ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងធ្វើអនុវត្តកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA-2025) ក្នុងអំឡុងពេលឆាប់ៗនេះ ដែលលទ្ធផលនៃកម្មវិធីតេស្ត PISA នេះ នឹងក្លាយជារង្វាស់មួយដ៏សំខាន់ សម្រាប់វាស់វែងវឌ្ឍនភាពនៃប្រព័ន្ធអប់រំទាំងមូលធៀបនឹងស្តង់ដាអន្តរជាតិ ជាពិសេសឆ្លើយតបនឹងបរិវត្តកម្មសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល ដែលទាមទារការផ្តោតលើការកសាងមូលធនមនុស្សដែលមានសមត្ថភាពសកល។
ក្នុងពិធីបើកសិក្ខាសាលាស្តីពីការណែនាំបច្ចេកទេសអនុវត្តកម្មវិធីអន្តរជាតិរង្វាយតម្លៃការសិក្សារបស់សិស្ស ឆ្នាំ២០២៥ (PISA-2025) កាលពីថ្ងៃទី១៨ មិថុនា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអនុវត្តកម្មវិធី PISA មានគោលបំណងធំៗចំនួន រួមមាន ៖ ១). វាស់ស្ទង់សមត្ថភាពរបស់សិស្សកម្ពុជា អាយុ១៥ឆ្នាំនៅកម្រិតមធ្យមសិក្សាទាំងចំណេះដឹង និងបំណិន លើផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ស្របតាមកម្រិតសមត្ថភាពសកល ដែលលទ្ធផលអាចប្រៀបធៀបបានជាមួយនឹងប្រទេសទូទាំងពិភពលោក, ២). សិក្សាអំពីស្ថានភាពសិស្សអាយុ១៥ឆ្នាំ កត្តាសង្គម-សេដ្ឋកិច្ច កត្តាគ្រួសារ កត្តាគ្រូបង្រៀន កត្តាសាលារៀន និងសហគមន៍ក្នុងបរិបទកម្ពុជា ពោលគឺជាការវាយតម្លៃលើស្ថានភាព នៃប្រព័ន្ធអប់រំកម្ពុជាទាំងមូល, ៣). កំណត់បាននូវកិច្ចអន្តរាគមន៍គោលនយោបាយ និងវិធានការពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពនៃប្រព័ន្ធអប់រំកម្ពុជានៅកម្រិតមធ្យមសិក្សា និង ៤). ផ្តល់ជាភស្តុតាង និងទិន្នន័យអំពីកម្រិតសមត្ថភាពសិស្សអាយុ១៥ឆ្នាំ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ឆ្លើយតបនឹងសូចនាករគុណភាពអប់រំ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ក្រសួងបានជ្រើសរើសយកសូចនាករគន្លឹះចំនួនបី ដើម្បីវាស់វែងសមិទ្ធកម្មអប់រំនៅក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន ៖ ១) លទ្ធផលនៃកម្មវិធីអន្តរជាតិ ស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) ផ្តោតលើពិន្ទុជាមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត, ២) អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ និង ៣) អត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបង្ហាញពីកត្តាសំខាន់ៗមួយចំនួនដែលមានឥទ្ធិពលលើវិស័យអប់រំ និងតេស្ត (PISA) រួមមាន៖
ទី១. កត្តាសិស្ស ៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ដែលទាមទារការយកចិត្តទុកដាក់អំពីការលូតលាស់របស់កូនពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកអាណាព្យាបាល តាំងពីវ័យកុមារ (១០០០ថ្ងៃដំបូង) ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ដើម្បីឱ្យពួកគេត្រៀមខ្លួនរួចរាល់សម្រាប់ថ្នាក់បឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។
ទី២. កត្តាសាលារៀន ៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៣. កត្តាគ្រូបង្រៀន ៖ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀន ឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ និងបន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន លើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។
ទី៤. កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល ៖ ត្រូវចូលរួមជំរុញកូនឱ្យទៅសិក្សា និងប្រឹងប្រែងរៀនសូត្រ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ផងដែរ។
ទី៥. កត្តាគោលនយោបាយប្រព័ន្ធអប់រំ ៖ ត្រូវបន្តពង្រឹងគោលនយោបាយអប់រំដោយផ្តោតលើការអប់រំបែបឌីជីថល ការអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ អនុវត្តកញ្ចប់អំណានដំបូង និងគណិតដំបូងឱ្យបានពេញលេញ ពង្រឹងបំណិនសតវត្សរ៍ទី២១ ក៏ដូចជាការគិតបែបត្រិះរិះពិចារណាជាដើម។
គួរជំរាបជូនថា ប្រទេសកម្ពុជាបានចូលរួមអនុវត្តលើកដំបូង នៃកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឆ្នាំ២០២២ ក្នុងនោះ លទ្ធផលគណិត សិស្សកម្ពុជាទទួលបានពិន្ទុមធ្យម ៣៣៦ កើនឡើង១១% ប្រៀបធៀប នឹងពិន្ទុ PISA-D ប៉ុន្តែពិន្ទុមធ្យមភាគរបស់កម្ពុជា នៅទាបជាង OECD មានពិន្ទុមធ្យម ៤៧២ និងប្រទេសអាស៊ានមានពិន្ទុមធ្យម ៤១៨ ។ ចំណែកលទ្ធផលវិទ្យាសាស្រ្ត សិស្សកម្ពុជាទទួលបានពិន្ទុជាមធ្យម ៣៤៧ កើន ១៧ពិន្ទុ ប៉ុន្តែពិន្ទុមធ្យមនៅទាបជាង OECD ៤៨៥ និងអាស៊ាន ៤២៤៕































