ្នាំ)។

ជំនាញដែលត្រូវផ្តល់ជូន​រួមមាន ៖ អ្នក​បច្ចេកទេស​ដំឡើងរថយន្ត (Assembly Technician) ២០កន្លែង, អ្នក​បច្ចេកទេសថែទាំ និង​ជួសជុលរថយន្តទំនើប និង​រថយន្តអគ្គិសនី ២០កន្លែង, អ្នក​បច្ចេកទេស​ដំឡើង​មេកានិក (Mechanical Installation Techniciam) ២០កន្លែង, ដំឡើង និង​ថែទាំ​ជណ្តើរ​យន្ត (Sophisticated Elevator and Lift installation and Mainternances) ២០កន្លែង និង បច្ចេកវិទ្យា​ប្រព័ន្ធបរិក្ខា​ត្រជាក់ និង​កំដៅ ២០កន្លែង។

លក្ខខណ្ឌ នៃការជ្រើសរើស ៖ មានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញា​បត្រ​សមមូល ឬត្រូវ​រៀន​ចប់​មធ្យមសិក្សា​ទុតិយភូមិ (ប្រឡង​ធ្លាក់ថ្នាក់ទី១២) ឬវិញ្ញាបនបត្រ​បញ្ចប់ការ​សិក្សា​ថ្នាក់ទី១២។

កាលបរិច្ចេទទទួលពាក្យ និង​ទីកន្លែង​ទទួលពាក្យ ៖ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ រហូត​ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យ​អប់រំបណ្តុះបណ្តាល ឬនៅ​បញ្ជរ​ច្រកចូល​ខាងមុខ របស់វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ដែលមានទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ច្រកចូល​ខាងកើត​ជាប់របង​វត្តទឹកថ្លា)។

សំណុំលិខិតត្រូវ​បំពេញ ៖ បេក្ខជនត្រូវភ្ជាប់​ជាមួយ​ឯកសារ​មួយ​ចំនួន​ដូចជា សាលាកប័ត្រ​ឯកត្តជនមានបិទរូបថត ២ច្បាប់, ពាក្យ​សុំចុះឈ្មោះចូលរៀន ១ច្បាប់, ប្រវត្តិរូបសង្ខេប​មានបិទរូបថត ១ច្បាប់, កិច្ចសន្យា (ត្រូវ​មានការយល់ព្រមពី​អាណាព្យាបាល) ១ច្បាប់, វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សា​ថ្នាក់ទី១២ ដែលចេញ​ដោយ​មន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ដែល​កំពុងសិក្សា (ចំពោះអ្នក​ប្រឡង​ធ្លាក់ថ្នាក់ទី១២) ឬលិខិត​បញ្ជាក់​មានតម្លៃ​សមមូល (២ច្បាប់), សៀវភៅគ្រួសារថតចម្លង ១ច្បាប់, អត្តសញ្ញាណប័ណ្ណថតចម្លង ១ច្បាប់ និង​រូបថតថ្មីផ្ទៃក្រោយ​ពណ៌ខៀវ ទំហំ ៤x៦ និង ៣x៤ ចំនួន ៤សន្លឹក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​តាមទូរស័ព្ទលេខ ០៩២ ៩៩៨ ២៧០ ឬ ០៧០ ៧១៩ ៦០០៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *